ដោយៈ សុធារី
ភ្នំពេញៈ ក្រុមហ៊ុន Urbanland ទទួលបានពានរង្វាន់សរុប៧ ដែលក្នុងនោះរួមមានពានរង្វាន់ធំជាងគេគឺពានរង្វាន់ Best Developer សម្រាប់គម្រោងអភិវឌ្ឍន៍បុរីដំបូងគេបង្អស់របស់ខ្លួនគឺ គម្រោងបុរី ចន្ទគីរី នៅក្នុងកម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ២០២១។
ក្រុមហ៊ុន Urbanland ជាក្រុមហ៊ុនដែលទទួលបានពានរង្វាន់ ច្រើនជាងគេប្រចាំកម្មវិធីពានរង្វាន់អចលនទ្រព្យឆ្នាំនេះ ដូចជា Best Developer ដែលជាពានរង្វាន់ធំជាងគេប្រចាំកម្មវិធី ពានរង្វាន់ Best Housing Development (Cambodia) ពានរង្វាន់ Best Housing Development (Phnom Penh) ពានរង្វាន់ Best Housing Architectural Design ពានរង្វាន់ Best Housing Landscape Architectural Design ពានរង្វាន់ Special Recognition in ESG (CSR) ពានរង្វាន់ Special Recognition in Sustainable Design and Construction។
លោក កាំង ហុកស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុននេះមានប្រសាសន៍ថា “វាពិតជាសំណាងរបស់ខ្ញុំ ដែលខ្ញុំអាចអភិវឌ្ឍគម្រោងក្នុងក្តីស្រមៃនេះឡើងបាន ជាពិសេសខ្ញុំអាចធ្វើការ ជាមួយក្រុមការងារមួយក្រុមដែលមានឆន្ទៈ និងទេពកោសល្យខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជាលើគម្រោងនេះ”។
លោកបន្តថា “សមិទ្ធផលទាំងអស់អាចកើតឡើងទៅបាន ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមការងារយើង ក្នុងការរៀបចំផែនការ រចនា និងសាងសង់បុរីចន្ទគីរី ទៅតាមទស្សន: វិស័យដែលពួកយើងបានកំណត់កន្លងមក”។
លោកបន្ថែមថា “យើងកំពុងដើរលើមាគ៌ាដែលត្រឹមត្រូវមួយ និងគួរឲ្យរំភើបមួយ គឺការរចនា និងសាងសង់គេហដ្ឋាន សម្រាប់ការរស់នៅកាន់តែប្រសើរជាងមុនសម្រាប់យើងម្នាក់ៗ”។
កម្មវិធី PropertyGuru Cambodia Property Awards លើកទី៦ នេះគឺជាពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាព និងមានប្រកួតប្រជែងបំផុត សម្រាប់ក្រុមហ៊ុនអចលនទ្រព្យទាំងអស់នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ គឺជាផ្នែកមួយនៃកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ដែលចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ២០០៥៕