អ្វីទៅជាយុទ្ធសាស្ត្រ 6Cs ដែលសហគ្រិនអនឡាញគួរយល់ដឹងនិងប្រើប្រាស់ ក្នុងវិបត្តិកូវីដ១៩នេះ?

ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងអំឡុងពេលកូវីដ១៩ បណ្ដាញសង្គមនានាបានក្លាយជាទីផ្សារដ៏សំខាន់ សម្រាប់លក់ផលិតផលរបស់ម្ចាស់អាជីវកម្មជាច្រើន ក្នុងនោះសហគ្រិននៅកម្ពុជាមិនតិចទេ ដែលបានប្រើប្រាស់ទីផ្សារអនឡាញ សម្រាប់លក់ផលិតផលរបស់ខ្លួន។

ប៉ុន្តែមុននឹងប្រឡូកក្នុងទីផ្សារអនឡាញ សហគ្រិនគួរតែស្វែងយល់ពីយុទ្ធសាស្ត្រ 6 Cs ដែលចងក្រងដោយបណ្ដុំសហគ្រិនខ្មែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

C1.ផ្សារភ្ជាប់ទៅនឹងអតិថិជន (Connect)

ជ្រើសរើសនូវបណ្ដាញសង្គមមួយណា ដែលត្រូវជាមួយនឹងអតិថិជនគោលដៅរបស់អ្នក ដើម្បីងាយស្រួលនៅក្នុងការភ្ជាប់ទំនាក់ទំនងជាមួយពួកគេ ដោយធ្វើការសិក្សាជាមុន អំពីចំណង់ចំណូលចិត្តរបស់អតិថិជនគោលដៅទាំងនោះ។ បន្ទាប់មកមានការបង្កើតនូវផេក (Page) ឬ ឆាណេល Channel ដើម្បីធ្វើការដាក់លក់ផលិតផល និងងាយស្រួលនៅក្នុងការផ្ដល់ដំណឹងទៅកាន់អតិថិជន។

C2. បង្កើតទំនាក់ទំនង (Communicate)

នៅត្រង់ចំណុចនេះ គឺអ្នកត្រូវចាប់ផ្ដើមពីការបង្ហាញឲ្យគេស្គាល់ពីផលិតផល សេវាកម្ម ម៉ាកយីហោអ្វី មកពីណា មានគោលបំណងបែបណា ដើម្បីឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត អាចកំណត់សម្គាល់ពីអត្ដសញ្ញាណអាជីវកម្មរបស់អ្នក និងស្គាល់ពីផលិតផលរបស់អ្នកថា អាចដោះស្រាយបញ្ហាអ្វីដល់ពួកគេ។

ឧទាហរណ៍ អ្នកលក់បន្លែធម្មជាតិ នោះពេលមានអ្នកចង់ញំាបន្លែធម្មជាតិ គេនឹងនឹកឃើញដល់អ្នក។

C3. រក្សាទំនាក់ទំនង (Community)

ការរក្សាទំនាក់ទំនងលក្ខណសហគមន៍ នៅក្នុងវិស័យអនឡាញ គឺការរក្សានូវទំនា ក់ទំនងល្អជាមួយនឹងអតិថិជនទាំងចាស់ទាំងថ្មី ដើម្បីកុំឲ្យមានកេរ្ដិ៍ឈ្មោះមិនល្អ ដោយប្រើប្រាស់នូវវីធីសាស្រ្ដមួយគឺ ការជួយដោះស្រាយនូវបញ្ហារបស់អតិថិជន ការប្រាស្រ័យទាក់ទង និងបង្កើតនូវការជជែកមួយដែលល្អ ដើម្បីផ្សព្វផ្សាយពីភាពល្អរបស់អ្នក តាមរយៈការយកចិត្តទុកដាក់ជាមួយអតិថិជន។

C4. បង្កើតអត្ថបទខ្លីពណ៌នាពីផលិតផល ( CompellingContent)

ចំពោះការលក់ផលិតផល តាមអនឡាញកត្តាសំខាន់បំផុត គឺការផ្ដល់នូវព័ត៌មានអំពីផលិតផលដែលអ្នកមាន ដោយមានការបង្ហោះរូបជាមួយនឹងសារមួយចំនួន ឬអត្ថបទខ្លីពណ៌នាពីផលិតផលនោះ ដោយជៀសវាងការបង្ហោះតែរូបមួយមុខ ដោយអ្នកទិញមិនយល់ និងមិនអាចទាក់ទាញចិត្តពួកគេបាន។

C5. អត្ថបទត្រូវតែជាក់លាក់ (Consistency)

ការសរសេរនូវអត្ថបទខ្លីនោះទៀតសោត ត្រូវតែផ្ដល់នូវព័ត៌មានជាក់លាក់ ត្រឹមត្រូវ ជាក់ស្ដែង ទាក់ទាញនិងមានទំនុកចិត្ត ដើម្បីឲ្យអ្នកដែលបានឃើញរូប និងសារបង្ហោះនោះហើយចាប់អារម្មណ៍ ចង់ទិញផលិតផលរបស់អ្នក។ ដូចនេះ ការសរសេរអត្ថបទសម្រាប់បង្ហោះជាមួយរូប ដែលស្អាតនឹងទាក់ទាញ ពិតជាមានសារៈសំខាន់ណាស់។

C6. ធ្វើការពង្រីកទីផ្សារ (Commerce)

នៅពេលអ្នកមានអតិថិជនខ្លះៗហើយ អ្នកចាប់ផ្ដើមធ្វើទីផ្សារតាមរយៈការ ប៊ូត (Boost) ការលេងហ្គេម ដើម្បីបង្កើនចំនួនអ្នកស្គាល់ អ្នក Follow និង Like ផេករបស់អ្នក។ នៅក្នុងការ ប៊ូត (Boost) នោះក៏អាចកំណត់នូវអ្នកប្រើប្រាស់គោលដៅ ដែលមានអាយុ ភេទ និងទីតាំងរស់នៅផ្សេងៗ ដើម្បីឲ្យអ្នកអាចធ្វើទីផ្សារចំគោលដៅបានជាក់លាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here