ដោយៈលក្ខិណា
ភ្នំពេញៈ បច្ចុប្បន្ននេះវិស័យអចលនទ្រព្យបាន និងកំពុងទាក់ទាញការវិនិយោគកាន់តែច្រើនពីសំណាក់វិនិយោគិន ក្នុងនោះវាក៏បានទាក់ទាញ វិនិយោគពីវិស័យផ្សេងៗចូលមកបណ្ដាក់ទុនវិស័យនេះ ក៏បានវិនិយោគិនថ្មីៗ បន្តបន្ទាប់ដាក់ទុនផងដែរ។
ប៉ុន្តែអ្នកវិនិយោគគួរតែស្វែងយល់ ពីចំនុចមួយចំនួនជាមុនសិន មុននឹងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគលើអចលនទ្រព្យ។
នៅថ្ងៃនេះ យើងនឹងលើកយកនូវចំនុចត្រួសៗមួយចំនួន សម្រាប់ជាគន្លឹះដល់វិនិយោគិនក្នុងការពិចារណាមុននឹងដាក់ទុនវិនិយោគ។
២. គោលបំណង
ជាធម្មតាវិនិយោគិន តែងតែមានភាពច្បាស់លាស់ ទៅលើគោលបំណងនៃការវិនិយោគ។ ក្នុងការកំណត់ប្រភេទ នៃគោលបំណងនោះរួមមានទាំង ការទិញសម្រាប់រស់នៅ ទុកជួល និងទុកសម្រាប់លក់ (រយៈពេលយូរ និងខ្លី) ដើម្បីទទួលបានផលចំណេញ។
២. ដើមទុន
ដឹងពីលទ្ធភាព ដែលខ្លួនអាចចាយលើការវិនិយោគ ទាំងទំហំ និងប្រភពដើមទុន ជាលុយសន្សំផ្ទាល់ខ្លួន ឬប្រាក់កម្ចី ឬត្រូវប្រមូលបានមកពីឲ្យបានច្បាស់។ ជំហានបឋមនេះ គឺដើម្បីងាយស្រួលកំណត់នូវជម្រើស នៃការវិនិយោគរបស់អ្នកថា លទ្ធភាពដែលអ្នកអាចវិនិយោគនេះ សក្ដិសមទៅនឹងអចលនទ្រព្យប្រភេទណា ទំហំប៉ុណ្ណា និងកត្តាមួយចំនួនទៀតដូចខាងក្រោម។
៣. តម្លៃទីផ្សារ
ការសិក្សាស្វែងយល់ និងប៉ាន់ប្រមាណពីរបត់នៃទីផ្សារ ពិតជាចាំបាច់មិនអាចរំលង សម្រាប់អ្នកចង់វិនិយោគ ក្នុងវិស័យអចលនទ្រព្យ។ អ្នកត្រូវពិចារណាលើស្ថានភាព សេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាប្រៀបធៀបតម្លៃជាមួយអចលនទ្រព្យដទៃនៅក្នុងតំបន់នោះ ( ឧទាហរណ៍ ប្រៀបធៀបតម្លៃដីក្នុងមួយ ម៉ែត្រការ៉េ)។
ស្របគ្នានេះអ្នកក៏គួរគិតទុកនូវយុទ្ធសាស្ត្រ និងរៀនចេះវិភាគ តាមដានបម្រែបម្រួលតម្លៃនៃ អចលនទ្រព្យផង។
៤. សំណង់
សម្រាប់អចលនទ្រព្យមានសំណង់ ជាផ្ទះ ឬអគារ អ្នកមើលទៅលើគុណភាពសំណង់ ជាសំណង់ចាស់ឬថ្មី ហើយរឹងមាំដែរទេ ដើម្បីជៀសវាងទិញរួចខាតលុយ ប្រសិនបើសំណង់នោះ អាចជះផលប៉ះពាល់ដល់ការរស់នៅ ឬការដាក់លក់បន្ត។ល។
៥. ទីតាំងភូមិសាស្រ្ត
មិនថាផ្ទះ វីឡា អាផាតមិន ឬដីធ្លី ទីតាំងភូមិសាស្ត្ររបស់វា តែងមានទំនាក់ទំនងទៅនឹងតម្លៃនៃអចលនទ្រព្យនោះ។ អ្នកគួរមើលថា ទីកន្លែងនោះជាទីប្រជុំជនទេ ហើយវា សមប្រកបទៅតាមអ្វី ដែលអ្នកចង់បានដែរទេ។ ក្រៅពីនេះអ្នកគួរមើលលើបណ្ដាញគមនាគមន៍ថា តើកន្លែងនោះជាផ្លូវធំឬផ្លូវលំ មានទឹក និងមានអគ្គិសនីទៅដល់ហើយឬនៅ។ កត្តាទាំងនេះវាបង្ហាញពីភាពងាយស្រួល សម្រាប់ការស់នៅ និងអាចកំណត់លទ្ធភាពទទួលបានផលចំណេញពីការវិនិយោគនោះ។
៦. សក្ដានុពលនៃតំបន់
វិនិយោគិន គួរតាមដានគម្រោងអភិវឌ្ឍជុំវិញតំបន់ផ្សេងៗ រួមមាន គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្សារទំនើប ក្រុងរណប ព្រលានយន្តហោះជាដើម។ ដោយសារកត្តាទាំងនេះ នឹងជះឥទ្ធិពលទៅលើតម្លៃអាចធ្វើឲ្យដីឡើងថ្លៃ និងសក្ដានុពលក្នុងការវិនិយោគនាថ្ងៃអនាគត ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យ ក៏បានលើកឡើងផងដែរ ការវិនិយោគលើវិស័យអចលនទ្រព្យ ដែលត្រឹមត្រូវនឹងនាំអ្នកវិនិយោគ ឆាប់ទទួលបានប្រាក់ចំនេញបានច្រើនៗ ហើយក្នុងនោះដែរ អ្នកមានភាគច្រើននៅលើពិភពលោក ក៏ដូចជា ក្នុងប្រទេសកម្ពុជានេះ គឺជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យ ហេតុនេះហើយគេមើលឃើញថា មនុស្សកាន់តែច្រើន បានងាកទៅចាប់យកអាជីព ក្នុងវិស័យអចលនទ្រព្យជាមុខជំនួញ និងរបររបស់ខ្លួន ៕