អាជីវករគួរអនុវត្តគន្លឹងទាំង៥នេះ ក្នុងការដឹកនាំអាជីវកម្មឱ្យឈរជើងលើទីផ្សារបានយូរអង្វែង

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ កូវីដ១៩ បានធ្វើឱ្យអ្វីៗគ្រប់យ៉ាងមានការផ្លាស់ប្ដូរ ហើយបានជះឥទ្ធិពលអវិជ្ជមានជាច្រើនទៅលើការប្រកបរបរនានា ដើម្បីរកប្រាក់ចំណូលជាប្រចាំរបស់ប្រជាជន។ នៅក្នុងនោះ មានអាជីវកម្មមួយចំនួន ត្រូវបានបិទទ្វារឈប់រកស៊ី ជាពិសេសអាជីវកម្មតូចៗ ដែលងាយនឹងរងគ្រោះខ្លាំងពីវិបត្តិសកលមួយនេះ ដោយសារតែពួកគេមិនមានកញ្ចប់ថវិកាត្រឹមត្រូវ ឬគ្រប់គ្រាន់ ជាមួយនឹងការត្រៀមយុទ្ធសាស្រ្ដផ្សេងៗសម្រាប់ប្រឈមមុខជាមួយវា។ ដើម្បីឈរជើងលើទីផ្សារបានយូរអង្វែង បណ្ដុំសហគ្រិនខ្មែរបានបង្ហាញពីគន្លឹះចំនួន៥សម្រាប់អាជីវករក្នុងការអនុវត្ត ។

១. ត្រួតពិនិត្យលំហូរសាច់ប្រាក់ ៖ លំហូរសាច់ប្រាក់ ប្រៀបបាននឹងចរន្ដឈាមរបស់អាជីវកម្មគ្រប់ធុន វាជួយសម្រួលអាជីវករនៅក្នុងការត្រួតពិនិត្យនូវសុខភាព និងដំណើរការអាជីវកម្មទាំងមូល ព្រោះប្រសិនបើវាមានបញ្ហា អាជីវកម្មរបស់អ្នកក៏មានបញ្ហាដូចគ្នាដែរ ។ ជាមួយគ្នានោះផងដែរ ភាពវិជ្ជមាន និងអវិជ្ជមាននៃលំហូរសាច់ប្រាក់ក៏ជាកត្តាមួយដាស់តឿនស្មារតីអ្នកឲ្យមានភាពប្រុងប្រយ័ត្ន និងអាចស្វែងរកនូវវិធានការភ្លាមៗ ដើម្បីការពារ និងអភិវឌ្ឍអាជីវកម្មនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២.គ្រប់គ្រងអីវ៉ាន់ក្នុងស្ដុក ៖ អាជីវករអាចធ្វើការត្រួតពិនិត្យឡើងវិញជាប្រចាំនូវអីវ៉ាន់នៅក្នុងស្តុកឱ្យជាក់លាក់ ដើម្បីដឹងថាតើអីវ៉ាន់ប្រភេទណា ដែលអ្នកអាចធ្វើការកាត់បន្ថយបាន កុំឱ្យប៉ះពាល់ដល់ដំណើរការអាជីវកម្ម និងការបំពេញតម្រូវការរបស់អតិថិជន ។ ដោយអ្នកអាចកាត់បន្ថយចំនួនអីវ៉ាន់ណាមួយ ដែលមានចំនួនច្រើន ឬមិនសូវមានតម្រូវការ រួចបង្កើននូវអីវ៉ាន់ណាមួយ ដែលមានតម្រូវការច្រើនសម្រាប់ផ្គត់ផ្គង់ឱ្យត្រូវនឹងតម្រូវការរបស់អ្នកប្រើប្រាស់។

៣. ព្យាយាមរកចំណុចខ្សោយនិងកាត់បន្ថយវា៖ អាជីវករគួរធ្វើការកត់សម្គាល់នូវចំណុចខ្សោយ និងខ្លាំងរបស់ខ្លួន តាមរយៈការគាំទ្រពីអតិថិជន និងសកម្មភាពអាជីវកម្មជាប្រចាំ ដើម្បីងាយស្រួលនៅក្នុងការអភិវឌ្ឍន៍អាជីវកម្មឱ្យត្រូវនឹងជំនាញ ។ វាមិនត្រឹមតែជួយអភិវឌ្ឍការរកស៊ីនោះប៉ុណ្ណោះទេ វាថែមទាំង ជួយអាជីវករនៅក្នុងការបង្កើននូវគុណភាពផលិតផល និងសេវាកម្មថែមទៀតផង។

៤. យកចិត្តទុកដាក់ជាមួយអតិថិជនចាស់៖ នៅខណៈនេះ វានឹងមានភាពលំបាកនៅក្នុងការរកអតិថិជនថ្មី ដូច្នេះកត្តាសំខាន់ គឺត្រូវព្យាយាមរក្សានូវទំនាក់ទំនងល្អ និងយកចិត្តទុកដាក់ជាមួយនឹងអតិថិជនចាស់ ដើម្បីប្រាកដថា ពួកគេនឹងបន្ដគាំទ្រផលិតផលនៃអាជីវកម្មនោះ ដោយមិនប្ដូរទៅរកអ្នកផ្គត់ផ្គង់ផ្សេង។ ក្នុងនោះ អាជីវករ អាចអនុវត្តបានដូចជា ការសួរសុខទុក្ខ និងទាក់ទងសួរអំពីបទពិសោធន៍នៃការប្រើប្រាស់ផលិតផលរបស់អ្នក ឬផ្ដល់ដំណឹងអំពីប្រូម៉ូសិនពិសេសសម្រាប់អតិថិជនចាស់ ដែលលើសពីប្រូម៉ូសិនធម្មតា ៥ ទៅ ១០ ភាគរយជាដើម។

៥. ប្រើប្រាស់បណ្ដាញសង្គមដែលឥតគិតថ្លៃសម្រាប់ផ្សព្វផ្សាយ ៖ មែនទែនទៅ បណ្ដាញសង្គមដែលប្រើប្រាស់ឥតគិតថ្លៃមានច្រើនណាស់ដែលគេពេញនិយមប្រើប្រាស់ មានដូចជា ហ្វេសប៊ុក អ៊ីនស្តាក្រាម ឬគេហទំព័រសម្រាប់តាំងផលិតផលលក់ជាដើម ។ អ្នកអាចប្រើប្រាស់វា ជាឧបករណ៍សម្រាប់ជួយផ្សព្វផ្សាយព័ត៌មានផ្សេងៗពីអាជីវកម្មរបស់អ្នក ដើម្បីអាចផ្ដល់ដំណឹងទៅកាន់មនុស្សបានច្រើន និងគ្រប់ទីកន្លែង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here