ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ ជាមួយវឌ្ឍនភាពល្អប្រសើរ ទីបំផុតការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុសម្រេចបាន៦៧ភាគរយហើយ។ នេះបើ់តាមការអះអាងរបស់លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន។
លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២០ តុលាកន្លងមកថា ការសាងសង់ផ្លូវល្បឿនលឿននេះ សម្រេចបាន៦៧ភាគរយហើយ ដែលតាមផែនការផ្លូវជាប្រវត្តិសាស្រ្តនេះ នឹងសម្រេចបញ្ចប់ការស្ថាបនាទាំងស្រុងនៅខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។
លោកបន្តថា “ជាមួយគ្នានេះ ការលើកឡើងពីផ្លូវនេះជាផ្លូវបៃតង វាជាការសំដៅដល់ការសាងសង់ផ្លូវដែលមានសួនច្បារកណ្តាល មានដាំស្មៅ និងការដាំដើមឈើអមសងខាងផ្លូវ”។ លោកបន្តថា “ដោយសារមានថវិកាច្រើន ការស្ថាបនាផ្លូវនេះធ្វើឡើងមាន គុណភាពខ្ពស់ បើធៀបនឹងបណ្តាផ្លូវជាតិដទៃទៀត”។
លោកវ៉ាស៊ីម សូរិយាបានបន្តថា ផ្លូវប្រវែងជាង១៩០គីឡូម៉ែត្រនេះ នឹងអនុញ្ញាត្តឲ្យអ្នកបើកបរបើកក្នុងចន្លោះល្បឿនពី៨០ ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាល្បឿនមួយ ដែលធ្វើឲ្យការធ្វើដំណើរបានលឿនជាងផ្លូវធម្មតា។
ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុជាផ្នែកមួយ នៃគំរោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវជាលើកដំបូងរបស់រដ្ឋាភិបាលចិន ដែលចំណាយថវិកាវិនិយោគរហូតដល់១៩០០លានដុល្លារអាមេរិក។
នៅពេលសាងសង់បញ្ចប់ និងដាក់ឲ្យប្រើប្រាស់ផ្លូវការ ការបើកបរលើផ្លូវនេះនឹងតម្រូវឲ្យអ្នកបើកបរចំណាយប្រាក់ក្នុងការឆ្លងកាត់ធ្វើដំណើរផងដែរ៕