ដោយៈ លក្ខិណា
ភ្នំពេញៈ វិបត្តិជំងឺកូវីដ១៩ បានបង្រៀនមនុស្សជា ពិសេសប្រជាពលរដ្ឋនៅប្រទេសកំពុងអភិវឌ្ឍន៍ និងមិនសូវចេះប្រើប្រាស់បច្ចេកវិទ្យា កាន់តែស្ទាត់ជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការងារ។
ជាក់ស្ដែងប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមងាកមកប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែច្រើនឡើង ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ព្រោះតែតម្រូវឱ្យបំពេញការងារពីចម្ងាយ និងកាត់បន្ថយការជួបជុំ។
លោកស្រីហង់ជួន ណារីតានាយិកានាយកដ្ឋានសេវាកម្មធនាគារផ្នែកសាជីវកម្មនៃធនាគារជេត្រាស់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា កូវីដ១៩វាជាវិបត្តិមួយ ដែលបំផ្លាញដល់សេដ្ឋកិច្ច និងសកម្មភាពនានា ក្នុងប្រទេស និងពិភពលោក តែកូវីដ១៩ក៏បានបង្រៀនមនុស្សឱ្យចេះរស់នៅ និងចេះប្រើប្រាស់នូវបច្ចេកវិទ្យា សម្រាប់ជីវភាពប្រចាំថ្ងៃផងដែរ។
លោកស្រីបានបន្តថា ពេលជួបបញ្ហាដោយសារកូវីដ១៩ដំបូង វាពិតជាមានផលប៉ះពាល់ តែក្រោយមក ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក៏បានរកឃើញនូវវិធីសាស្ត្រថ្មីៗ និងរៀនសូត្រពីវា ដោយព្យាយាមប្រើប្រាស់អត្ថប្រយោជន៍ឌីជីថលឱ្យបានគ្រប់គ្នា និងធ្វើឱ្យពួកយើងអាចស៊ាំជាមួយនឹងវាផងដែរ។ តែយ៉ាងណាក៏ដោយ ទោះបីជាឌីជីថលវាមានអត្ថប្រយោជន៍ និងបានជួយមនុស្សបានច្រើននៅក្នុងវិបត្តិកូវីដ១៩នេះ តែបើប្រៀបធៀបនឹងការងារដែលធ្វើផ្ទាល់ជួបផ្ទាល់ គឺប្រសិទ្ធភាពការងារតាមឌីជីថលនេះ នៅមានកម្រិតនៅឡើយ។
លោកស្រីបាននិយាយថា “ធនាគារជាច្រើនបានចាប់ផ្ដើមគិតគូររួចហើយ ពីការទាញយកអត្ថប្រយោជន៍នៃឌីជីថលសម្រាប់ប្រតិបត្តិការរបស់ខ្លួន ដោយគិតថាគួរបង្កើតសាខាបន្តបន្ទាប់ទៀត ឬក៏ពង្រីកការប្រើប្រាស់បច្ចេកវិទ្យា”។
ដោយឡែកលោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជាក៏ធ្លាប់បានលើកឡើងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ឌីជីថលនោក្នុងវិស័យហិរញ្ញវត្ថុនៅក្នុងវិបត្តិកូវីដ១៩នេះដែរ។
លោកបានលើកឡើងថា កូវីដ១៩មិនអាចរារាំងយើង ក្នុងការធ្វើប្រតិបត្តិការបាននោះទេ។ កាលមុនយើងប្រើប្រាស់សេវាកម្មធនាគារតាមបែបប្រពៃណី តែក្រោយមកទៀត យើងចាប់ផ្ដើមប្រើប្រាស់ឌីជីថល ហើយការប្រើប្រាស់នេះ មានសន្ទុះកាន់តែខ្លាំង នៅពេលដែលជួបនឹងបញ្ហាជំងឺកូវីដ១៩។
លោកបន្តថា បណ្ដាធនាគារជាច្រើនរួមទាំងធនាគារអេស៊ីលីដារបស់លោកផងដែរ បានអភិវឌ្ឍន៍នូវបច្ចេកវិទ្យាឌីជីថល ដើម្បីបម្រើជូនអតិថិជនរបស់ខ្លួន ជាពិសេសប្រព័ន្ធទូទាត់ការចំណាយរបស់អតិថិជន តាមស្មាតហ្វូន ដែលអាចនិយាយថា វាកំពុងតែពេញនិយមខ្លាំងក្នុងបរិបទ នៃការរីករាលដាលនៃជំងឹឆ្លងមួយនេះ និងអាចនិយាយថា វាបានបង្រៀនមនុស្សឱ្យចេះប្រើប្រាស់កាន់តែច្រើនផងដែរ៕