តើវិស័យអចលនទ្រព្យកម្ពុជាមាននៅតែភាពល្អប្រសើរជាងគេក្នុងតំបន់អាស៊ាន សំរាប់ការវិនិយោគ

ដោយៈសាវុធ
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែមានភាពល្អប្រសើរជាងគេ ធៀបជាមួយបណ្តាប្រទេស នៅក្នុងតំបន់អាស៊ាន ទាក់ទងនឹងឱកាសវិនិយោគ និងការទាញយកផលចំណេញពីការវិនិយោគ ខណៈចិនឈរ នៅលំដាប់កំពូលមួយក្នុងការវិនិយោគតំបន់អាស៊ាន។

ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងាអចលនវត្ថុកម្ពុជា  (CVEA) លោកលឹម សុជាតិបានលើកឡើងកាលពីថ្មីៗនេះថា បច្ចុប្បន្នមានអ្នកវិនិយោគិនច្រើន មកវិនិយោគនៅកម្ពុជាក៏ពិតមែន ប៉ុន្ដែកម្ពុជាមិនស្ថិតក្នុងលំដាប់ថ្នាក់ (Top4) នៃការវិនិយោគរបស់ចិនឡើយ ក្នុងចំណោមលំដាប់ថ្នាក់ទាំង៤នេះ មានតែក្នុងប្រទេសថៃ សឹង្ហបុរី វៀតណាម និងម៉ាឡេស៊ីប៉ុណ្ណោះ។

ទោះបីជាយ៉ាងនេះក្តី លោកបានថ្លែងថា “និយាយចំពោះអចលនទ្រព្យនៅកម្ពុជា មានភាពល្អជាងបណ្ដាប្រទេសផ្សេងៗ ដោយសារតែតម្លៃធូរ ហើយមានការលក្ខខណ្ឌអនុ​គ្រោះច្រើន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា និយាយជារួមចំពោះតំបន់អាស៊ាន ពិសេសប្រទេសកម្ពុជា វិនិយោគិនចិន ជាកម្លាំងទិញដ៏ធំមួយ មូលហេតុដែលចិនជាកម្លាំងទិញដ៏ធំ ដោយសារតែ ៧៨ភាគរយនៃប្រជាជនចិន ដែលមានអាយុចន្លោះ៣០-៤៩ ជាវ័យធ្វើការវិនិយោគរកប្រាក់ចំនេញ ហើយមួយវិញទៀត៦៧ភាគរយ នៃប្រជាជនចិនជាប្រជាជនដែលមានជីវភាពធូរធាខ្លាំងដែរ។

លោកលឹម សុជាតិបានបញ្ជាក់ថា “ផ្អែកលើកត្តាខាងលើនេះកម្ពុជា ខ្ញុំនៅតែមានសុទ្ធនិយមថា នៅពេលស្ថានភាពល្អប្រសើរឡើងវិញ ទោះល្អតែបន្ដិចក្ដីក៏កម្ពុជា នៅតែអាចទាក់ទាញវិនិយោគិន ពីក្រៅប្រទេសមកវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគពីប្រទេសចិននេះតែម្ដង”។

ជាមួយគ្នានេះ លោកសន សៀបអនុប្រធានប្រតិបត្តិ CVEA បានលើកឡើងថា បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយ ចិននឹងក្លាយជាប្រទេសទី១ ក្នុងការចូលមកវិនិយោគនៅកម្ពុជា។

លោកបានថ្លែងថា “ខ្ញុំជឿជាក់ថា បន្ទាប់ពីជំងឺកូវីដបានថមថយនៅកម្ពុជា ចិននឹងឈរលំដាប់ថ្នាក់ទី១ ក្នុងការវិនិយោគនៅកម្ពុជា។ និយាយជារួមក្រៅអំពីចិន ក៏មានប្រទេ​សផ្សេងៗដូចជា កូរ៉េ តៃវ៉ាន់ ជប៉ុន ម៉ាឡេស៊ី សឹង្ហបុរី និងថៃជាដើមផងដែរ”។

លោកបន្ដថា វិស័យអចលនទ្រព្យ ជាវិស័យមួយដែលកម្ពុជា ទទួលបានផលដោយផ្ទាល់ ពីការវិនិយោគរបស់ចិន ជាក់ស្ដែងក្នុងក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។ កាលពីឆ្នាំ២០២០ ការវិនិយោគផ្ទាល់របស់ចិន មកតំបន់អាស៊ានកើន៥១ភាគរយ ហើយចំពោះកម្ពុជាការវិនិយោគរបស់ចិនកើនដល់៧០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here