ការរៀបចំឥណទានឡើងវិញនៅកម្ពុជាកើនឡើងដល់១.៥០០លានដុល្លារ

ដោយៈ សាវុធ

ភ្នំបេញៈ សមាគមមីក្រូហិរញ្ញវត្ថុ (CMA) បានឲ្យដឹងថា ការស្នើរសុំរៀបចំឥណទានឡើងវិញ គិតជាទំហំទឹកមានប្រមាណ១.៥០០លានដុល្លារគិតត្រឹមខែមេសាកន្លងទៅ ដោយសារវិបត្តិកូវីដ១៩ ជាពិសេសក្នុងដំណាក់កាលព្រឹត្តការណ៍២០កុម្ភៈ។

លោកផល វ៉ាន់ឌីនាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានកាលពីថ្មីៗនេះថា ការរៀបចំឥណទានគឺមានកំណើនខ្លាំងណាស់ បន្ទាប់ពីខែ២កុម្ភៈ ខែ៣មីនា បើយើងប្រៀបធៀបទិន្នន័យពីខែ៣ ជាមួយខែ២នេះ មានការកើនឡើងទ្វេរដង ប៉ុន្តែបើយើងប្រៀបដល់ខែ៤ ទៅខែ២វិញ គឺកើនឡើងរហូត ៧ដងឯណោះ ហើយខែ៥នេះ កំណើនយើងជឿថានឹងបន្តកើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ដោយឡែកក្នុងឆ្នាំ២០២១នេះ រយៈពេល៥ខែ យើងរៀបឥណទានឡើងវិញជូនដល់បងប្អូនអតិថិជនយើងជាង៣៥ ៨០០គណនី ដែលមានទំហំទឹកប្រាក់ជាង១៧៦លានដុល្លារអាម៉េរិក នេះគ្រាន់តែរយៈពេល៥ខែដំបូង។

លោកបានឱ្យដឹងទៀតថា សមាជិកទាំងអស់របស់សមាគម គឺមមាញឹកក្នុងការជួយដល់អតិថិជនរបស់ខ្លួន តាមរយៈការរៀបចំឥណទានឡើងវិញនេះ ជាពិសេសក្នុងដំណាក់កាលព្រឹត្តការណ៍២០កុម្ភៈ គឺមានផលប៉ះពាល់ជាច្រើន ដែលយើងបន្តអនុវត្តន៍វិធានការណ៍យោគយល់ដល់កម្រិតខ្ពស់បំផុត ហើយការរៀបចំឥណទាននេះគឺមានកំណើនខ្លាំងណាស់ បន្ទាប់ពីខែកុម្ភៈ។

លោកផល វ៉ាន់ឌីបានអំពាវនាវបន្ថែមទៅដល់ប្រជាពលរដ្ឋ ឱ្យចូលរួមឲ្យបានខ្ជាប់ខ្ជួន ជាមួយអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលជាវិធានការណែនាំឲ្យចៀសផុតពីជំងឺកាចសាហាវកូវីដ១៩ ព្រោះថានៅពេលដែលជំងឺនេះផុតរលត់ នោះជីវភាពនៃការរស់នៅ ការធ្វើអាជីវកម្ម នឹងធ្វើឱ្យសេដ្ឋកិច្ចជាតិងើបឡើងវិញ ដូច្នេះការចូលរួមជាមួយរាជរដ្ឋាភិបាល ហើយគ្រឹះស្ថានដែលជាសមាជិកនៃសមាគម ក៏បន្តអនុវត្តការយល់យោគផងដែរ ដើម្បីជួយគ្នា និងឆ្លងកាត់ការលំបាកនេះទាំងអស់គ្នា។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអ៊ិលស៊ីក៏បានលើកឡើងដែរថា សម្រាប់ធនាគាររបស់លោក រហូតមកដល់ពេលនេះមានការរៀបចំឥណទានឡើងវិញចំនួនប្រមាណ ២.៨០០គណនី ដែលមានទំហំទឹកប្រាក់ប្រមាណជា៨៥លានដុល្លារ។

ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ត្រូវបន្តរៀបចំឥណទានឡើងវិញដល់អតិថិជនរបស់ខ្លួនរហូតដល់ពាក់កណ្តាលឆ្នាំ២០២១នេះ ខណៈសមាគមមីក្រូហិរញ្ញវត្ថុ អះអាងថា ការរៀបចំឥណទានឡើងវិញនេះអាចនឹងពន្យារពេលរហូតដល់ចុងឆ្នាំ២០២១តែម្តង បើសិនជាមានតម្រូវបន្តទៀតពីអតិថិជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here