ឯកអគ្គរាជទូតកម្ពុជាៈ វត្តមាន CBC ជាទំព័រសករាជថ្មីនៃទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ថៃ

ដោយៈ ម៉ាណេត
បាងកកៈ វត្តមានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ប្រចាំប្រទេសថៃ គឺជាការបើកទំព័រសករាជថ្មី សម្រាប់ ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ថៃ ក្រោយវិបត្តិជំងឺកូវីដ១៩ ដែលបានបង្ករវិទ្ធង្សនា កំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ រយៈពេលជាង១ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។

លោកអ៊ូក សោភ័ណបានបញ្ជាក់ដូច្នេះ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកដំបូងនៃ CBC នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ អំពីធុរជនកម្ពុជា និងថៃ ដែលបានជាប់ឆ្នោតជាប្រធាន និងអនុប្រធាន សម្រាប់អាណត្តិការងាររយៈពេល៥ឆ្នាំ ដើម្បីចូលរួមជំរុញវឌ្ឍនភាពវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-ថៃ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

លោកក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង ក្នុងការទប់ទល់វិបត្តិជំងឺកូវីដ១៩ សំដៅកសាងភាពធន់នៃសេដ្ឋកិច្ចឡើងវិញ តាមរយៈការដាក់ចេញយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ការបង្កើត និងចូលរួមប្លុកពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ ព្រមទាំងការធ្វើវិសោធនកម្មច្បាប់វិនិយោគ និងកំណែទម្រង់ផ្សេងៗ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅក្នុងប្រទេស។

យោងតាមខ្លឹមសារច្បាប់អនុញ្ញាត CBC មានកាតព្វកិច្ចជំរុញផ្សព្វផ្សាយសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ព្រមទាំងផ្លាស់ប្តូរព័ត៌មាន និងចំណេះដឹងផ្សេងៗរវាងសមាជិក រាប់តាំងពីការធ្វើអាជីវកម្ម ការលើកកម្ពស់គុណភាពទំនិញ-សេវាកម្ម ការជំរុញផលិតកម្ម និងផ្គត់ផ្គង់ទីផ្សារ ព្រមទាំងការសម្របសម្រួល និងចរចាជាមួយស្ថាប័នរដ្ឋទាំងក្នុងប្រទេសថៃ និងកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់សមាជិក៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here