អាមេរិកនិងស្ថាប័នធំៗពីរសហការគ្នាជំរុញការលើកកំពស់ជំនាញការទូតនៅកម្ពុជា

ដោយៈ ម៉ាណេត
ភ្នំពេញៈ ស្ថានទូតអាមេរិកនៅភ្នំពេញ មូលនិធិអាស៊ីប្រចាំកម្ពុជា និងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ (NIDIR) នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តើមសិក្ខាសាលារួមគ្នា ស្តីពីជំនាញកិច្ចការទូត នៅថ្ងៃនេះ ដើម្បីជំរុញការផ្លាស់ប្តូរមតិយោបល់ និងការអនុវត្តល្អៗ នៅក្នុងវិស័យគន្លឹះ ហើយលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។

អ្នកដឹកនាំមកពីអង្គការ ស្ថាប័នក្នុងវិស័យឯកជន ក្រុមអ្នកជំនាញផ្តល់ប្រឹក្សាស្ថាប័ន​ទូត និងពហុភាគី បានចូលរួមជាមួយអ្នកការទូតកម្ពុជាវ័យក្មេងចំនួន៣១នាក់ នៅក្នុងសិក្ខាសាលាប្រចាំសប្តាហ៍ ដែលមានជាបន្តបន្ទាប់ចំនួន៤លើក ដើម្បីផ្លាស់ប្តូរទស្សនៈលើនិន្នាការសំខាន់ៗ ដូចជាមធ្យោបាយសម្រាប់ធ្វើការ ទាក់ទងជាមួយសាធារណជនបរទេ​ស ដោយប្រើមធ្យោបាយសេដ្ឋកិច្ច ដើម្បីជំរុញផលប្រយោជន៍ជាតិ ពហុនិយម និងបន្ស៊ីគ្នានូវទិន្នន័យ និងព័ត៌មាន សម្រាប់អ្នកធ្វើគោលនយោបាយ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិកបានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់អ្នកការទូតកម្ពុជា នៅក្នុងវិទ្យាស្ថាន NIDIR ថា “បញ្ហាប្រឈមនៅក្នុងសាកលលោក នាសម័យបច្ចុប្បន្ន មិនដែលធ្លាប់មានទេពីមុនមក ហើយសហគមន៍អន្តរជាតិ ពឹងលើអ្នកការទូត “ជំនាន់ក្រោយ” ក្នុងការរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមដ៏ស្មុគស្មាញទាំងនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតឆែម គាតរិទ្ធីរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា “សិក្ខាសាលានេះ នឹងធ្វើឲ្យមានឱកាសរៀនសូត្រ និងចែករំលែកបទពិសោធន៍គ្នាល្អ សម្រាប់អ្នកការទូតវ័យក្មេងកម្ពុជារបស់យើង ដើម្បីទទួលបានទស្សនៈថ្មីៗ លើប្រធានបទនានា ដែលខ្ញុំជឿជាក់ថា នឹងធ្វើឲ្យអ្នកការទូតវ័យក្មេងកម្ពុជា របស់យើងមានចំណេះ និងជំនាញ ដែលគេត្រូវការ ដើម្បីធ្វើឲ្យខ្លួនគេរីកចម្រើនទៅមុខ នៅក្នុងពិភពលោកសព្វថ្ងៃ ដែលមានភាពស្មុគស្មាញ”។

ជាមួយគ្នានេះ លោកស្រី Meloney C. Lindberg តំណាងនៃមូលនិធិអាស៊ីប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “នេះជាឱកាសពិសេសមួយ សម្រាប់ធ្វើការចែករំលែកទស្សនៈនានា លើប្រធានបទដែលមានសារៈសំខាន់នា សព្វថ្ងៃនេះជាមួយអ្នកការទូតវ័យក្មេងកម្ពុជា និងជំរុញឲ្យមានការផ្លាស់ប្តូរគ្នា ដោយបើកចំហ និងដោយស្ថាបនា”។

គំនិតផ្តួចផ្តើមអាមេរិក-កម្ពុជា AmCam២០២១ របស់ស្ថានទូតសហរដ្ឋអាមេរិក បញ្ជាក់ពីការខិតខំធ្វើ សហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ទាក់ទងនឹងវិបុលភាព សន្តិភាព គោលការណ៍ និងភាពជាដៃគូ៕

វិទ្យាស្ថាន NIDIR ត្រូវបានបង្កើតឡើងជាផ្លូវការ នៅឆ្នាំ២០១៦ ជាគំនិតផ្តួចផ្តើមរបស់លោកប្រាក់ សុខុនឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្រោមឆ័ត្ររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វិទ្យាស្ថាននេះមានបំណងកសាងសមត្ថភាពជំនាញអាជីពរបស់អ្នកការទូតវ័យក្មេងអាជីពកម្ពុជា តាមរយៈការអភិវឌ្ឍសមត្ថភាព ដើម្បីឲ្យពួកគេអាចបំពេញកិច្ចការទូតនៅក្នុងពិភពលោក ដែលកំពុងកមានការពិបាកកាន់តែច្រើនឡើង និងជាពិសេស លើកកម្ពស់ការចូលរួម និងតួនាទីរបស់ប្រទេសកម្ពុជា នៅក្នុងកិច្ចការតំបន់។

មូលនិធិអាស៊ី គឺជាអង្គការអភិវឌ្ឍន៍អន្តរជាតិ មិនស្វែងរកកម្រៃចំណេញមួយ ដែលផ្តោតលើការលើកកម្ពស់ជីវិតរស់នៅ នៅទូទាំងតំបន់អាស៊ីដែលកំពុងមានការអភិវឌ្ឍ និងមានភាពរស់រវើក។ ដោយបានទទួលជំនាញដ៏ជ្រាលជ្រៅពីអ្នកនៅក្នុងស្រុក និងជាមួយនឹងបទពិសោធន៍រយៈពេល៦ទសវត្សរ៍ ការងាររបស់ខ្លួននៅទូទាំងតំបន់ សំដៅឈានទៅសម្រេចគោលដៅរួមចំនួន ៥ គឺពង្រឹងអភិបាលកិច្ច ផ្តល់លទ្ធភាពដល់ស្រ្តី ពង្រីកឱកាសសេដ្ឋកិច្ច បង្កើនភាពធន់នៃបរិស្ថាន និងជំរុញកិច្ចសហប្រតិបត្តិការតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here