ចំណេះដឹងផ្សារហ៊ុន! តើអ្វីទៅជាទីផ្សារដំបូងនិងទីផ្សារបន្ទាប់នៃផ្សារភាគហ៊ុន?

ដោយៈ សាវុធ

ភ្នំពេញៈ និយាយដោយសាមញ្ញ ផ្សារមូលបត្រគឺជាផ្សារសម្រាប់ជួញដូរមូលបត្រ។ មូលបត្រ គឺជាកិច្ចសន្យាហិរញ្ញវត្ថុដែលអាចជួញដូរបាន ដែលកិច្ចសន្យានេះបញ្ជាក់ពីកម្មសិទ្ធិ បំណុល ឬសិទ្ធិ/កាតព្វកិច្ចក្នុងការទិញ/លក់ ជាដើម។
បច្ចុប្បន្ននៅលើផ្សារមូលបត្រកម្ពុជា មានតែមូលបត្រភាគហ៊ុនមួយមុខប៉ុណ្ណោះដែលត្រូវបានជួញដូរ។

មូលបត្រភាគហ៊ុន គឺជាកិច្ចសន្យាដែលបញ្ជាក់ពីភាព ជាម្ចាស់កម្មសិទ្ធិមួយផ្នែកលើក្រុមហ៊ុនមួយ។ ដូច្នេះសរុបមកវិញ ផ្សារមូលបត្រភាគហ៊ុន (ឬនិយាយដោយខ្លីថា “ផ្សារហ៊ុន”) គឺជាផ្សារដែលជួញដូរកម្មសិទ្ធិលើក្រុមហ៊ុនមួយ។
បើនិយាយឱ្យស៊ីជម្រៅជាងនេះបន្តិច ផ្សារភាគហ៊ុនចែកជាពីរដំណាក់គឺ៖ ទីផ្សារដំបូង និងទីផ្សារបន្ទាប់។

ទីផ្សារដំបូង (Primary Market)
ទីផ្សារដំបូងគឺជាទីផ្សារដែលភាគហ៊ុន(ទើបបោះផ្សាយជាសាធារណៈលើកដំបូងដោយក្រុមហ៊ុនមួយ) ត្រូវបានដាក់ឱ្យជួញដូរជាលើកដំបូង។ បានសេចក្តីថា ជាទីផ្សារដែលវិនិយោគិនសាធារណៈ ទិញភាគហ៊ុនដោយផ្ទាល់ពីក្រុមហ៊ុនបោះផ្សាយ។ គឺប្រៀបបាននឹងការទិញទំនិញមួយ ដោយអ្នកប្រើប្រាស់ដោយផ្ទាល់ពីក្រុមហ៊ុនផលិត ដូច្នោះដែរ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីផ្សារបន្ទាប់ (Secondary Market)
វិនិយោគិនដែលទិញភាគហ៊ុននៅទីផ្សារដំបូង ហើយចង់លក់ភាគហ៊ុននោះចេញដើម្បីយកសាច់ប្រាក់មកវិញ ត្រូវលក់ភាគហ៊ុននោះទៅឱ្យវិនិយោគិនដទៃទៀត ដែលចង់ទិញភាគហ៊ុនរបស់ខ្លួន គឺមិនមែនលក់ទៅឱ្យក្រុមហ៊ុនបោះផ្សាយវិញទេ។ ការទិញលក់តទៅនេះ រវាងវិនិយោគិន(អ្នកទិញ) និងវិនិយោគិន(អ្នកលក់) ត្រូវបានគេហៅថា ជាការទិញលក់នៅទីផ្សារបន្ទាប់ គឺប្រៀបបាននឹងការជួញដូរវត្ថុ”ជជុះ” រវាងអ្នកប្រើប្រាស់ដូចគ្នាដូច្នោះដែរ គ្រាន់តែភាគហ៊ុនមិនចេះសិករិចរិលប៉ុណ្ណោះ។

ការជួញដូរនៅទីផ្សារបន្ទាប់ គឺធ្វើឡើងនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(ផ.ម.ក.)។ ផ.ម.ក. មានតួនាទីចម្បងក្នុងការផ្តល់សេវាទីកន្លែង និងប្រព័ន្ធជួញដូរ សម្រាប់វិនិយោគិនងាយស្រួលរកគ្នាឃើញ(អ្នកលក់និងអ្នកទិញ) ដើម្បីជួញដូរជាមួយគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here