ដោយៈ សុផារី
ភ្នំពេញៈ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់អំពីការយកចិត្តទុក ដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតផែនការមេហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទីក្រុងធំៗ និងតំបន់ទីក្រុង ដើម្បីគាំទ្រដល់ការអភិវឌ្ឍផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក។
គំរោងនេះក៏ជួយដល់ការភ្ជាប់បណ្តាញអគ្គិសនី ជាពិសេស ផ្តោតលើការអភិវឌ្ឍ បណ្តាញលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព សុខុមាលភាពសាធារណៈ ការផ្តល់សេវាសាធារណៈ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកបានលើកឡើង ក្នុងឱកាសនៃកិច្ចប្រជុំគណៈកម្មការ សម្របសម្រួលរួម “Joint Coordinating Committee” លើកទី២ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីក្រសួង ដោយមានការចូលរួមពីលោក តូច ចាន់កុសលរដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន តាមប្រព័ន្ធវីដេអូពីចម្ងាយ និងដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងស្ថាប័នពាក់ព័ន្ឋ។
លោក ស៊ុយ សេរិទ្ធ បានលើកឡើងអំពីការបញ្ចប់ គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញជំហានទី៤ ស្ថិតក្រោមក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ប្រមាណ៣៤លានលានដុល្លារអាមេរិក ដើម្បីសាងសង់បណ្តាញលូ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក និងខណ្ឌដូនពេញ អាងស្តុកទឹកក្រោមដី និងស្ថានីយ៍បូមទឹក ដែលបានធ្វើឱ្យភូមិសាស្ត្រខណ្ឌទួលគោក និងខ័ណ្ឌដូនពេញដូចជា នៅម្តុំជិតព្រះបរមរាជវាំង ផ្សារថ្មី និងផ្សារកណ្ដាលជាដើម លែងមានការលិចលង់ដោយជំនន់ទឹកភ្លៀងដូចកាលកន្លងមក។
អង្គប្រជុំបានផ្តោតការពិភាក្សាលើមេរៀន និងបទពិសោធន៍នៃការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ពីប្រទេសផ្សេងៗដូចជា ប្រទេសថៃ វៀតណាម និងប្រទេសជប៉ុន ស្ថានភាពនៃការអនុវត្តគម្រោងគ្រប់គ្រងទឹកកខ្វក់ ក្រោមកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងដៃគូអភិវឌ្ឍន៍នានា រួមមាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច(EDCF)នៃសាធារណរដ្ឋកូរ៉េ ជំនួយពីរដ្ឋាភិបាលអូស្ត្រាលី និងគម្រោង អនុវត្តក្រោមហិរញ្ញប្បទានថវិកាជាតិ របាយការណ៍អំពីទឹកជំនន់ក្នុងរាជធានីភ្នំពេញ និងផែនការអនាគផងដែរ៕