ដោយៈ សាវុធ
ភ្នំពេញៈ នៅពេលសម្រេចចិត្តត្រៀមថវិកា និងពេលវេលាមួយចំនួន ដើម្បីចូលវិនិយោគនៅផ្សារហ៊ុនរួចហើយ វិនិយោគិនគួរចាប់ផ្តើមរកមើលក្រុមហ៊ុនចុះបញ្ជីណា ដែលទំនងជានឹងរកបានប្រាក់ចំណេញច្រើននាពេលអនាគត។
តើគួរពិនិត្យមើលលើព័ត៌មានអ្វីខ្លះ ដើម្បីអាចជ្រើសរើសបានក្រុមហ៊ុនល្អបែបនេះ? នេះជាសំនួរដែលទាមទារចម្លើយដ៏វែង។ ប៉ុន្តែនៅទីនេះ យើងនឹងផ្តល់ជូននូវចម្លើយសង្ខេប ដើម្បីជាទុននិងបង្ហាញផ្លូវដល់វិនិយោគិន ក្នុងការសិក្សាបន្ថែមដោយខ្លួនឯងបន្តទៀត។
ការបង្ហាញជូននៅទីនេះ ក៏កម្រិតនៅត្រឹមការវិភាគ លើគុណភាពអាជីវកម្មរបស់ក្រុមហ៊ុនប៉ុណ្ណោះ ខណៈដែលការវិភាគពេញលេញទាមទារ ឱ្យមានការវិភាគអំពីវិស័យដែលក្រុមហ៊ុននោះស្ថិតនៅផង និងអំពីទស្សនវិស័យសេដ្ឋកិច្ចទាំងមូលផង។
ជាធម្មតាមុននឹងសម្រេចចិត្តចូលហ៊ុនវិនិយោគ ជាមួយនឹងក្រុមហ៊ុនណាមួយ យើងត្រូវការស្គាល់ក្រុមហ៊ុននោះ ឱ្យបានច្បាស់(ទៅតាមលទ្ធភាព)ជាមុនសិន។ ព័ត៌មានអំពីក្រុមហ៊ុន ដែលយើងគួរពិនិត្យមើលអាចចែកចេញជាពីរធំៗគឺ ព័ត៌មានអំពីអាជីវកម្ម និងព័ត៌មានអំពីហិរញ្ញវត្ថុ។
ព័ត៌មានអំពីអាជីវកម្ម
– ព័ត៌មានអំពីអាជីវកម្មចម្បងៗរបស់ក្រុមហ៊ុន។
– ប្រវត្តិនៃការវិវត្តរបស់ក្រុមហ៊ុន។
– ផែនការនិងយុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុន។
– ប្រវត្តិនិងសមត្ថភាពរបស់ស្ថាបនិក និងថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រុមហ៊ុន។
– នយោបាយគ្រប់គ្រងបុគ្គលិក (និងទំនាក់ទំនងជាមួយសហជីព)។
– ប្រាក់បៀវត្ស និងប្រាក់លើកទឹកចិត្តផ្សេងៗរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន។
– នយោបាយបែងចែកភាគលាភដល់ភាគហ៊ុនិក។
– ។ល។
ព័ត៌មានអំពីហិរញ្ញវត្ថុ
តាមរយៈរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលរួមមាន តារាងតុល្យការ របាយការណ៍លទ្ធផល និងរបាយការណ៍លំហូរសាច់ប្រាក់ វិនិយោគិនគួរពិនិត្យមើលនិងគណនារកព័ត៌មានមួយចំនួន ដូចជា៖
– ភាពចំណេញរបស់ក្រុមហ៊ុន (Profitability)៖ ប្រាក់ចំណេញធៀបនឹងចំណូលដែលរកបាន(Profit Margin) ប្រាក់ចំណេញធៀបនឹងទ្រព្យសកម្មដែលបានប្រើ(Return on Asset) ប្រាក់ចំណេញធៀបនឹងមូលធនភាគហ៊ុនិក(Return on Equity) ។ល។
– សុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន៖ កម្រិតបំណុលធៀបនឹងមូលធន ភាគហ៊ុនិក(Debt/Equity) ប្រាក់ចំណេញមុនបង់ការប្រាក់ និងពន្ធធៀបនឹងការប្រាក់(Interest Coverage) កម្រិតនៃទុនបង្វិល(Working Capital) ។ល។
– ប្រសិទ្ធិភាពក្នុងការប្រើប្រាស់ធនធាន៖ ចំណូលរកបានធៀបនឹងទ្រព្យសកម្ម ដែលបានប្រើ(Asset Turnover) ថ្លៃដើមលក់ធៀបនឹងទំហំស្តុក(Inventory Turnover) ប្រាក់ចំណូលធៀបនឹងប្រាក់ ដែលអតិថិជនជំពាក់(Account Receivable Turnover) ។ល។៕