ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា កាស្នើឥណទាននៅតែជួបការលំបាក

        ដោយៈគង់ ម៉ាលីនណា

        ភ្នំពេញៈ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោកស៊ាង សុបញ្ញាបានថ្លែងថា ការទទួលបានឥណទានសម្រាប់ម្ចាស់អាជីវកម្ម នៅតែប្រឈមការលំបាក ជាពិសេស សំរាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍នាព្រឹកថ្ងៃទី១៧ កញ្ញានេះថា ការលំបាកក្នុងការទទួល​បានឥណទានពីមីក្រូហិរញ្ញវត្ថុ និងធនាគារនានា បានរារាំងកំណើននៃការរីកចម្រើននៃសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ក្នុងនោះ បញ្ហាដែលលំបាកសម្រាប់ទទួលបានហិរញ្ញប្បទាន គឺការកង្វះខាតទ្រព្យបញ្ចាំ អត្រាការប្រាក់ខ្ពស់ កង្វះខាតនៃរបាយការណ៍ហិរញ្ញវត្ថុ និងកង្វះខាតព័ត៌មានទូទៅទៅលើប្រភព នៃហិរញ្ញប្បទានបំណុល (Debt Financing)។

លោកបន្តថា “ការទទួលបានហិរញ្ញប្បទានប្រកបដោយសមធម៌ គឺជាអាទិភាពទី១នៃយុទ្ធសាស្រ្តឆ្នាំ២០២៥ បន្ថែមលើអាទិភាព៥ផ្សេងទៀត របស់សហគ្រិនវ័យក្មេងកម្ពុជា”។

លោកស៊ាង សុបញ្ញាបានបញ្ជាក់ផងដែរថា “ផ្អែកតាមបទពិសោធន៍របស់យើង ដែលធ្វើការជាមួយនឹងសហគ្រាសធុនតូចនិងមធ្យម ទៅលើការទទួលបានហិរញ្ញវត្ថុ យើងបានរកឃើញថា ទ្រព្យបញ្ចាំគឺតែងតែជាកត្តាចម្បង ចំពោះការសម្រេចចិត្តលើការផ្តល់ឥណទាន ប៉ុន្តែការដែលមានចំណេះដឹង និងឯកសារគ្រប់គ្រាន់ផ្នែកហិរញ្ញវត្ថុក៏សំខាន់ដូចគ្នាដែរ”។លោកសុបញ្ញាបន្តថា “កិច្ចព្រមព្រៀងនៅពេលនេះ គឺជាប្រវត្តិសាស្រ្តដ៏សំខាន់មួយនៅក្នុងភាពជាដៃគូរបស់យើង និងបង្កើតជាយុទ្ធសាស្រ្តចម្បងៗ នៅក្នុងវិស័យ​នៃកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបី ទៅលើការបណ្តុះបណ្តាល រៀបចំសិក្ខាសាលា ព្រឹត្តការណ៍ និងវាគ្មិនសម្រាប់កម្មវិធីកិច្ចពិភាក្សាលើបណ្តាញឌីជីថល ព្រមទាំងការទទួលបាននូវហិរញ្ញប្បទាន ក្នុងចំណោមសហគ្រិនវ័យក្មេងកម្ពុជា”។

លោកបន្ថែមថា យើងនឹងរួមគ្នាផងដែរ លើបញ្ហាសមភាពយេនឌ័រ ហិរញ្ញវត្ថុប្រក​បដោយចីរភាព អាជីវកម្មប្រកបដោយទំនួលខុសត្រូវសង្គម ការលើកកម្ពស់ចំណេះដឹង ការយល់ដឹងនៃចំណេះដឹងហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិនភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here