សូចនាករ៥ចំណុចៈតើម្ចាស់អាជីវកម្មគួរត្រៀមខ្លួនដូចម្តេច មុនពេលបិទ ទីតាំងជាបណ្ដោះអាសន្ន

        ដោយៈលក្ខិណា

ភ្នំពេញៈ អស់រយៈពេលជិត២ឆ្នាំមកហើយ ដែលជំងឺកូវីដ១៩ ហាក់ដូចជាមិនមានភាពថមថយសោះ ហើយវាពិតជាបានគំរាមកំហែងយ៉ាងខ្លាំង ទៅលើអាជីវកម្ម សហគ្រាស និងការប្រកបរបរនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងនោះមានអាជីវកម្មមួយចំនួនបានបិទ និងមួយចំនួនកំពុងបើកដំណើរការជាប្រចាំ ដោយមានបុគ្គលិកទៅធ្វើការធម្មតា ដោយអនុវត្ដនូវគោលការណ៍រក្សាគម្លាតសង្គមរបស់ក្រសួងសុខាភិបាល និងរក្សានូវវិធាន៣កុំ ៣ ការពារជានិច្ច។ យ៉ាងណាមិញ អ្នកមិនអាចដឹងបានទេថា ជំងឺមួយនេះនឹងបាត់រលត់ ឬផ្ទុះម្ដងទៀតនៅពេលណានោះទេ។

ដូច្នេះម្ចាស់អាជីវកម្មគួរមានវិធានការ ជាក់លាក់សម្រាប់ប្រើប្រាស់នៅពេលណាមួយដែលអាជីវកម្មរបស់អ្នកត្រូវបិទជាបណ្ដោះអាសន្ន។ ខាងក្រោមនេះ វិធានការ ៥ ចំណុចរបស់បណ្ដុំសហគ្រិនខ្មែរ ដែលម្ចាស់អាជីវកម្មធុនតូចគួរត្រៀម សម្រាប់ការបិទទីតាំងអាជីវកម្មជាបណ្ដោះអាសន្ននៅអំឡុងពេលកូវីដ១៩ដូចជា

១. សុវត្ថិភាពកន្លែងធ្វើការរបស់អ្នក

ពេលអ្នកធ្វើការពីផ្ទះ និងតម្រូវឱ្យបិទហាងមួយរយៈពេល ហាងរបស់អ្នកត្រូវតែមានការការពារសន្ដិសុខឲ្យបានខ្ពស់ជាងមុន ទាំងផ្នែកការយាមកាម ការត្រួតពិនិត្យនូវប្រព័ន្ធនានា ដូចជាភ្លើង ទឹក ជាដើម។

២. សុវត្ថិភាពពេលធ្វើការតាមអនឡាញ

ជាធម្មតា សម្រាប់អាជីវកម្ម ដែលធ្វើការតាមអនឡាញ គួរមានប្រព័ន្ធនៃការត្រួតពិនិត្យនូវមេរោគតាមប្រព័ន្ធអ៊ីនធើណែត ឬប្រព័ន្ធសុវត្ថិភាពផ្សេងៗនៅលើកុំព្យូទ័ររបស់បុគ្គលិក  ដើម្បីធ្វើឲ្យប្រាកដថាទិន្នន័យនានា នៃការធ្វើការរបស់បុគ្គលិកមិនត្រូវបានអ្នកផ្សេងទាញយកបាន ព្រោះវាអាចប៉ះពាល់ដល់ក្រុមហ៊ុនទាំងមូល។

៣. សុខភាពផ្លូវកាយ និងចិត្តរបស់បុគ្គលិក

មានការលើកទឹកចិត្តបុគ្គលិក តាមរយៈការបង្កើតគោលការណ៍ធានា និងផ្ដល់ប្រា​ក់ឧបត្ថម្ភដល់បុគ្គលិកណា ដែលត្រូវជាប់ធ្វើចត្តាឡីស័ក ឬត្រូវសម្រាកព្យាបាលជំងឺ ដើម្បីឱ្យពួកគាត់មានទំនុកចិត្តថា ពួកគាត់ទទួលបាននូវការយកចិត្តទុកដាក់ល្អពីស្ថាប័ន។

៤. បង្កើននូវភាពច្នៃប្រតិដ្ឋនិងបត់បែនជាមួយបុគ្គលិក

វាអាចមានការលំបាកនៅក្នុងចំណុចនេះ ព្រោះអ្នកមិនអាចដឹងបានទេថា បុគ្គលិករបស់អ្នកបានធ្វើអ្វីខ្លះនោះទេ។ ដូចនេះ អ្នកអាចអនុវត្តនូវវិធីសាស្រ្ដ ស្រដៀងនឹងការពីមុន ដោយមានការប្រជុំប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ដើម្បីសរុបនូវកិច្ចការនានា ដែលបានធ្វើកន្លងមក និងធ្វើបច្ចុប្បន្នភាពនូវកិច្ចការងារនោះជាប្រចាំ។

៥. បង្កើតនូវទំនាក់ទំនងល្អជាមួយបុគ្គលិក

ទោះបីជា ធ្វើការពីផ្ទះ ម្ចាស់សហគ្រាស ឬអាជីវកម្ម និងនិយោជក គួរមានការយកចិត្តទុកដាក់ជាមួយនឹងបុគ្គលិក ដោយបង្កើតនូវវិធីសាស្រ្ដណាមួយ សម្រាប់បង្កើនការទំនាក់ទំនងឲ្យបានជិតស្និទ្ធជាងមុន ដូចជាការជួបប្រជុំតាម Zoom ឬការទំនាក់ទំនងតាមបណ្ដាញផ្សេងៗជាដើម។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ គ្រាន់តែអាជីវកម្មទេសចរណ៍ប្រមាណ៣ពាន់ទីតាំងបានបិទទ្វារ ដោយសារតែវិបត្តិកូវីដ១៩ និងប៉ះពាល់ដល់បុគ្គលិកនិយោជិតប្រមាណ៦ម៉ឺននាក់ និងទៅធ្វើការនៅក្នុងវិស័យផ្សេងៗ ដើម្បីរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here