ចំណេះដឹងផ្សារហ៊ុន! តើធ្វើដូចម្តេចទើបអាចវាយតម្លៃក្រុមហ៊ុនណាមួយដែលល្អសម្រាប់ការវិនិយោគ?

ដោយៈ សាវុធ

ភ្នំពេញៈ ការរកឃើញក្រុមហ៊ុនល្អដើម្បីវិនិយោគជាមួយ ដូចដែលបានលើកបង្ហា ញកាលពីសប្តាហ៍មុន នៅមិនទាន់គ្រប់គ្រាន់ទេ។ វត្ថុល្អរមែងមានគេត្រូវការច្រើន និងមានតម្លៃថ្លៃ។ ហើយបើរបស់ល្អ តែថ្លៃពេក ក៏មិនល្អសម្រាប់ការវិនិយោគរបស់យើងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដូច្នេះ ជាវគ្គបន្ទាប់នៅទីនេះ យើងនឹងលើកមកបង្ហាញ អំពីរបៀបនៃការវាយតម្លៃសំខាន់ៗមួយចំនួន លើក្រុមហ៊ុននិងភាគហ៊ុន។

ដោយសារក្រុមហ៊ុន គឺជាបណ្តុំនៃភាគហ៊ុនសរុបបញ្ចូលគ្នា ដូច្នេះការវាយតម្លៃភាគហ៊ុនគឺជាការវាយតម្លៃក្រុមហ៊ុនទាំងមូល រួចចែកនឹងចំនួនភាគហ៊ុនសរុប។ តម្លៃក្នុងមួយភាគហ៊ុនដែលចេញពីការគណនានេះ នឹងត្រូវយកទៅប្រៀបធៀបជាមួយថ្លៃ នៃហ៊ុននោះដែលជួញដូរនៅលើទីផ្សារហ៊ុន (ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា)។

ប្រសិនបើតម្លៃហ៊ុនគណនា ធំជាងថ្លៃជួញដូរលើទីផ្សារ នោះគេអាចសន្និដ្ឋានថាភាគហ៊ុននោះ កំពុងត្រូវបានជួញដូរក្នុងតម្លៃថោក (undervalue)។ ផ្ទុយមកវិញ ប្រសិន បើតម្លៃហ៊ុនគណនាតូចជាងថ្លៃទីផ្សារ នោះគេនិយាយថាភាគហ៊ុននោះ កំពុងត្រូវបានជួញដូរក្នុងតម្លៃថ្លៃ (overvalue)។

ដើម្បីទទួលបានព័ត៌មានអំពីថ្លៃទីផ្សារ យើងគ្រាន់តែចូលទៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (www.csx.com.kh) ឬគេហទំព័ររបស់ក្រុមហ៊ុនមូលបត្រផ្សេងៗ ជាដើម។ ប៉ុន្តែតម្លៃមួយទៀតដែលជាគូប្រៀបធៀប នឹងត្រូវទទួលបានពីការប៉ាន់ស្មាននិងការគណនារបស់យើង។ មានវិធីសាស្ត្រច្រើន ប៉ុន្តែនៅទីនេះ យើងនឹងលើកយកវិធីសាស្រ្តសាមញ្ញ និងពេញនិយមមួយមកពន្យល់គឺ“លំហូរសាច់ប្រាក់សម្រាប់ភាហ៊ុនិក” (Free Cash Flow to Equity)។

យោងតាមវិធីសាស្រ្តនេះ គឺគេពិនិត្យមើលប្រវត្តិនៃលំហូរសាច់ប្រាក់ ដែលនៅសល់សម្រាប់ភាគហ៊ុនិក (FCF) រួចធ្វើការប៉ាន់ស្មានពីទំនោររបស់វា៥ (ឬ១០)ឆ្នាំ ទៅមុខ ដោយផ្អែកលើការវិភាគអំពីលទ្ធភាពកំណើន ក៏ដូចជាសមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនទៅថ្ងៃអនាគត។

បន្ទាប់មកគេបន្តប៉ាន់ស្មានតម្លៃអនន្តរបស់វា (Perpetual Value – PerV) គឺតម្លៃចាប់ពីឆ្នាំទី៦ (ឬទី១១) តទៅ ដោយផ្អែកផងដែរ លើអត្រាកំណើនសេដ្ឋកិច្ចរយៈពេលវែង។

តម្លៃប៉ាន់ស្មានអនាគតទាំងអស់នេះ នឹងត្រូវយកមកគណនារកតម្លៃបច្ចុប្បន្នរបស់វា ដោយប្រើអត្រាអប្បហារមួយ ដែលគណនាដោយផ្អែកលើកម្រិតហានិភ័យ និងរចនាសម្ព័ន្ធមូលធនរបស់ក្រុមហ៊ុន រួចបូកតម្លៃបច្ចុប្បន្នទាំងអស់នោះបញ្ចូលគ្នា។ CSX៕

LEAVE A REPLY

Please enter your comment!
Please enter your name here