ទីផ្សារធានារ៉ាប់រងអាយុជីវិតនៅកម្ពុជានៅមានភាពទូលាយបើធៀបនឹងប្រទេសជិតខាង

ដោយៈលក្ខិណា
ភ្នំពេញៈ វិស័យធានារ៉ាប់រងអាយុជីវិត ទើបតែបានមកដល់កម្ពុជា ក្នុងអំឡុងឆ្នាំ២០១២ប៉ុណ្ណោះ ដែលគិតមកដល់ពេលនេះ វិស័យធានារ៉ាប់រងអាយុជីវិត មានអាយុទើបតែជិត១០ឆ្នាំប៉ុណ្ណោះ និងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីអប់រំពលរដ្ឋកម្ពុជាឱ្យយលដឹងពីសារសំខាន់នៃវិស័យមួយនេះ។

ដូច្នេះហើយទើបគេអាចនិយាយថា ទីផ្សារនៃវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា នៅមានភាពទូលាយបើធៀបនឹងប្រទេសជិតខាងកម្ពុជា។

លោកចាន់ រដ្ឋានាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់ FWD Life Insurance Cambodia បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា វិស័យធានារ៉ាប់រងអាយុជីវិតបានកើតនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១២ ហើយក៏មានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋាភិបាលកម្ពុជា ។ រហូតមកដល់ពេលនេះ វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា បានកកើតឡើងរយៈពេល៩ឆ្នាំ ហើយអ្នកខ្លះគិតថាវាយូរគួរសម តែបើធៀបនឹងបណ្ដាប្រទេសមួយចំនួនរាប់រយឆ្នាំមកហើយ ដែលគេមានវិស័យធានារ៉ាប់រងអាយុជីវិតនេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “បើធៀបជាមួយនឹងប្រទេសជិតខាង វិស័យធានារ៉ាប់រងអាយុជីវិតកម្ពុជានៅមានភាពក្មេងខ្ចីនៅឡើយ ក៏ប៉ុន្តែរយៈ៩ឆ្នាំកន្លងទៅនេះ វិស័យធានារ៉ាប់រងអាយុជីវិតកម្ពុជា ក៏បានបង្រៀនពលរដ្ឋកម្ពុជា ឱ្យយល់ដឹងពីសារសំខាន់នៃធានារ៉ាប់រងអាយុជីវិត និងមានអ្នកប្រើប្រាស់សេវាកម្មមួយនេះជាបន្តបន្ទាប់ផងដែរ”។ លោកបន្តថា “រហូតមកដល់ពេលនេះ មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត នៅកម្ពុជាជាង១០ក្រុមហ៊ុនហើយ ទាំងក្រុមហ៊ុនអន្តរជាតិនាំចូល និងក្រុមហ៊ុនក្នុងស្រុក”។

លោកបន្តថា វិស័យនេះ ក៏បានជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា មួយចំនែកផងដែរ ដូច្នេះហើយទើបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគាំទ្រចំពោះការនាំចូល និងបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ។ ប៉ុន្តែបើគិតជារួមវិស័យធានារ៉ាប់រងអាយុជីវិតកម្ពុជាមានត្រឹមតែ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុបប៉ុណ្ណោះ។

លោករដ្ឋាបានបន្ថែមថា ទោះបីជាវិស័យនេះ បានកកើតឡើងនៅក្នុងប្រទេសកម្ពុជាជិត១០ឆ្នាំមកហើយក្ដី តែធនធានមនុស្សជំនាញនៅក្នុងវិស័យនេះ ក៏នៅតែមានកម្រិតទាបនៅឡើយ និងត្រូវការបណ្ដុះបណ្ដាលជំនាញនេះបន្ថែមទៀត។ តាមរយៈការយកក្រុម​ហ៊ុនថ្មីៗ ពីខាងក្រៅប្រទេសចូលកម្ពុជា ក៏អាចជួយបណ្ដុះធនធានមនុស្សនៅកម្ពុជាជាបន្តបន្ទាប់ផងដែរ។

ជាមួយគ្នានេះ លោកយក់ ចំរើនឬទ្ធអគ្គនាយកនៃក្រុមហ៊ុនហ្វតតេឡៃហ្វ៍ ក៏បានឱ្យដឹងថាវិស័យនេះ នៅមានទីផ្សារទូលំទូលាយ បើធៀបនឹងបណ្ដាប្រទេសជិតខាង ។ នៅកម្ពុជាមានក្រុមហ៊ុនតែប៉ុន្មានទេ ដែលផ្ដោតលើធានារ៉ាប់រងអាយុជីវិត ហើយផ្សេងទៀតគឺធានារ៉ាប់រងទូទៅ។

លោកនិយាយថា “វាក៏ជាមោទនភាពមួយផងដែរ ដែលបុព្វលាភធានារ៉ាប់រងអាយុជីវិតកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីមានក្រុមហ៊ុនថ្មីៗ បង្កើតឡើងជាបន្តបន្ទាប់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here