ស្ថាប័នហិរញ្ញវត្ថុធំពីរនៅកម្ពុជារួមគ្នាក្នុងការស្ដារអាជីវកម្មនានាឡើងវិញក្រោយវិបត្តិកូវីដ១៩

ដោយៈលក្ខិណា

ភ្នំពេញៈ ដើម្បីស្ដារអាជីវកម្មនានា ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ឡើងវិញស្ថាប័នហិរញ្ញវត្ថុចំនួនពីរ រួមមាន ធនាគារវីង និងសាជីវកម្មធានាឥណទានកម្ពុជា បានដាក់ដំណើរការនូវកិច្ចព្រមព្រៀងធានាឥណទាន លើការផ្ដល់ប្រាក់កម្ចីដល់ប្រតិបត្តិករអាជីវកម្មនៅកម្ពុជា ឱ្យទទួលបានប្រាក់កម្ចីធ្វើអាជីវកម្ម។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ស្ថាប័នទាំងពីរ នៅថ្ងៃទី១៥ វិច្ឆិកា២០២១ឱ្យដឹងថា ភាពជាដៃគូនេះនឹងបញ្ចូលធនាគារវីង ក្នុងគម្រោងធានាឥណទាននៃសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជួយដល់អាជីវកម្មនានា ដែលរងផលប៉ះពាល់ខណៈមានជំងឺរាតត្បាតកូវីដ១៩ រួមមាន អាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រាសខ្នាតធំ ក្នុងការសម្រួលដល់ការទទួល បានហិរញ្ញប្បទាន ពី សម្រាប់ការកៀរគរទុនបង្វិលវិនិយោគនិងការពង្រីក អាជីវកម្មជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ លោក ហាន ប៉េងក្វាង អគ្គនាយក នៃធនាគារវីងបានមានប្រសាសន៍ថា ឥឡូវនេះយើងអាចបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់យើង ដល់ម្ចាស់អាជីវកម្មកាន់តែច្រើនជាងមុន តាមរយៈការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា ។ យើងបានបង្កើតផលិតផល និងសេវាកម្មហិរញ្ញវត្ថុយ៉ាងយ៉ាងសម្បូរបែប ដើម្បីជួយម្ចាស់អាជីវកម្មនានានៅកម្ពុជា។

លោកបន្តថា “ភាពជាដៃគូនៅថ្ងៃនេះ នឹងក្លាយជាកត្តាជំរុញមួយទៀតជួយឱ្យយើងខិតកាន់តែជិតដល់មា្ចស់អាជីវកម្មទាំងនោះ”។លោកបន្តថា “សាជីវកម្មធានាឥណទានកម្ពុជា នឹងគាំទ្រធនាគារវីង ក្នុងការធានាប្រាក់កម្ចីដល់ម្ចាស់អាជីវកម្ម ដែលត្រូវបានចាត់ទុកថាមានលទ្ធភាពសង ប៉ុន្តែខ្វះខាតនូវទ្រព្យបញ្ចាំ ដោយផ្តល់នូវការធានាឥណទាន ដែលជាការពារបន្ថែមមួយទៀត ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំ ពីអាជីវកម្មដែលស្នើកម្ចី”។

ជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូនេះ ធនាគារវីង នឹងក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយ ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ២០ របស់ ស.ធ.ក. ក្នុងការផ្តល់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព ដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំសម្រាប់ជាទុនបង្វិល និងការពង្រីកអាជីវកម្មរបស់ពួកគេ។

លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា បានមានប្រសាសន៍ថា ភាពជាដៃគូរបស់យើងជាមួយធនាគារវីង គឺជាយុទ្ធសាស្រ្តមួយសម្រាប់ ស.ធ.ក ក្នុងការប្រើប្រាស់បណ្តាញគ្របដណ្តប់យ៉ាងទូលំទូលាយ នៃផលិតផលហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារវីង តាមរយៈបណ្តាញឌីជីថល ដែលធនាគារមានរួចជាស្រេច។

លោកបន្តថា វាក៏នឹងជំរុញឱ្យ ស.ធ.ក. បញ្រ្ជាបខ្លួន ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុឌីជីថល តាមរយៈការផ្តល់ការធានាឥណទានលើកម្ចីអាជីវកម្ម នៅក្នុងប្រព័ន្ធអេកូឌីជីថលរបស់ធនាគារវីង៕

LEAVE A REPLY

Please enter your comment!
Please enter your name here