ភាគហ៊ុនអាស៊ីហក់ឡើង ខណៈការបារម្ភអំពីសំពាធអតិផរណាថមថយ

ដោយៈសុខុម
ហុងកុង:  ភាគហ៊ុនអាស៊ី បានហក់ឡើងនៅថ្ងៃអង្គារ ទី២៥ ឧសភាម្សិលម៉ិញនេះ នៅពេលការព្រួយបារម្ភ អំពីអតិផរណាបានថមថយទៅវិញ ខណៈតម្លៃរូបិយប័ណ្ណដុល្លារអាមេរិក បានធ្លាក់ចុះទាប៤ខែជាប់គ្នា។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets។

ការហក់ឡើងនេះកើតមានឡើង ក្រោយពីក្រុមមន្ត្រីធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក Federal Reserve បាននិយាយសម្រាលការព្រួយបារម្ភ អំពីការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងការជួញដូរកាលពីពេលព្រឹកនៅអឺរ៉ុប ផ្សារភាគហ៊ុន Euro Stoxx 50 បានហក់ឡើង០,២៧% ខណៈផ្សារភាគហ៊ុនអាល្លឺម៉ង់ DAX បានហក់ឡើង០,១៤% ហើយផ្សារភាគហ៊ុនអង់គ្លេស FTSE បានហក់ឡើង០,២១%។ ទន្ទឹមនេះ ផ្សារភាគហ៊ុនសហរដ្ឋអាមេរិក S&P 500 បានហក់ឡើង០,២៧%។

នៅអាស៊ីMSCI ដែលជាសន្ទស្សន៍ផ្សារភាគហ៊ុន ធំបំផុតរបស់អាស៊ី-ប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន បានហក់ឡើង១,៣%ក្នុងកម្រិតខ្ពស់ ក្នុងរយៈពេល២សប្តាហ៍ បន្ទាប់ពីភាគហ៊ុនអាមេរិក បានហក់ឡើងតិចតួចនៅក្នុងវគ្គជួញដូរលើកមុន។

ផ្សារភាគហ៊ុនអូស្រ្តាលី បានហក់ឡើង០,៨១%ដល់កម្រិតខ្ពស់ ក្នុងរយៈពេល២សប្តាហ៍។ ចំណែកឯសន្ទស្សន៍ផ្សារភាគហ៊ុនជប៉ុន Nikkei បានហក់ឡើង០,៦% ដែលជំរុញដោយភាគហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ទោះបីជាការហក់ឡើងនោះលាយឡំ ដោយក្ដីបារម្ភអំពីសេដ្ឋកិច្ចងើបឡើងយឺត ដោយសារការចាក់វ៉ាក់សាំងយឺតនៅក្នុងប្រទេសនេះក្ដី។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល ផ្សារភាគហ៊ុនចិនCSI300 បានហក់ឡើងរហូតដល់២,៥៨ភាគរយ ខណៈសន្ទស្សន៍ផ្សារភាគហ៊ុនក្រុងសៀងហៃ Shanghai Composite Index បានហក់ឡើង២,០៣%ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីដើមខែមីនា។ ហើយសន្ទស្សន៍ផ្សារភាគហ៊ុនក្រុងហុងកុង Hang Seng បានហក់ឡើង១,៤៣% ។

កាលពីថ្ងៃច័ន្ទ ទី២៤ ឧសភា សង្កាត់ផ្សារភាគហ៊ុនដ៏ល្បីល្បាញ Wall Street នៅសហរដ្ឋអាមេរិក បានហក់ឡើងខ្ពស់ជាពិសេសភាគហ៊ុនបច្ចេកវិទ្យា ដោយភាគហ៊ុនរបស់ក្រុមហ៊ុនApple បានហក់ឡើង១,៣៣% និងភាគហ៊ុនក្រុមហ៊ុន Microsoft បានហក់ឡើង២,២៩%។

ផ្សារភាគហ៊ុនអាមេរិក Dow Jones Industrial Average បានហក់ឡើង០.៥៤% ខណៈពេលផ្សារភាគហ៊ុន S&P 500 បានហក់ឡើង០,៩៩% ហើយផ្សារភាគហ៊ុន Nasdaq Composite បានហក់ឡើង១,៤១%៕

LEAVE A REPLY

Please enter your comment!
Please enter your name here