ក្រសួងសាធារណៈការព្រាងអនុក្រឹត្យទាក់ទងការប្រើប្រាស់ដីចំណីផ្លូវ និងផ្លូវរថភ្លើង

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកប៉ាល់ ចន្ទតារា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវ និងផ្លូវរថភ្លើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យពិភាក្សា និងកែសម្រួលចំពោះខ្លឹមសារសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្តោយផ្លូវថ្នល់ និងផ្លូវរថភ្លើង ក៏ដូចជាដើម្បីប្រមូលធាតុ ចូលឱ្យកាន់តែទូលំទូលាយ ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត និងធ្វើយ៉ាងណាឱ្យការរៀបចំ សេចក្ដីព្រាងអនុក្រឹត្យនេះមានខ្លឹមសារកាន់តែសុក្រឹត្យច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយសំដៅគ្រប់គ្រងរក្សាការពារដីចំណីផ្លូវឱ្យមានប្រសិទ្ធិភាព ក្នុងគោលដៅបម្រើឱ្យផលប្រយោជន៍សាធារណៈ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ។

អង្គប្រជុំស្នើឱ្យមានការរៀបចំពង្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្តោយផ្លូវថ្នល់ និងផ្លូវរថភ្លើង ជាពីរដាច់ដោយឡែកពីគ្នា គឺមួយសម្រាប់ផ្លូវថ្នល់ និងមួយទៀតសម្រាប់ផ្លូវរថភ្លើង ហើយក៏បានពិភាក្សាកែសម្រួលចំណងជើងនៃអនុក្រឹត្យ ការកំណត់ដីចំណីផ្លូវ ការប្រែប្រួលដែនកំណត់ជាក់ស្តែង នៃដីចំណីផ្លូវនៅក្នុងកាលៈទេសៈមានការផ្លាស់ប្តូរអ័ក្សទ្រូងផ្លូវ ការបោះបង្គោលកំណត់ដីចំណីផ្លូវ និង ខ្លឹមសារលំអិតនៃមាត្រានីមួយៗ។

ជាមួយគ្នានោះផងដែរ អង្គប្រជុំបានឯកភាពលើការកំណត់ របៀបរបបនៃប្រជុំពិភាក្សាសេចក្តីព្រាងអនុក្រឹត្យនេះ ដើម្បីពន្លឿនការរៀបចំសេចក្តី ព្រាងអនុក្រឹត្យនេះឱ្យបានឆាប់ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here