ដើម្បីសុវត្ថិភាពអាជីវកម្មពេលកូវីដសហគ្រិនត្រូវយល់ដឹងពីកំហុសទាំង៦យ៉ាងនេះជាមុន

ភ្នំពេញ៖ ស្ថិតក្នុងស្ថានភាពលំបាកដោយសារការរីករាលដាលនៃវីរុសកូវីដ១៩នេះ អាជីវកម្មខ្លះកំពុងតែដើរមកដល់ផ្លូវទាល់។ លទ្ធផលនេះមិនអាចបន្ទោសតែលើបញ្ហាកូវីដប៉ុណ្ណោះទេ តែម្ចាស់អាជីវកម្មគួរសង្កេតមើលចំណុចរសើបដែលអាចនាំគ្រោះដល់អាជីវកម្ម ដូច្នេះដើម្បីសុវត្ថិភាព ត្រូវមើលលើចំណុចទាំង៦នេះជាមុនសិន ។

១. មិនបានគិតពីសុវត្ថិភាព ៖ ក្នុងកាល:ទេស:ខ្លះ ម្ចាស់អាជីវកម្មមិនបានផ្ដោតលើសុវត្ថិភាពអ្នកនៅក្រោមបង្គាប់ ឱ្យបានដិតដល់ ធ្វើយ៉ាងណាឱ្យតែបានពួកគេជួយក្នុងការដំណើរការបន្តទៀតសិន ហើយមិនបានចាត់ចែងបុគ្គលិកទាំងនោះ ឱ្យរក្សានូវការអនុវត្តវិធានការ ៣ការពារ ៣កុំជាដើម ដែលនេះអាចនាំឱ្យមានហានិភ័យមួយចំនួនបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២.មិនហ៊ានចរចារជាមួយម្ចាស់ដីឬផ្ទះ ៖ សម្រាប់អាជីវករខ្លះ ពួកគាត់បានជួលដី ឬទីតាំងណាមួយមកធ្វើអាជីវកម្ម ប៉ុន្តែដោយសារចំណូលរបស់គាត់មានការធ្លាក់ចុះ ពួកគាត់ទុករឿងបង់ថ្លៃឈ្នួលចោលដោយមិនព្រមសាកចរចារជាមួយម្ចាស់ទ្រព្យទាំងនោះ អំពីការសុំពន្យារពេលបង់ថ្លៃ ឬបញ្ចុះតម្លៃជាដើម។

៣.មិនមានភាពបត់បែន៖ ករណីនេះ អាជីវករខ្លះមានភាពតក់ស្លុតនឹងការធ្លាក់ចុះនៃអាជីវកម្មដោយសារជំងឺដ៏កាចសាហាវមួយនេះ ពួកគាត់មិនទាន់អាចទទួលយកការពិតនេះបាន ព្រោះវាកើតឡើងភ្លាមៗ ដែលធ្វើឱ្យពួកគាត់មិនបានត្រៀមខ្លួនមុន ធ្វើអ្វីក៏មិនទាន់ មិនដឹងថាដោះស្រាយបែបណា បើវាមកភ្លាមៗបែបហ្នឹង។ ចំណុចនេះ ក៏មិនអាចបន្ទោសពួកគាត់បានដែរ ប៉ុន្តែវាអាចជាកំហុសមួយដែលពួកគាត់បណ្ដោយឱ្យការភ័យខ្លាច រហូតមិនអាចធ្វើអ្វីបាន ទាំងដែលការពិតទៅ វាតែងតែមានដំណោះស្រាយនូវរាល់បញ្ហាដែលបានកើតឡើង ឱ្យតែពួកគាត់ចេះគ្រប់គ្រងផ្លូវចិត្ត និងអារម្មណ៍ឲ្យបានត្រឹមត្រូវ ហើយចាប់ផ្ដើមគិតផ្លូវចេញមួយដែលសក្តិសម។

៤.បោះបង់ការផ្ដោតលើសេវាកម្មអតិថិជន៖ដោយគិតថាពួកគាត់មិនចាំបាច់ផ្ដោតសំខាន់លើការផ្ដល់សេវាកម្មផ្ទាល់ដែលល្អដល់អតិថិជនទៀតទេ ជ្រុលជាលែងមានអតិថិជនដើរចូលហាងទៅហើយ រឿងបម្រើសេវាកម្មនេះក៏លែងជាអាទិភាពទៀតដែរ។ ហេតុនេះហើយទើប ពួកគាត់មិនចាប់អារម្មណ៍សិក្សាឱ្យកាន់តែស៊ីជម្រៅ អំពីប្រភេទអតិថិជនដែលត្រូវនឹងផលិតផលរបស់ពួកគាត់ ហើយក៏មិនស្រាវជ្រាវយុទ្ធសាស្រ្តទីផ្សារសម្រាប់កាលទេសៈបច្ចុប្បន្ននេះដែរ។

៥. បោះបង់ការធ្វើទីផ្សារទាំងស្រុង៖ អំឡុងពេលជួបវិបត្តិ ការខិតខំពង្រីក ឬចំណាយក្នុងការធ្វើទីផ្សារលែងជារឿងចាំបាច់ និង ត្រូវបានមើលរំលង ព្រោះអាជីវករខ្លះយល់ថាគ្មានអតិថិជនចាប់អារម្មណ៍ផលិតផល ឬសេវាកម្មទាំងនោះទៀតទេ។

៦. គិតថាវាជាការសម្រាក៖ ដោយសារការធ្វើអាជីវកម្មមានការថយចុះ ស្របពេលវិបត្តិកូវីដ១៩ អាជីវករមួយចំនួនបានអស់សង្ឃឹម មិនចង់បន្តដំណើរអ្វីទៀត ហើយពួកគាត់ប្រហែលជាចាត់ទុកវេលានេះ ជាការសម្រាកពីការប្រកបរបរ ព្រោះគិតថាបើបន្តក៏គ្មានបានចំណេញអ្វីដែរ មានតែខាត។ នេះជាចំណុចដែលអាជីវករទាំងឡាយ គួរចៀសវាង ហើយព្យាយាមស្វែងរកវិធីដោះស្រាយ ជាជាងបោះបង់ ឧទាហរណ៍ការផ្លាស់ប្ដូរយុទ្ធសាស្ត្រទីផ្សារថ្មី ឬកំណែទម្រង់អាជីវកម្មថ្មី ដែលអាចឆ្លើយតបទៅនឹងស្ថានភាពសង្គមបច្ចុប្បន្ន។

ចំណុចទាំងនេះ គឺសុទ្ធតែជាកំហុសដែលអ្នករកស៊ីទាំងឡាយគួរតែចៀសវាងធ្វើ ប្រសិនបើពួកគាត់ចង់ឱ្យអាជីវកម្មនៅតែបន្តដំណើរការ ក្នុងពេលវេលាមិនសមប្រកបបែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here