ខេត្តមណ្ឌលគិរីចាប់ផ្តើមជួសជុលផ្លូវឆ្ពោះទៅរមណីយសមុទ្រឈើដើម្បីត្រៀមទទួលភ្ញៀវទេសចរ

ដោយៈ លក្ខិណា
ភ្នំពេញៈ រដ្ឋបាលខេត្តមណ្ឌលគីរីបានចាប់ផ្ដើមបើកការដ្ឋានជួសជុលផ្លូវឆ្ពោះទៅរមណីយដ្ឋានសមុទ្រឈើ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ៦ពាន់លានរៀលឬប្រមាណ១,៥លានដុល្លារអាមេរិក ដើម្បីត្រៀមទទួលភ្ញៀវទេសចរក្នុង និងបរទេសឡើងវិញទៅកម្សាន្តនិងទស្សនារមណីយដ្ឋានមួយនេះនៅពេលឆាប់ៗ ក្រោយវិបត្តិកូវីដ១៩ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគីរីនៅថ្ងៃទី២៨ ឧសភា ២០២១នេះឱ្យដឹងថាកំណាត់ផ្លូវ១ខ្សែនេះត្រូវបានឈូសឆាយពង្រីកឲ្យធំជាងមុន និងមានប្រព័ន្ធលូបង្ហូរនៅអមសងខាងផ្លូវ ហើយចំពោះការស្ថាបនាឡើងវិញនេះដែរ ក៏ជាប្រភេទផ្លូវដែលមានគុណភាពខ្ពស់ជាងមុន។

លោកស៊ន សារុននាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឲ្យដឹងថា កំណាត់ផ្លូវដែលកំពុងជួសជុលគឺចាប់ពីចំណុចផ្លូវបំបែកភ្នំកិនថ្ម និងភ្នំដោះក្រមុំ ឆ្ពោះទៅមុខប្រវែង២.៤០០ម៉ែត្រ ទទឹង១០ម៉ែត្រ ចាក់កៅស៊ូ២ស្រទាប់ ទទឹង៦ម៉ែត្រ (ប្រភេទDBST) និងមានចាក់បេតុងសរសៃដែកអមសងខាងតួផ្លូវ ទទឹង២ម៉ែត្រ សរុបប្រវែង៤.៦០០ម៉ែត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកនាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បន្តថា ការស្ថាបនាផ្លូវ១ខ្សែនេះមានគុណភាពល្អជាងមុន ដោយមានរៀបចំប្រព័ន្ធលូជ្រុង ទំហំ(០,៨០គុណ០,៨០) ប្រវែង៨០០ម៉ែត្រ គម្របកម្រាស់១២ស.ម. ដាក់លូទទឹងផ្លូវចំនួន៦កន្លែងផងដែរ។

លោកបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវមួយខ្សែនេះក្រោមកញ្ចប់ថវិការបស់រដ្ឋបាលសាលាខេត្តមណ្ឌលគិរី ប្រមាណ៦ពាន់លានរៀល និងប្រើពេលប្រមាណ២ទៅ៣ខែទៀត នឹងអាចបិទបញ្ចប់ការដ្ឋានសាងសង់ ។

កំណាត់ផ្លូវ១ខ្សែនេះជាច្រកផ្លូវសេដ្ឋកិច្ចមួយយ៉ាងសំខាន់ ព្រោះផ្លូវនេះឆ្ពោះទៅរមណីយដ្ឋាន សមុទ្រឈើដ៏ល្បីល្បាញរបស់ខេត្តមណ្ឌលគិរី ដែលអ្នកទេសចរមិនដែលរំលងទេ។ មួយវិញទៀតអ្នកភូមិឡៅការដែល សម្បូរទៅដោយជនជាតិដើមភាគតិចផងនោះ បានប្រកបរបរកសិកម្មជាច្រើនប្រភេទ និងតែងដឹកកសិផលរបស់ ពួកគាត់ឆ្លងកាត់តាមផ្លូវនេះមកទីប្រជុំជនក្រុងជារៀងរាល់ថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here