តម្លៃជួញដូរមូលបត្រនៅកម្ពុជាកើនឡើងប្រមាណ៧៩៣ភាគរយនៅដើមឆ្នាំនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ទំហំជួញដូរភាគហ៊ុនសរុប មានចំនួន៥.៥៣៤.១៤៦ភាគហ៊ុន បានកើនឡើងប្រហែល ៥១% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២០ និងកើនឡើង៨៨៧%ធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នេះ។ នេះបើយោងតាមការប្រតិបត្រទិន្នន័ជួញដូរមូលបត្រ ចេញផ្សាយនៅថ្ងៃតី១៦ ខែមិថុនា ឆ្នាំ២០២១។

ចំណែកឯ តម្លៃជួញដូរមូលបត្រសរុប មានតម្លៃប្រហែល៣៤,៨៤ពាន់លានរៀល (ប្រហែល ៨,៦១ លាន ដុល្លារអាមេរិក) បានកើនឡើងប្រហែល១៥២% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២០ និងបានកើនឡើងប្រមាណ៧៩៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

ចំពោះ ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ មានចំនួនប្រហែល៩០,៧២៤ភាគហ៊ុន ខណៈដែលមានតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ មានតម្លៃប្រហែលប្រហែល៥៧១លានរៀ​ល (ប្រហែល១៤១,១៨ពាន់ដុល្លារអាមេរិក)។ ចំណែកឯបញ្ជាទិញសរុបមានចំនួន ប្រហែល២៤៥៥លានភាគហ៊ុន ខណះដែលបញ្ជា លក់សរុបមានចំនួនប្រហែល១៨,០៨លានភាគហ៊ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទំហំមូលធនូបនីយកម្មទីផ្សារសរុប នៃទីផ្សារមូលបត្រកម្មសិទ្ធិ នៅចុងត្រីមាសទី១ ឆ្នាំ២០២១ មានតម្លៃប្រហែល៩,៧០ទ្រីលានរៀល (ប្រហែល២,៤០ពាន់លានដុល្លារអាមេរិក) និងសន្ទស្សន៍ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) មានចំនួន៦៣៩,៣៦ពិន្ទុ។

ដោយឡែក ចំពោះទីផ្សារមូលបត្របំណុល មិនមានការជួញដូរលើសញ្ញាបណ្ណសាជីវកម្មណាមួយនោះទេ។
លោកស៊ូ សុជាតិអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានឱ្យដឹងថា ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រ ត្រូវបានរៀបរៀង និងបោះផ្សាយជាទៀងទាត់រៀងរា​ល់មួយត្រីមាសម្តង ដោយផ្អែកលើទិន្នន័យជួញដូរមូលបត្រជាក់ស្តែង នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ដែលជាទីផ្សារប្រតិស្រុត ទទួលបានការអនុញ្ញាតពី ន.ម.ក.។

លោកបានថ្លែងថា ព្រឹត្តិបត្រនេះ មានគោលបំណងផ្សព្វផ្សាយ ជូនសាធារណជនដើម្បីជ្រាប និងយល់ដឹងអំពីសកម្មភាពជួញដូរមូលបត្រនៅ ផ.ម.ក.។ ក្នុងនោះដែរ ដើម្បីផ្ដល់ភាពងាយស្រួលជូនអ្នកអាន ព្រឹត្តិបត្រនេះត្រូវបានបែងចែកជាផ្នែក ដូចជា សេចក្តីផ្តើម ការជួញដូរមូលបត្រកម្មសិទ្ធិ ការជួញដូរមូលបត្របំណុលនិងសេចក្តីសង្ខេប ដោយមានបង្ហាញពីទិន្នន័យបញ្ជ និងការជួញដូរ និន្នាការថ្លៃ និងការចូលរួមរបស់វិនិយោគិនតាមប្រភេទមូលបត្រនីមួយៗ។

លោកបានថ្លែងបន្តថា“ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វិនិយោគិន សាធារណជន ស្ថាប័ន​ស្រា​វជ្រាវ អ្នកវិភាគឯករាជ្យ និងតួអង្គ ពាក់ព័ន្ធផ្សេងទៀត នឹងយកទិន្នន័យដែលមាននៅក្នុងព្រឹត្តិបត្រនេះ ទៅប្រើប្រាស់ ឬវិភាគប្រកបដោយ វិជ្ជាជីវៈ និងមានក្រមសីលធម៌ ជៀសវាងការបកស្រាយខុសពីខ្លឹមសារពិត ដែលអាចនាំឱ្យសាធារណជន មានការភ័ន្តច្រឡំ និងអាចធ្វើឱ្យមានខាតបង់ដល់វិនិយោគិន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here