ក្រុមអាជីវករបោះដុំបន្លែធំៗនៅរាជធានីស្នើដល់អាជ្ញាធរជួយពន្លឿនការវិលទៅលក់នៅទីតាំងចាស់វិញ

ដោយៈ សាវុធ
ភ្នំពេញ៖ ក្រុមអាជីវករបោះដុំបន្លែនៅផ្សារនាគមាស និងផ្សារដើមគរ បានស្នើដល់អាជ្ញាធរជួយដោះស្រាយ ដើម្បីពន្លឿនការរៀបចំឱ្យបានវិលទៅលក់នៅទីតាំងចាស់វិញ។

បើទោះបីជាផ្សាររដ្ឋអនុញ្ញាតឲ្យអាជីវកលក់បន្លែត្រីសាច់ និងគ្រឿងឧបភោគបរិភោគឡើងវិញយ៉ាងណាក៏ដោយ ក្រុមអាជីវករបោះដុំនៅផ្សារនាគមាស និងផ្សារដើមគរជាដើម មិនទាន់ទទួលដំណឹងជាក់លាក់ណាមួយទេអំពីការអនុញ្ញាតឲ្យបើកលក់នៅទីតាំងចាស់ឡើងវិញរហូតមកដល់ពេលនេះ។

ក្រុមអាជីវករផ្សារខាងលើ ដែលកំពុងដាក់លក់បន្លែតាមដងផ្លូវក្បែររង្វង់មូលគួរស្រូវ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានលើកឡើងថាការផ្លាស់មកលក់តាមដងផ្លូវប្រមាណ ២សប្តាហ៍មកនេះ ធ្វើឲ្យពួកគាត់បាត់បង់ប្រាក់ចំណូលយ៉ាងច្រើន ក៏ដូចជាបាត់បង់អតិថិជនផងដែរប្រមាណពី ៥០ទៅ៧០ភាគរយ ដោយពីមុននៅក្នុង១ថ្ងៃ ជាមធ្យមអាចលក់ចេញអស់ប្រមាណ ១ពាន់តោន ប៉ុន្តែមកទល់ពេលនេះអាចលក់ចេញប្រមាណតែ ៤០ ទៅ៥០តោនប៉ុណ្ណោះក្នុង១ថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពួកគាត់បានលើកឡើងបន្តទៀតថា រាល់ថ្ងៃនេះពិតជាចង់វិលត្រឡប់ទៅលក់ទីតាំងចាស់ឡើងវិញឆាប់ៗណាស់ និងបានសំណូមពរដល់អាជ្ញាធរជួយដោះស្រាយ ពន្លឿនការរៀបចំឲ្យបានវិលទៅលក់នៅទីតាំងចាស់ ដើម្បីមានម៉ូយឡើងវិញ។ ក្រុមអាជីវករផ្សារទាំងនេះ បានអំពាវនាវបន្ថែមទៅដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមទប់ស្កាត់ និងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ដើម្បីឲ្យប្រទេសឆាប់វិលត្រឡប់មករកភាពប្រក្រតីវិញ និងមានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។

អាជីវករលក់បន្លែរាយនៅខេត្តកណ្តាល អ្នកស្រីម៉ៅ ឌួងបាននិយាយថា ទោះបីជាទីតាំងថ្មីនេះជិត និងងាយស្រួលទិញជាងមុនក៏ដោយ ក៏អ្នកស្រីនៅតែចង់បានការវិលត្រឡប់ទៅទិញនៅផ្សារដើមគរជំនួសវិញ ព្រោះថាការលក់សព្វថ្ងៃ មានការថយចុះពាក់កណ្តាល ដោយសារអតិថិជនដែលធ្លាប់តែទិញទំនិញពីអ្នកស្រី ងាកទៅទិញនៅទីនេះដូចគ្នាដែលធ្វើបាត់បង់ចំណូល និងពិបាកលក់ជាងមុន។

ការសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់តំាងពីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ១៩ជាបន្ដបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here