ដោយៈគង់ សិរីម៉ាលីនណា
ភ្នំពេញៈ ការបង់ពន្ធមានសារៈសំខាន់ណាស់ អនុលោមតាមគោលការណ៍សាមគ្គីភាព និង សមធម៌។
ការបង់ពន្ធគឺជាមូលដ្ឋានគ្រឹះនៃការបង្កើតរដ្ឋ តាំងពីដំបូង គឺរដ្ឋមានកាតព្វកិច្ចរក្សាសណ្តាប់ធ្នាប់ និងការពារសន្តិសុខរបស់ប្រជាជន ព្រមទាំងធានានូវសេវាសាធារណៈសម្រាប់សហគមន៍ ចំណែកពលរដ្ឋវិញមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។ ចំណូលដែលបានទទួលមកពីការបង់ពន្ធ នឹងត្រូវយកទៅប្រើប្រាស់ នៅក្នុងកិច្ចការដ៏ចាំបាច់ដូចជា បើកប្រាក់ខែជូនមន្ត្រីរាជការ បើកប្រាក់ខែជូនទាហានកម្លាំងប្រដាប់អាវុធ សាងសង់ស្ពានសាងសង់សាលារៀន មន្ទីរពេទ្យ ការពារព្រំដែនសីមា សាងសង់ហេដ្ឋារចនាសម្ព័ន្ធសង្គមជាអាទិ៍។
យើងអាចនិយាយបានថា ប្រភពចំណូលដ៏ធំបំផុតនៃថវិការបស់រដ្ឋ គឺបានមកពីការបង់ពន្ធ។ ដើម្បីឱ្យពលរដ្ឋមានទឹកចិត្ត និង កិច្ចខិតខំប្រឹងប្រែងក្នុងការបង់ពន្ធយ៉ាងមាន ស្ថេរភាព រាជរដ្ឋាភិបាលចាំបាច់ធ្វើការឆ្លុះបញ្ចាំង ឬបំលែងចំណូលបានមកពីពន្ធទៅជា វឌ្ឍនភាព ឬ សមិទ្ធផលនៃកាតព្វកិច្ចការងាររបស់ខ្លួន ប្រកបដោយ សមភាព គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និង ស័ក្កសិទ្ធិភាព។
ទាំងនេះហើយជាតម្លៃស្នូល នៃការតបស្នងប្រកបដោយសាមគ្គីភាព ដែលមិនអាចខ្វះបានរវាងពលរដ្ឋ និងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍរដ្ឋឱ្យមានភាពរីកចម្រើនជឿនលឿនលើគ្រប់វិស័យ៕