ម្ចាស់ហាងអាហារនិងភេសជ្ជៈជាច្រើនបង្ហាញសុទិដ្ឋិនិយមពីដំណើរការឡើងវិញនៃអាជីវកម្មរបស់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខ

ដោយ: សាវុធ
ភ្នំពេញៈ ម្ចាស់អាជីវកម្មអាហារ និងភេសជ្ជៈកាហ្វេ បានបង្ហាញនូវសុទិដ្ឋិនិយមថា នឹងអាចដំណើរការអាជីវកម្មរបស់ខ្លួនធម្មតាឡើងវិញក្នុងពេលឆាប់ៗខាងមុខ ខណៈការអនុវត្តលក់វេចខ្ចប់ ដោយមិនអនុញ្ញាតឲ្យអតិថិជនអង្គុយក្នុងហាង បាននិងកំពុងធ្វើឱ្យអាជីវកម្មទាំងនេះប្រឈមនឹងការធ្លាក់ចុះ។

ម្ចាស់ហាងកាហ្វេមេឌាកាហ្វេលោកជ័យ ពិសិដ្ឋបានឱ្យដឹងថា ប្រសិនបើករណីជំងឺឆ្លងកូវីដ១៩នៅតែបន្តអូសបន្លាយ ហើយចំនួនអ្នកឆ្លងថ្មីច្រើនទៀតនោះ នឹងធ្វើចំនួននៃការលក់ធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារខាតបង់ប្រាក់ចំណូល និងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ទប់ថ្លៃចំណាយនានា ដូចជាថ្លៃទឹក ភ្លើង និងថ្លៃបុគ្គលិកជាដើម ខណៈដែលក្នុងមួយថ្ងៃអាចរកប្រាក់ចំណូលប្រមាណពី ២០ទៅ២៥ភាគរយប៉ុណ្ណោះ។

លោកបានឱ្យដឹងទៀតថា អ្វីដែលលោកចង់បាន និងចង់ឃើញនាពេល ខាងមុខ គឺការវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ និងអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទប់ស្កាត់ និងអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ពោលធ្វើយ៉ាងណាកុំឲ្យវីរុសកូវីដ១៩បន្តរាលដាលថែមទៀតនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ អ្នកនាង ធីតា អ្នកគ្រប់គ្រងទូទៅនៃហាងសាច់អាំង ហេង មែន មានទីតាំងស្ថិតនៅក្បែរផ្សារសំណង់១២ បានប្តូរពីអាជីវកម្មលក់សាច់អាំងសម្រាប់អតិថិជនចូលអង្គុយក្នុងហាង ទៅលក់សាច់ទារអាំងសម្រាប់តែវេចខ្ចប់ ហើយការប្តូរអាជីវកម្មនេះ មិនទទួលបានចំណូលច្រើននោះទេ ដោយចំណូលទទួលមក គឺសម្រាប់ចំណាយថ្លៃជួលហាង និងបុគ្គលិក។

អ្នកនាងបានរៀបរាប់ថា ការលក់ដូរធ្លាប់តែមានសភាពអ៊ូអរតាំងពីពេលល្ងាច រហូតដល់ពេលរាត្រី ដោយសារហាងលោកបណ្តុំទៅដោយម្ហូបអាហារជាច្រើនប្រភេទ។ ប៉ុន្តែក្នុងរយៈពេលប្រមាណ៣ខែមកនេះ ប្រែជាស្ងប់ស្ងាត់ ហើយការលក់សម្រាប់តែការវេចខ្ចប់ ក៏មិនសូវមានច្រើនទេ ដោយសារហាងតម្រូវបិទទ្វារមុនម៉ោង៨យប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here