ស្ថាប័នហិរញ្ញវត្ថុជាច្រើនបានចាប់ដៃគ្នាដើម្បីពង្រីកការផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ដាប់ប៊ែលយូប៊ី ហ្វាយនែន (WB Finance) ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា និងក្រុមហ៊ុន លី ហួរ ផេប្រ៉ូ (លី ហួរ វេរលុយ) ជាក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់ដ៏ធំមួយនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ នៃការសហការគ្នាជាផ្លូវការ ដើម្បីជំរុញសេវាហិរញ្ញវត្ថុទូទាត់កម្ចីនៅកម្ពុជា។

ការសហការគ្នានេះនឹងអនុញ្ញាតឱ្យអតិថិជនទាំងអស់របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ទូទាត់ប្រាក់កម្ចីប្រកបដោយភាពងាយស្រួលតាម រយៈភ្នាក់ងារ លី ហួរ វេរលុយ ទូទាំងប្រទេស ដោយមិនគិតកម្រៃសេវា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅល្ងាចនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។

លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា “ដាប់ប៊ែលយូប៊ី ហ្វាយនែន ប្តេជ្ញាអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀតសម្រាប់អតិថិជន តាមរយៈការផ្តល់នូវជម្រើសសម្បូរបែបក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងដើម្បីបំពេញតម្រូវការរបស់អតិថិជនបានកាន់តែប្រសើរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានបន្តថា ភាពជាដៃគូនេះបានពង្រឹង និងពង្រីកបណ្តាញទូទាត់ប្រាក់កម្ចីឱ្យកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពសម្រាប់អតិថិជនរបស់ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្រៅពីការទូទាត់ប្រាក់កម្ចី តាមរយៈបណ្តាយសាខាទាំង ១៣៦ ទូទាំងប្រទេស សេវាធនាគារចល័ត និងភាគីដៃគូដទៃទៀត។

លោក បានឱ្យដឹងទៀតថា “យើងកំពុងរង់ចាំការចាប់ផ្តើមធ្វើ ប្រតិបត្តិការសេវាហិរញ្ញវត្ថុ ជាមួយ លី ហួរ វេរលុយ ដែលនេះជាការផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ប្រសើរមួយដល់អតិថិជនរបស់យើង។ យើងនឹងបន្តចាប់ដៃគូលើកិច្ចសហប្រតិបត្តិការសេវាហិរញ្ញវត្ថុថ្មីៗបន្ថែមទៀតនាពេលខាងមុខ”។

ដោយឡែក លោក ឧកញ្ញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ វេរលុយ និងជាអនុប្រធានក្រុមហ៊ុន លីហួរគ្រុប មានប្រសាសន៍ថា “លី ហួរ វេរលុយ គឺជាក្រុមហ៊ុនផ្ទេរប្រាក់ដ៏ធំមួយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ដោយឈរលើចក្ខុវិស័យ ច្បាស់លាស់ និងរឹងមាំ ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុក្រៅប្រព័ន្ធធនាគារ មានដូចជា សេវាផ្ទេរប្រាក់ ដាក់ប្រាក់ ដកប្រាក់ បង់ទឹក បង់ភ្លើង សំរាម បសស បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ ទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ជាច្រើនទៀត ជាមួយកម្រៃសេវាសមរម្យ”។

លីហួរ វេរលុយ មានបំណងពង្រីកភ្នាក់ងារឱ្យបានចំនួន ១០.០០០ ទីតាំងនៅទូទាំងប្រទេសក្នុងឆ្នាំ២០២១។ លើសពីនេះ យើងមានគម្រោងដាក់ឱ្យដំណើរការកម្មវិធី លី ហួរ ផេ (APP) ដើម្បីឱ្យអតិថិជន និងអ្នកប្រើប្រាស់ដទៃទៀតមានជម្រើសសម្បូរបែប និងមានភាពងាយស្រួលក្នុងកាប្រើប្រាស់សេវារបស់យើង តាមរយៈទូរសព្ទដៃផ្ទាល់ខ្លួន។

លោក ឧកញ្ញ៉ា លី សុភាព បានថ្លែងថា “យោងតាមចក្ខុវិស័យ និងបេសកម្មនេះ យើងជឿជាក់ថា លី ហួរ ផេប្រ៉ូ និងដាប់ប៊ែលយូប៊ី ហ្វាយនែន នឹងសហការគ្នាលើផ្នែកដទៃទៀតនៃសេវាហិរញ្ញវត្ថុដែលខ្លួនមាន ក្នុងន័យជួយសន្សំសំចៃ នឹងផ្តល់ភាពងាយស្រួលជូនអតិថិជន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here