ការទូទាត់ដោយមិនប្រើសាច់ប្រាក់នៅកម្ពុជាកើនឡើងគួរកត់សម្គាល់

ដោយលក្ខិណា

ភ្នំពេញៈ ជាការកត់សម្គាល់ការទូទាត់រាល់ការចំណាយនានាក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថា បានប្រើបច្ចេកវិទ្យាទូទាត់ជំនួសអោយការប្រើសាច់ប្រាក់ផ្ទាល់ ដែលជាវិធីសាស្ត្រពេញនិយមរួចហើយ នៅបណ្ដាប្រទេសរីកចម្រើនលើពិភពលោក ។ បច្ចេកវិទ្យានេះ គឺមានសុវត្ថិភាពកាន់តែខ្លាំងបើធៀបទៅនឹងការប្រើប្រាស់សាច់ប្រាក់ផ្ទាល់។

តាមការសិក្សារបស់ក្រុមហ៊ុនវីសាប្រចាំកម្ពុជាបានបង្ហាញថា ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless (ដោយមិនប្រើសាច់ប្រាក់ ) មានការកើនឡើងនៅក្នុងប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះ៤២ភាគរយ នៃប្រតិបត្តិការកាតទាំងអស់ ត្រូវបានធ្វើឡើង ដោយគ្រាន់តែប៉ះកាតជាមួយម៉ាស៊ីនឆូតកាតភ្លាម ទូទាត់បានភ្លាម ឬគេហៅថា ប៉ះដើម្បីបង់ប្រាក់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមលោកស្រីជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុនវីសាប្រចាំប្រទេសកម្ពុជាបានអោយដឹងថា ចាប់តាំងពីត្រីមាសទី២នៃឆ្នាំ ២០២០នេះ មកក្រុមហ៊ុនហិរញ្ញវត្ថុលំដាប់អន្តរជាតិវីសា បានបើកយុទ្ធនាការលើកកម្ពស់ការទូទាត់ តាមរយៈបច្ចេកវិទ្យា Contactless ដែលជាបច្ចេកវិទ្យាថ្មីមួយ ដោយចាប់ដៃគូជាមួយក្រុមហ៊ុន ដែលមានស្លាកសញ្ញាល្បីៗមួយចំនួន រួមមានផ្សារទំនើប DFI Lucky និង AEON Max Valu ក៏ដូចជាស្ថានីយប្រេងឥន្ធនៈ Caltex ជាដើម ។

លោកនិយាយថា“តាមរយៈការដាក់ដំណើរប្រើប្រាស់ការទូទាត់ តាមបច្ចេក Contactless  នៅតាមបណ្ដាសាខាផ្សារ និងហាងទំនើបទាំងអស់នេះ យើងសង្ឃឹមថានឹងផ្ដល់ជូនអតិថិជននូវការអប់រំស្ដីពី អត្ថប្រយោជន៍នៃវិធីសាស្ត្រទូទាតប្រាក់ថ្មីៗ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩”។

លោកស្រីបន្តថា ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យាcontactless គឺជាមធ្យោបាយទូទាត់ថ្មីមួយដែលមានភាពងាយស្រួលជាងមុន រហ័ស និងអនុញ្ញាតអោយអ្នកប្រើប្រាស់គ្រាន់តែប៉ះ Visa card នៅជិតម៉ាស៊ីនគិតប្រាក់ ដើម្បីធ្វើប្រតិបត្តិការទិញទំនិញរហូតដល់៥០ដុល្លារ ដោយមិនតម្រូវអោយមានការចុះហត្ថលេខាអ្វីឡើយ ។ តែប្រសិនបើការទិញលើសពីទឹកប្រាក់៥០ដុល្លារ អតិថិជននឹងតម្រូវអោយចុះហត្ថលេខា ឬបញ្ចូលលេខសម្ងា​ត់ដើម្បីធ្វើប្រតិបត្តិការ ។

លោកស្រីបន្ថែមថា ការទូទាត់តាម contactless ផ្ដល់ជម្រើសជាច្រើនដល់អ្នកប្រើប្រាស់ក្នុងការទូទាត់សាច់ប្រាក់ ជំនួសអោយការយកសាច់ប្រាក់តាមខ្លួន។ កាតដែលមានបច្ចេកវិទ្យា Contactless អនុញ្ញាតអោយទូទាត់ងាយស្រួល និងលឿនជាងមុន នឹងជាជម្រើសដ៏ល្អក្នុងការទូទាត់នៅពេលធ្វើដំណើរ ។ ការទូទាត់តាមបច្ចេកវិទ្យានេះ ក៏ជាកត្តារួមចំណែកក្នុងការកាត់បន្ថយនូវការឆ្លងរាលដាលនៃកូវីដ១៩ តាមរយៈការកាត់បន្ថយការប៉ះពាល់ផ្ទាល់នៅលើវត្ថុនានាតាមទីសាធារណៈផងដែរ ។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជា ធ្លាប់បានលើកឡើងផងដែរថា ការទូទាត់តាមបច្ចេកវិទ្យាផ្សេងៗ ដោយមិនប្រើប្រាស់សាច់ប្រាក់ បានផ្ដល់នូវប្រ​យោ​ជន៍ច្រើនសម្រាប់សេដ្ឋកិច្ច និងបរិស្ថាន ជាក់ស្ដែងវាបានកាត់បន្ថយនូវការប៉ះពាល់ប្រាក់ ហើយរក្សាក្រដាសប្រាក់អោយនៅថ្មី បានយូរនឹងមិនធ្វើអោយធនាគារកណ្ដាលនៃប្រទេសនិមួយៗ បោះពុម្ពប្រាក់សម្រាប់បំពេញតម្រូវការបន្ថែមឡើយ ។ ការចាយវាយតាមបច្ចេកវិទ្យា នឹងមិនចាំបាច់ដាក់ប្រាក់តាមខ្លួននិងភ័យព្រួយពីការបាត់បង់ឡើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here