វិនិយោគិនថៃជាប់លំដាប់លេខរៀងទី៩ក្នុងចំណោមប្រទេសវិនិយោគនៅកម្ពុជា

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ វិនិយោគិនរបស់ប្រទេសថៃដែលមានព្រំដែនជាប់កម្ពុជា បានជាប់លេខរៀងទី៩ ក្នុងចំណោមវិនិយោគិនបរទេស ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា។

ឯកអគ្គរាជទូត​របស់​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក​ ប្រទេសថៃលោក អ៊ូក សោភ័ណ្ឌបាន​ឱ្យដឹង​នៅក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅប្រទេសថៃ(CBC) កាលពីពេលថ្មីៗនេះថា ដើម្បី​ផ្សព្វផ្សាយ​ការទូត សេដ្ឋកិច្ច លើកកម្ពស់​ពាណិជ្ជកម្ម​អន្តរជាតិ និង​ទាក់ទាញ​ក្រុម​វិនិយោគិន​បរទេស​មកកាន់​កម្ពុជា ​កាន់តែ​ច្រើន​បន្ថែមទៀត ការបើក​ដំណើរការCBC នឹង​ដើរតួ​ជា​ស្ពាន​យ៉ាងសំខាន់​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “ប្រទេស​ថៃ​ស្ថិតនៅ​ក្នុងចំណោម​ ប្រទេស​វិនិយោគិន​ធំជាងគេ​ទី​ ៩ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ស្រូបយក​ប្រហែល១​ពាន់​លាន​ដុល្លារ នៅ​ចន្លោះ​ឆ្នាំ​ ១៩៩៤ និង​ចុង​ត្រីមាស​ទី៣ ​ឆ្នាំ​ ២០១៧”​។លោកបន្តថា “បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាង១ ០០០​ មកពី​ប្រទេស​ថៃ​ បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំងនោះ​មាន​ដូចជា BJC BigC Group of Companies, Siam Cement Group (SCG), Charoen Porkphand Group និង​ក្រុមហ៊ុន​ប្រតិបត្តិករ CP All Public Company ដែល​គ្រោង​នឹង​បើកហាង​លក់ 7-Eleven នៅក្នុង​ប្រទេស​កម្ពុជា”​។

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ថៃ កាលពីអំឡុង​ត្រីមាស​ទី១ ឆ្នាំ​២០២១ មាន​ចំនួន​សរុប២០៩៧,៣៤លាន​ដុល្លារ ធ្លាក់ចុះ២១,៣៦ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ក្នុងនោះ​ការនាំ​ពី​កម្ពុជា​ទៅ​ថៃ មានទំហំទឹកប្រាក់៣២៩,៥៤លាន​ដុល្លារ ធ្លាក់ ៤៨,៩២ ភាគរយ ខណៈ​ការនាំ​ទំនិញ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​មានតម្លៃ១៧៦៧,៨ លាន​ដុល្លារ ធ្លាក់ ១២,៥៧ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​របស់​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេសនៃ​ប្រទេស​ថៃ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here