រដ្ឋាភិបាលអនុញ្ញាតឱ្យផ្សាររដ្ឋបើកអាជីវកម្មឡើងវិញនៅថ្ងៃនេះ

ដោយ: សាវុធ

ភ្នំពេញៈ ផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ខណៈអាជីវករត្រូវបានអនុញ្ញាតឱ្យតែលក់ទំនិញចាំបាច់ប៉ុណ្ណោះ ដូចជាគ្រឿងឧបភោគបរិភោគ និងតូបអាហារនិងភេសជ្ជៈ ដោយគោរពតាមវិធានការសុខាភិបាល។

ក្រុមអាជីករនៅផ្សារធំថ្មីបានបង្ហាញក្តីសប្បាយរីករាយ និងលើកឡើថា នឹងចូលរួមអនុវត្តន៍ ដោយគោរពតាមការណែនាំរបស់អាជ្ញាធរ ដោយសារក្នុងអំឡុងពេលផ្អាកលក់ប្រមាណជាងមួយខែមកនេះគឺរងផលប៉ះពាល់ជាច្រើន ជាពិសេសគ្មានប្រាក់ចំណូលផ្គត់ផ្គង់ក្នុងគ្រួសារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីប្រធានគ្រប់គ្រងនៃផ្សារធំថ្មី បានថ្លែងប្រាប់ថា ជាការកត់សម្គាល់ក្នុងថ្ងៃបើកដំណើរការថ្ងៃដំបូងនេះ មើលឃើញថាទាំងបងប្អូនអាជីករ និងអតិថិជនទាំងអស់ ចូលរួមអនុវត្តន៍បានយ៉ាងល្អនូវវិធានការណែនាំ ជាពិសេសគោរពតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣ការពារ និង៣កុំ។

លោកស្រីបានបន្តថា ចំពោះអតិថិជនដែលអនុញ្ញាតឲ្យចូលផ្សារដើម្បីទិញទំនិញ ក្នុងមួយលើកអនុញ្ញាតតែចំនួនជាង៤០០នាក់ប៉ុណ្ណោះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកាចសាហាវមួយនេះ។

អ្នកស្រីអ៊ូ ទេវីអាជីករលក់គុយទាវឆានិងគួងចៃយ៉ បានថ្លែងប្រាប់ថា ការផ្អាកលក់មួយរយៈពេលកន្លងមកនេះ ធ្វើឲ្យកញ្ញាជួបការលំបាកច្រើន ដូចជាត្រូវរកប្រាក់ដើម្បីបង់ធនាគារ បង់ថ្លៃសិស្សារបស់កូនដែលរៀនតាមអនឡាញ និងថ្លៃទឹក-ភ្លើងជាដើម ខណៈដែលចំណូលរកបានមិនទៀងទាត់ដូចមុន។

អ្នកស្រីសង្ឃឹមថា ការបើកផ្សារឡើងវិញនាពេលនេះ នឹងមិនអាចបិទទៅវិញ និងអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឲ្យខានតែបាន ចំពោះការរាលដាលនៃជំងឺឆ្លងកូវីដ១៩។

ក្នុងអំឡុងពេលនៃចាប់ផ្តើមបើកដំណើរផ្សាររដ្ឋទាំងអស់ឡើងវិញនេះ សាលារាជធានីភ្នំពេញបានក្រើនរម្លឹកថា អាជីករ សន្តិសុខ បុគ្គលិក កម្មករ អតិថិជន និងជនឡាំងឡាយដែលមានវត្តមានក្នុងបរិវេណផ្សារត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពជាចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប្រសិនបើករណី មិនចូលរួមសហការនោះទេ នឹងទទួលរងការផាកពិន័យជាទឹកប្រាក់ និងសេចក្តីប្រកាសអន្តរក្រសួងចំពោះជនល្មើសដែលមិនគោរពតាមការណែនាំ។

ទាក់ទងនឹងការអនុញ្ញាតឱ្យបើកដំណើរការផ្សារឡើងវិញនេះ គឺអាចបើកបានចំពោះផ្សាររដ្ឋប៉ុណ្ណោះក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ ដោយឡែក ចំពោះផ្សារមិនរៀបរយដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវជាដើម មិនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ក្នុងសហគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here