ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ស្ថាប័នហិរញ្ញវត្ថុនានានៅកម្ពុជា គ្រោងបញ្ចេញកញ្ចប់ឥណទានប្រមាណ៧ពាន់លានដុល្លារ អាមេរិកនៅឆ្នាំ២០២១នេះ ប៉ុន្តែស្ថានភាពយ៉ាងណាអាស្រ័យលើបរិបទនៃការរីករាលដាលជំងឺកូវីដ១៩។
តាមរយៈរបាយការណ៍ដដែល ដែលបានផ្សព្វផ្សាយកន្លងមកបានបង្ហាញថា ជាមួយនឹងកញ្ចប់ឥណទានដែលនៅសល់ និងគ្រោងបញ្ចេញនៅឆ្នាំ២០២១នេះ ផ្គួបផ្សំជាមួយការបញ្ចេញកញ្ចប់ ថវិកាចំនួន២០០លានដុល្លាររបស់រាជរដ្ឋាភិបាល ដើម្បីធានាឥណទាន វិស័យធនាគារបានយ៉ាងតិច២ពាន់លានដុល្លារ និងការទម្លាក់ថវិកាទុន ២៧០លានដុល្លារ ទៅធនាគារ SME និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់បង្កើនឥណទានទៅវិស័យអទិភាព និងយុទ្ធសាស្ត្រដង្ហើមសេដ្ឋកិច្ច។
នៅឆ្នាំ២០២០ប្រាក់បញ្ញើអតិថិជនមានទំហំ ៣៣,៨ពាន់លានដុល្លារអាមេរិក មានកំណើន១៥,៥ភាគរយ ក្នុងនោះឥណទានអតិថិជនមានទំហំ៣៧,៣ពាន់លានដុល្លារអាមេរិក កើនឡើង១៤,៨ភាគរយ បើធៀបកាលពីឆ្នាំ២០១៩។
ដោយឡែកសម្រាប់ការរៀបចំ ឥណទានឡើងវិញមានជាង ២៨ម៉ឺនគណនី ស្មើនឹង ៤,២ពាន់លានដុល្លារអាមេរិក ក្នុងនោះការរៀបចំឥណទានឡើងវិញ របស់គ្រឹះស្ថានធនាគារបានថយចុះក្នុងខែវិច្ឆិកា ហើយសមតុល្យឥណទានរៀបចំឡើងវិញ បានចាប់ផ្ដើមថយចុះចាប់ពីខែកញ្ញាមក។
ចំណែកឯគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ គណនី និងសមតុល្យឥណទានរៀបចំឡើងវិញ បានថយចុះដល់កម្រិតទាបបំផុតក្នុងខែតុលា ប៉ុន្ដែបានកើនឡើងវិញនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០៕