ធនាគារ SME និងធនាគារវីង រួមគ្នាផ្ដល់ហិរញ្ញវត្ថុដល់វិស័យSME កម្ពុជា

ដោយ៖លក្ខិណា

ភ្នំពេញ៖ដើម្បីគាំទ្រដល់ដំណើរការ និងការពង្រីកអាជីវកម្មនៃវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ធនាគារពីរនៅកម្ពុជារួមមានធនាគារសហគ្រាសធុនតូចនិងមធ្យម និងធនាគារវីង បានសហការក្នុងការផ្ដល់ហិរញ្ញវត្ថុដល់សហគ្រិនក្នុងវិស័យSME ដើម្បីឱ្យសហគ្រិនកាន់តែមានលទ្ធភាពក្នុងការទទួលបានហិរញ្ញវត្ថុប្រើប្រាស់ក្នុងអាជីវកម្ម​។

យោងតាមសេចក្តីប្រកាសរបស់ធនាគារទាំងពីរនៅថ្ងៃទី១៩ តុលា ២០២១នេះ ឱ្យដឹងថា គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី១ ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០២០ ដោយរាជរដ្ឋាភិបាលកម្ពុជា និងមានគោលបំណងផ្តល់ឥណទានដែលមានការប្រាក់សមរម្យតាមលក្ខខណ្ឌអនុគ្រោះ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដើម្បីកាត់បន្ថយការនាំចូល បំពេញតម្រូវការក្នុងស្រុក និងជាធាតុចូលទៅក្នុងផលិតកម្មនៃសហគ្រាសធំៗ ហើយពេលនេះក៏កំពុងឈានទៅរកគម្រោងទី២សម្រាប់អភិវឌ្ឍន៍វិស័យSME នៅកម្ពុជា ។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា ភាពជាដៃគូនេះ នឹងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចកម្ពុជាដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ និងជួយបន្ធូរបន្ថយបន្ទុកដល់ម្ចាស់អាជីវកម្មដែលបានរងផលប៉ះពាល់ដោយជំងឺរាតត្បាត។ សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអាជីវកម្មដទៃទៀតនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោកទាំងមូលផងដែរ បានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា តាមរយៈភាពជាដៃគូរបស់ធនាគារវីង និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក ម្ចាស់សហគ្រាសធុនតូច និងមធ្យម នឹងអាចទទួលបានឥណទានដែលមានអត្រាការប្រាក់សមរម្យតាមរយៈធនាគារវីង ភ្នាក់ងារវីងនៅទូទាំងប្រទេសកម្ពុជា និងកម្មវិធីស្មាតហ្វូនវីង ដែលជួយសន្សំពេលវេលា និងថ្លៃធ្វើដំណើររបស់ពួកគេ។

លោក លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានមានប្រសាសន៍ថា ភាពជាដៃគូដែលបានបង្កើតឡើងនៅថ្ងៃនេះ នឹងជួយពង្រីកការគាំទ្រដល់ធនាគារសហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែទូលំទូលាយជាងមុនបន្ថែមទៀត តាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុបែបឌីជីថលនៃធនាគារវីង។ សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងស្ថានភាពលំបាក នឹងអាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុកាន់តែងាយស្រួលជាងពេលមុន។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានបើកដំណើរការនៅឆ្នាំ២០២០ ដែលមានបេសកកម្មផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារពាណិជ្ជប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងស្រុកក្នុងគោលបំណងបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រីកបរិមាណនាំចេញ។ចំណែកធនាគារវីង ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយចំពោះកម្មវិធីស្មាតហ្វូនវីងដែលមានមុខងារច្រើនយ៉ាង និងភ្នាក់ងារវីងដែលមានជិត ១០.០០០ កន្លែង នៅទូទាំងប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុជារៀងរាល់ថ្ងៃ។ គិតត្រឹមឆ្នាំ២០២០ ធនាគារវីង បាននិងកំពុងធ្វើការជាមួយសហគ្រាសធុនតូច និងមធ្យម ជាង ២.៤០០ សម្រាប់សេវាកម្មប្រមូល និងទូទាត់ប្រាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here