ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រសួងបាននិងកំពុងសិក្សាលើប្លង់ និងតម្រាយផ្លូវក្រវាត់ក្រុងទី៣ បែកខាងកើត ដែលអាចនឹងតភ្ជាប់ពីតំបន់ស្រុកល្វាឯម ឆ្លងកាត់កោះដាច់ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ហើយ។
លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ផែនការផ្លូវក្រវាត់ក្រុងទី ៣បែកខាងកើតនេះ គឺការបំពេញបន្ថែមលើផ្លូវក្រវាត់ក្រុងទី៣ ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ន ទិសដៅដើម្បីបង្កើតជាក្រវាត់ក្រុងពេញរង្វង់។
លោកបន្តថា “ក្រសួងកំពុងស្ថិតក្នុងការសិក្សា និងកំពុងតែគូសប្លង់តម្រាយផ្លូវ ប៉ុន្តែមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយថា ផ្លូវនឹងត្រូវឆ្លងកាត់ទីតាំងណាខ្លះនៅឡើយទេ”។
លោកបន្តថា ធម្មតា វាមាន Alignment (តម្រាយផ្លូវ) របស់វា។ គម្រោងផ្លូវក្រវាត់ក្រុងទី៣ ខាងកើតនេះ វាអាចនឹងឆ្លងកោះដាច់ កោះអន្លង់ចិន រួចត្រូវឡើងទៅផ្លូវជាតិលេខ៦ ប៉ុន្តែយើងមិនទាន់កំណត់ជាក់ច្បាស់ទេ ព្រោះក្រសួងកំពុងធ្វើតម្រាយប្លង់ផ្លូវ២ ទៅ៣ជម្រើស សម្រាប់ទីតាំងដែលផ្លូវនេះត្រូវឆ្លងកាត់។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងកាលពីខែ សីហា កន្លងមកនេះថា រដ្ឋាភិបាលនឹងផ្ដោតលលើផ្លូវក្រវាត់ក្រុងទី៣ ប៉ែកខាងកើតជាមុនសិន ដោយគំរោងនេះនឹងសាងសង់ស្ពានតភ្ជាប់រវាងតំបន់ក្តីតាកុយ ឆ្ពោះទៅតំបន់អរិយក្សត្រ និងស្ពានចេញពីកោះដាច់ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៤អា មុនពេលគិតគូពីការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤៕