កម្ពុជាស្នើស៊ុយអែតជួយអភិវឌ្ឍន៍វិស័យការងារនិងធនធានមនុស្សនៅកម្ពុជាបន្ថែម

ដោយៈលក្ខិណា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា កម្ពុជាបានស្នើទៅស៊ុយអែត ជួយអភិវឌ្ឍន៍វិស័យការងារ និងធនធានមនុស្សបន្ថែមទៀត ដែលការស្នើនេះធ្វើឡើងក្នុងជំនួបរវាងលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Bjorn Haggmark ឯកអគ្គរាជទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២២ មិថុនា ២០២១នេះ។

នៅក្នុងជំនួបនោះភាគីទាំងពីរ បានសំដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងរដ្ឋាភិបាលប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសលើវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលភាគីទាំងពីរក៏មានគម្រោងកិច្ចសហប្រតិបត្តិការជាច្រើន ដែលកំពុងបន្ត និងសមិទ្ធផលជាច្រើនដែលភាគីទាំងពីរខិតខំសម្រេចបាន។

លោកអ៊ិត សំហេង បានថ្លែងអំណរគុណភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (SIDA) តាមរយៈទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអ៊ែត (SPES) ដែលជួយគ្រាំទ្រដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងក្រសួងអប់រំ យុវជន និងកីឡាក្នុងការអនុវត្តរួមគ្នានូវគម្រោងចំនួន២ គឺ គម្រោងស្តីពី ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជា” ផ្តើមអនុវត្តតាំងពីឆ្នាំ២០១៣ និងបានបញ្ចប់នៅខែមីនា ឆ្នាំ២០១៩ និងគម្រោងស្តីពី“មគ្គុទ្ទេសក៍អាជីព និងការផ្តល់ប្រឹក្សាសម្រាប់មធ្យមសិក្សា-ស្ពានចម្លងឆ្ពោះទៅកាន់ពិភពការងារ” ចាប់អនុវត្តពីខែមករា ឆ្នាំ២០១៩ ដល់ខែកក្កដា ឆ្នាំ២០២១។

លើសពីនេះ ទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអ៊ែត សហការជាមួយអង្គការជំនួយព្រះវិហារហ្វាំងឡង់ បាននិងកំពុងសិក្សាលើលទ្ធភាព នៃកិច្ចសហប្រតិបត្តិការលើសំណើគម្រោងថ្មីៗបន្ថែមទៀត ដោយផ្តោតសំខាន់លើការគាំទ្រដល់ជនពិការនៅក្នុងទីផ្សារការងារកម្ពុជា សម្រាប់ឆ្នាំ ២០២១-២០២៤ ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោយពីបានផ្តល់ការគាំទ្រ ចំពោះគំនិតផ្តួចផ្តើមសាកល ជាយន្តការថ្នាក់ជាតិ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង សម្រាប់គាំទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងផែនការជាសមាជិក។

យ៉ាងណាកម្ពុជាក៏បាន និងកំពុងបន្តអនុវត្តបានយ៉ាងល្អ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគំាទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកលនេះ ដោយពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

ពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព ដើម្បីធានាបាននូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែលតំណាងឱ្យសម្លេង និងឆន្ទៈពិតប្រាកដរបស់កម្មករនិយោជិត និងនិយោជក ក្នុងការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ និងជាដៃគូសន្ទនាដ៏មានប្រសិទ្ធភាពក្នុងកិច្ចសន្ទនាសង្គម។

ពង្រឹងការអនុវត្តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ជាក្របខ័ណ្ឌគតិយុត្តិរឹងមាំក្នុងការការពារប្រកបដោយនិរន្តរភាព នូវប្រាក់ឈ្នួលរបស់កម្មករនិយោជិត និងធានានូវការប្រើប្រាស់យន្តការចរចារត្រីភាគី តាមបែបប្រជាធិបតេយ្យ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ដោយឈរលើលក្ខណៈវិនិច្ឆ័យបែបវិទ្យាសាស្រ្ត ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

ពង្រឹងយន្តការដោះស្រាយវិវាទការងារ ទាំងនៅដំណាក់កាលផ្សះផ្សារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងក្រៅប្រព័ន្ធតុលាការ ដោយ ក្រុមប្រឹក្សាអាជ្ញាកណ្តាល សំដៅធានាបាននូវយុត្តិធ៌មការងារ កាត់បន្ថយបាននូវបញ្ហាប្រឈមរវាងនិយោជក និងកម្មករនិយោជិត ក៏ដូចជាបង្កើនភាពជឿជាក់ លើប្រព័ន្ធដោះស្រាយវិវាទរវាងភាគីពាក់ព័ន្ធ ដែលកាន់តែធ្វើឱ្យវប្បធ៌មនៃកិច្ចសន្ទនាសង្គមមានភាពរឹងមាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here