កម្ពុជាគ្រោងពង្រីកទិសដៅនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអន្តរជាតិធំៗចំនួន៥បន្ថែមទៀត

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន Top Planning Japan (TPJ) សហការជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ នឹងពង្រីកទិសដៅនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជាទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា ចិន និងអូស្រ្តាលី បន្ទាប់នាំចេញទីផ្សារជប៉ុនទទួលបានជោគជ័យ។

ការបង្ហាញទិសដៅនាំចេញថ្មីៗនេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ អញ្ជើញមកពិនិត្យសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់សិប្បកម្ម កែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ ដែលមានទីតាំងនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយសម្រួលពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៅថ្ងៃទី១៣ ខែមិថុនាកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ សហការជាមួយសមាគមស្វាយចន្ទីកម្ពុជា កសាងឃ្លាំងស្តុកគ្រាប់ស្វាយចន្ទីស្រស់ ដែលមានសមត្ថភាពស្តុកទុកគ្រាប់យ៉ាងតិច៥០០០តោន ដើម្បីធានាបរិមាណផ្គត់ផ្គត់ និងតម្លៃកិច្ចសន្យា។ នៅឆ្នាំ២០២៣ ក្រុមហ៊ុនTPJ គ្រោងបង្កើតរោងចក្រកែច្នៃ ដែលមានសមត្ថភាពផលិតបានរហូតដល់ ២ ០០០-៣ ០០០តោន/ឆ្នាំ។

តាមរបាយការណ៍របស់នាយកដ្ឋានកសិ-ឧស្សាហកម្ម បានឲ្យដឹងថា ដោយមានការគាំទ្រពីអង្គការ JICA) ក្រុមហ៊ុន TPJ បានទទួលគម្រោងគាំទ្រ ដើម្បីសិក្សាលំអិតអំពីស្ថានភាពទូទៅ នៃខ្សែច្រវាក់តម្លៃស្វាយចន្ទី ក្នុងគោលបំណងកសាងផែនការមេសម្រាប់អភិវឌ្ឍន៍ និងលើកកកម្ពស់ផលិតផលស្វាយចន្ទីកម្ពុជា រយៈពេល១៤ខែ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងខេត្តគោលដៅចំនួន៤ (ព្រះវិហារ កំពង់ធំ សៀមរាប និងខេត្តកំពង់ចាម)។

ជាការសាកល្បងអនុវត្តន៍គម្រោង ក្រុមហ៊ុន TPJ បានចុះកិច្ចព្រមព្រៀងជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ក្នុងការទិញគ្រាប់ស្វាយចន្ទី ដើម្បីធ្វើការកែច្នៃសាកល្បងប្រមាណចំនួន១៥០តោន។ ទទួលបានទុនវិនិយោគពាណិជ្ជកម្ម ពីក្រុមហ៊ុន បានចរចារទិញគ្រាប់ស្វាយចន្ទី តាមការចរចារតម្លៃលើប្រភេទ និងគុណភាពតាមទីផ្សារជាក់ស្តែងប្រមាណ២០ម៉ឺនដុល្លាក្នុងឆ្នាំ២០២០។

ឆ្នាំ២០២១ នេះសិប្បកម្មគ្រោងទិញគ្រាប់ស្វាយចន្ទី ចំនូន១០០០តោន ពីកសិករ ដែលក្នុងនោះ ក៏នឹងសាកល្បងកែច្នៃគ្រាប់ស្វាយចន្ទីសរីរាង្គ ចំនួន៣០តោនដែលទទួលទិញពីសហគមន៍ ផលិតគ្រាប់ស្វាយចន្ទីសរីរាង្គក្នុងខេត្តព្រះវិហារ។

ដោយមានការជួយជ្រោមជ្រែងពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន Top Planning Japan (TPJ) បានចុះអនុសារណៈយោគយល់គ្នា (MOU) ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច ជាការសាកល្បង។

MOU នេះមានគោល បំណងលើកកម្ពស់គុណភាពគ្រាប់ស្វាយចន្ទីស្រស់ និងផ្តល់តម្លៃខ្ពស់ដល់កសិករក្នុងតំបន់ និងកសិករដែលបានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ធានាគុណភាព និងសុវត្ថិភាពគ្រាប់ស្វាយចន្ទី បង្កើតឱកាសការងារ និងប្រាក់កម្រៃសមរម្យដល់ស្រ្តី និងយុវជននៅក្នុងសហគមន៍ និងលើក កម្ពស់សមត្ថភាពប្រកួតប្រជែងទាំងនៅលើទីផ្សារនៅក្នុងតំបន់ និងទីផ្សារអន្តរជាតិ។ បច្ចុប្បន្នសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន១០តោន/ខែ។

លទ្ធផលនៃការអនុវត្ត MOU និងដោយមានកិច្ចសហការល្អ ជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម ធ្វើឲ្យគ្រាប់ស្វាយចន្ទីកែច្នៃរួចបានបង្ហាញខ្លួន នៅលើទីផ្សារជប៉ុននាពេលថ្មីៗនេះ។ ជាក់ស្តែង នៅថ្ងៃទី៧ ខែឧសភា សិប្បកម្មគ្រាប់ស្វាយចន្ទីជ័យសំបូរ បាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចចំនួន៧តោន ទៅកាន់ប្រទេសជប៉ុនសម្រាប់លើកទី១ ហើយលើកទី២ គឺនៅថ្ងៃនេះតែម្តងមានចំនួន៩តោន បានដាក់ចូលក្នុងទូកុងទីន័ររួចរាល់ គ្រោងនាំចេញនៅថ្ងៃទី១៧ខាងមុខ ហើយសង្ឃឹមថា ផលិតផលខ្មែរនេះនឹងទៅដល់ទីក្រុង OSAKA នៅថ្ងៃទី១៥ ខែកក្កដា។

សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ គ្រោងនាំចេញក្នុងបរិមាណ៩តោន ជារៀងរាល់ខែ ហើយបរិមាណនេះនឹងមានការកើនឡើង តាមការបញ្ជាទិញពីទីផ្សារជប៉ុននាពេលអនាគត។ ក្រៅពីទីផ្សារអន្តរជាតិ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានផ្គត់ផ្គងឲ្យទីផ្សារក្នុងស្រុក ដូចជា សហករណ៍សរីរាង្គខ្មែរ លក់ដុំ លក់រាយជូនអតិថិជនទៅតាមបណ្តាខេត្ត និងតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here