ដោយៈ សុធារី
ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងនូវកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍៍ប្រព័ន្ឋធារ៉ាសាស្រ្តនៅកម្ពុជា។
ក្នុងកម្មវត្ថុ ទី១ ពិគ្រោះយោបល់លើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលនឹងរួមបញ្ចូលផងដែរអំពីនិរន្តរភាព នៃវិស័យកសិកម្ម ទី២ ការបង្កើត Mekong-Australia Centre ដែលមានតួនាទីធ្វើឲ្យប្រសើរឡើង នូវការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ទី៣ លទ្ធផលលើការវាយតម្លៃបញ្ចប់កម្មវិធីស្តីពី “ខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC (Cambodia-Australia Agriculture Value Chain Program)” និងការប្រគល់ជូនមកក្រសួង នូវរាល់សម្ភារប្រើប្រាស់ ដែលបានបម្រើឲ្យកម្មវិធី និង ទី៤ សំណើរបស់កម្ពុជា ជូនទៅរដ្ឋាភិបាលអូស្រ្តាលី ទាក់ទងកម្មវិធីទិដ្ឋាការសម្រាប់វិស័យកសិកម្ម (Australia Agriculture visa program)។
កម្មវិធី CAVAC បានរួមចំណែកជំរុញផលិតកម្មស្បៀង តាមរយ:ការលើកកម្ពស់ គុណភាពគ្រាប់ពូជដំណាំ ការធ្វើពិពិធកម្មកសិកម្ម ការកែលម្អខ្សែច្រវាក់តម្លៃ ការផ្តល់ធាតុចូលកសិកម្ម ទីផ្សារកសិផល និងការកែលម្អប្រព័ន្ធស្រោចស្រព ជំងឺដំឡូងមី សត្វល្អិតចង្រៃ ក្នុងគោលបំណងបង្កើនផលិតភាពនិងប្រាក់ចំណូលរបស់គ្រួសារកសិករខ្នាតតូច និងពាណិជ្ជកម្មស្រូវ-អង្ករ បន្លែ ចិញ្ចឹមសត្វ និងដំណាំផ្សេងៗទៀត។
លោក វេង សាខុន បានបញ្ជាក់ថា រដ្ឋាភិបាលអូស្រ្តាលីនឹងនៅតែជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេស និងជាពិសេសការលើកកម្ពស់ផលិតកម្មស្បៀង ស្របពេលដែលកម្ពុជា ក៏ដូចពិភពលោកកំពុងប្រឈប និងក្រោយពេលបញ្ហាកូវិដ-១៩ ត្រូវបានបញ្ចប់។
ភ្ជាប់ទៅនឹងវិបត្តិកូវីដនេះ លោកបានជម្រាបជូនថាប្រធានបទទី១ ទី២ និងទី៤ គឺជាកម្មវត្ថុសំខាន់ដែលរដ្ឋាភិបាលអូស្រ្តាលី បានគិតពិចារណា និងស្នើសុំធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កន្លងមក រដ្ឋាភិបាលអូស្រ្តាលី បានចូលរួមដោះស្រាយនូវរាល់បញ្ហា ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងជួប ព្រមទាំងផ្តល់ផលប្រយោជន៍ដោយត្រង់ទៅដល់ប្រជាកសិករ ដែលជាអ្នកទទួលរងនូវផលប៉ះពាល់ ដូចជា
ទី១- ការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយភ្ជាប់ ទៅនឹងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព ទាក់ទងតម្លៃបន្ថែម ការលើកកម្ពស់ផលិតកម្មដំណាំ (ស្វាយ ស្វាយចន្ទី និងចេក) SPS ខ្សែច្រវាក់តម្លៃ ការបង្កើនគុណភាពដី ការលើកកម្ពស់គុណភាពគ្រាប់ពូជ ការកែច្នៃកសិផល បច្ចេកទេសក្រោយប្រមូលផល និងនិរន្តរភាពបរិស្ថាន ដែលគម្រោងនេះបានអនុម័តរួចហើយ ហើយសង្ឃឹមថានឹងចាប់ផ្តើមអនុវត្តនៅឆមាសទី១ ឆ្នាំ២០២២។
ទី២ ការបង្កើតមជ្ឈមណ្ឌល Mekong-Australia សម្រាប់ការគ្រប់គ្រង និងប្រើប្រាស់ទឹក (សំដៅដល់ទឹកបម្រើឲ្យវិស័យកសិកម្ម) ការរៀបចំ និងប្រើប្រាស់ធារាសាស្រ្ត ក្នុងសហគមន៍កសិកម្ម កសិករ ឬក្នុងវិស័យឯកជន ធ្វើយ៉ាងណាទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ពីការប្រើទឹកកសិកម្ម។
ទី៣ ថ្មីៗនេះរដ្ឋាភិបាលអូស្រ្តាលី បានប្រកាសបង្កើតកម្មវិធីទិដ្ឋាការកសិកម្ម ដែលផ្តល់ឱកាសការងារឲ្យកសិករកម្ពុជា ទៅធ្វើការនៅប្រទេសអូស្ត្រាលីចាប់ពីអ្នកមានជំនាញទាប (low still) រហូលដល់អ្នកមានជំនាញកម្រិតខ្ពស់ (high skill) ជាមួយលក្ខខណ្ឌការងារល្អប្រសើរ ធានាបាននូវការការពារផលប្រយោជន៍ហិរញ្ញវត្ថុ និងសុខុមារភាពរបស់ពលករស្របច្បាប់ តាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ៕