ឧកញ៉ាគួច ម៉េងលីៈសូមកុំជឿអ្នកនិយាយថាគ្មានដើមទុនតែរកស៊ីជោគជ័យ

ដោយៈលក្ខិណា
ភ្នំពេញៈ លោកឧកញ៉ាគួច ម៉េងលី អគ្គនាយកនៃក្រុមហ៊ុនម៉េងលី ជេគួច និងជាអ្នកដែលតែងតែចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ការធ្វើអាជីវកម្មបាននិយាយថា លោកពិតជាខ្នាញ់ ចំពោះអ្នកដែលនិយាយធ្វើអាជីវកម្ម ឬជំនួញដោយមិនប្រើដើមទុន ហើយពិតជាឆ្ងល់ថា តើគេធ្វើជំនួញរបៀបម៉េចបើគ្មានដើមទុននោះ។

លោកឧកញ៉ាមានប្រសាសន៍បន្តថា ជាធម្មតានៅលើលោកនេះ បើគ្មានប្រាក់ទេ នោះយើងមិនអាចធ្វើអ្វីបានឡើយ ប៉ុន្តែចំពោះការធ្វើអាជីវកម្ម ពេលខ្លះយើងអាចដំណើរការបាន ដោយមិនចាំបាច់ប្រើប្រាស់ថវិកាផ្ទាល់ខ្លួនគ្រប់ចំនួនក៏បានដែរ ដោយយកប្រាក់កម្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ។ ដើម្បីអាចយកប្រាក់កម្ចីពីធនាគារ មកបើកអាជីវកម្មបាន គេត្រូវតែមានទី១ គម្រោងអាជីវកម្ម (Business Plan)ទៅបង្ហាញគេ ហើយត្រូវបរិយា​យលម្អិត Business Plan នេះ ត្រូវចំណាយប៉ុនណា? ឬប៉ុន្មាន? មានទីតាំងនៅតំបន់ណា? មានអតិថិជនពេញនិយមច្រើនទេ? អាជីវកម្មរបស់យើង មានគុណភាពស្តង់ដារកម្រិតណា? អាចរកចំណូលបានតាមស្ដង់ដារឬទេ? មានធ្វើសវនកម្មហើយឬនៅ? មានបញ្ជីត្រឹមត្រូវហើយឬនៅ? មានផែនការច្បាស់លាស់ឬទេ?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបន្ថែមថា “ដើម្បីបានប្រាក់មកប្រើប្រាស់ ក្នុងការបង្កើតអាជីវកម្ម គេត្រូវដាក់គម្រោងអាជីវកម្មឱ្យធនាគារមើល ឱ្យគេវាយតម្លៃ ព្រោះប្រសិនបើគេមើលឃើញថា យើងមានចំណូលសមរម្យអាចទទួលយកបាន មានគម្រោងច្បាស់លាស់ គឺគេឱ្យយើងខ្ចីភ្លាម ទោះបីការផ្តល់កម្ចីនេះ បានត្រឹមតែពី៦០% ទៅ៧០%ក្តី”។លោកបន្តថា  “មុនពេលអនុញ្ញាតឱ្យបុគ្គលណាម្នាក់ខ្ចីប្រាក់ ទំាងធនាគារ ឬក៏មីក្រូហិរញ្ញវត្ថុ គេតែងតែសិក្សាអំពីបុគ្គលនោះជាមុនសិន ទោះជាបុគ្គលនះមានប្លង់ឱ្យគេរួចហើយក៏ដោយ ព្រោះគេចង់ដឹងថា តើបុគ្គលនោះយកប្រាក់ទៅធ្វើ ដោយបារម្ភខ្លាចអតិថិជនយកថវិកាទៅប្រើខុសគោលដៅ”។

ជាទូទៅគេសង្កេតឃើញមានអ្នកមួយចំនួន ដែលតាំងខ្លួនជាគ្រូជោគជ័យក្នុងអាជីវកម្ម និងគ្រូបង្រៀនបង្កើតអាជីវកម្ម ដោយមិនប្រើដើមទុន តែងប្រកាសកៀងគរអ្នកចូលរួមវគ្គបង្កើតអាជីវកម្មដោយមិនប្រើទុន តែយ៉ាងណាក៏មានអ្នកចូលរៀន ក្នុងវគ្គសិក្សានេះជាច្រើនផងដែរ។ ទោះជាបែបនេះក្ដី ក៏មានករណីសមត្ថកិច្ចចាប់ខ្លួនម្ចាស់ក្រុមហ៊ុន ឬបុគ្គលមួយចំនួន ដែលកៀងគរថវិកាមកវិនិយោគដោយចោទប្រកាន់ពីបទឆបោក។

អ្នកជំនាញហិរញ្ញវត្ថុជាច្រើនក៏បានក្រើនរំលឹកពលរដ្ឋ សូមកុំចាញ់បោកជនឆបោក ដោយចង់ឆាប់មានឆាប់បានដោយមិនខិតខំពេក ព្រោះវាអាចនាំឱ្យបាត់បង់ថវិកានិងពេលវេលាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here