ប្រទេសចិនកំពុងដឹកនាំមហាអំណាចដ៏ទៃទៀតដើម្បីពិភាក្សាបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន

ដោយៈ សុខុម
អន្តរជាតិៈ ប្រទេសចិន ប្រកាសថា ខ្លួនគ្រោងរៀបចំកិច្ចពិភាក្សាជាមួយអ៊ីស្រាអែល និងមហាអំណាចផ្សេងៗទៀតដើម្បីពិភាក្សាអំពីជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន បន្ទាប់ពីមហាយក្សមួយនេះបានបង្ហាញ “ការគាំទ្រពេញទំហឹង” ចំពោះប៉ាឡេស្ទីន តាមរយៈការទូរស័ព្ទនិយាយជាមួយក្រុមមន្រ្តីប៉ាឡេស្ទីន នៅសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី២០ ខែឧសភា។

មជ្ឈដ្ឋានទូទៅសង្កេតឃើញថា រដ្ឋាភិបាលក្រុងប៉េកាំង បានព្យាយាមដើរតួនាទីកាន់តែសកម្មនៅក្នុងការដោះស្រាយវិបត្តិនេះ ហើយបានប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងឋានៈជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅខែនេះធ្វើជាអាជ្ញាកណ្ដាលក្នុងដំណើរការស្វែងរកសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា។

នៅក្នុងការទូរស័ព្ទដាច់ដោយឡែកនិយាយជាមួយក្រុមមន្រ្តីប៉ាឡេស្ទីន និងអេហ្ស៊ីប កាលពី៣ថ្ងៃកន្លងមក លោក Zhai Jun ប្រេសិតពិសេសរបស់ប្រទេសចិន ប្រចាំតំបន់មជ្ឈិមបូព៌ា បានអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដើម្បីបង្ហាញពីការគាំទ្រពេញទំហឹងរបស់ចិន ដើម្បីបុព្វហេតុយុត្តិធម៌សម្រាប់ពលរដ្ឋប៉ាឡេស្ទីន នៅក្នុងការបន្តសិទ្ធិអធិបតេយ្យភាពជាតិរបស់ពួកគេ”។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ឧសភា។

នៅថ្ងៃព្រហស្បតិ៍ដដែល លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា លោក Zhai Jun នឹងទូរស័ព្ទបន្ថែមទៀតជាមួយសមភាគីមកពីអ៊ីស្រាអែល រុស្ស៊ី សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ។

លោកថ្លែងថា ប្រទេសចិន គ្រោងរៀបចំកិច្ចពិភាក្សាមួយស្ដីអំពីដំណើរការស្វែងរកសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយ “ស្វាគមន៍តំណាងប៉ាឡេស្ទីន និងអ៊ីស្រាអែល មកកាន់ប្រទេសចិន សម្រាប់ការចរចាដោយផ្ទាល់” ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។
លោក Zhao Lijian បានចោទប្រកាន់សហរដ្ឋអាមេរិក ជាថ្មីម្តងទៀតថាបានរារាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជតិ មិនឱ្យឈានដល់កិច្ចព្រមព្រៀងជាឯកច្ឆន្ទលើបញ្ហាជម្លោះនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង បានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ថា “ព្រងើយកន្តើយចំពោះការរងទុក្ខវេទនា” របស់ប្រជាជនប៉ាឡេស្ទីន ខណៈខ្លួនឯងដឹកនាំអន្តរជាតិដើម្បីធ្វើការវាយប្រហារមកលើប្រទេសចិន ជុំវិញការប្រព្រឹត្តរបស់ចិន ទៅលើជនជាតិដើមភាគតិចវីហ្គួរ ដែលកាន់សាសនាអ៊ីស្លាម នៅតំបន់ស្វយ័តស៊ីនជាំង (Xinjiang)។

លោក Fariz Mehdawi ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន ប្រចាំនៅទីក្រុងប៉េកាំង បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Caixin នៅសប្តាហ៍នេះថា រដ្ឋាភិបាលប៉ាឡេស្ទីន គាំទ្រគំនិតផ្តួចផ្តើមរបស់ចិន នៅក្នុងការរៀបចំកិច្ចចរចានៅទីក្រុងប៉េកាំង ទោះបីជាគំនិតនេះមិនទំនងជាទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក ឬអ៊ីស្រាអែល យ៉ាងណាក្ដី។

យោងតាមក្រសួងសុខាភិបាលហ្គាហ្សា ឱ្យដឹងថា ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន បានឈានចូលដល់ថ្ងៃទី១១ហើយ ដោយប្រជាជនប៉ាឡេស្ទីន យ៉ាងតិច២៣០នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ៦៥នាក់ និងស្ត្រី៣៩នាក់ផង និងរងរបួស១.៧១០នាក់នៅក្នុងជម្លោះនេះ។

អ៊ីស្រាអែល បានធ្វើការវាយប្រហារជាថ្មីនៅទូទាំងតំបន់ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ឧសភា ហើយការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីសំណាក់ក្រុមហាម៉ាស់ ទៅលើអ៊ីស្រាអែល ក៏នៅតែបន្ត។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បាននិយាយថា លោករំពឹងថាស្ថានការណ៍ជម្លោះនេះនឹង “ធូរស្រាលច្រើននៅថ្ងៃនេះឆ្ពោះទៅរកបទឈប់បាញ់”។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និយាយថា លោកគ្មានចេតនាបញ្ចប់អំពើហិង្សានេះឡើយ។ ទោះជាយ៉ាងណា យោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថា ភាគីទាំង២ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here