ក្រុមហ៊ុនចិនធំៗកំពុងងាកចេញពីវិស័យប្រេងមកផ្ដោតលើវិស័យរ៉ែលើវិនិយោគរបស់ខ្លួននៅអាហ្វ្រិក

ដោយៈសុខុម

ប្រទេសចិន:  ក្រុមអ្នកវិភាគឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកវ៉ាង យី(Wang Yi) រដ្ឋមន្ត្រីការបរទេសចិន ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីដើមឆ្នាំនេះ ជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរទិសដៅ របស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងការផ្ដល់ឥណទាន និងការវិនិយោគរបស់ខ្លួននៅអាហ្វ្រិក។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី២៦ មេសា។

អំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ក្រុងគីនសាសា នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីខែមករា លោក វ៉ាង យី បានសន្យាថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងលុបចោលឥណទានប្រមាណ២៨លានដុល្លារអាមេរិក របស់ប្រទេសនេះ ដើម្បីជួយប្រទេសនេះ ដោះស្រាយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ហើយនឹងផ្តល់ជំនួយហិរញ្ញវត្ថុចំនួន១៧លានដុល្លារផ្សេងទៀត។

លោកក៏បានលើកឡើងដែរថា ប្រទេសចិន នឹងផ្តល់មូលនិធិដល់គម្រោងហេដ្ឋារច​នាសម្ព័ន្ធនានា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ព្រោះប្រទេសនេះបានក្លាយជាប្រទេសទី៤៥ ដែលបានចុះកិច្ចព្រមព្រៀង ចូលរួមជាមួយគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative) ដែលជាផែនការយក្សប្រកប ដោយមហិច្ឆតារបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីជំរុញអន្តរទំនាក់ទំនង និងពាណិជ្ជកម្មទូទាំងពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិន បានផ្ដល់ឥណទានភាគច្រើននៅអាហ្វ្រិក ទៅដល់ប្រទេសអង់ហ្គោឡា ដែលត្រូវការចំណាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនារួមមានផ្លូវថ្នល់ ទំនប់វារីអគ្គិសនី និងកំពង់ផែជាដើម។

យោងតាមគំនិតផ្តួចផ្តើមស្រាវជ្រាវ អំពីទំនាក់ទំនងចិន-អាហ្វ្រិក (CARI) ដែលជាកម្មវិធីមួយនៅសាកលវិទ្យាល័យ Johns Hopkins University បានឱ្យដឹងថា ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ប្រទេសចិន បានបង្កើនការផ្ដល់ឥណទាន ដល់ប្រទេសអង់ហ្គោឡា រហូតដល់ទៅ៤២,៦ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ៣០%នៃឥណទានសរុបរបស់ខ្លួនដល់បណ្ដាប្រទេសនៅអាហ្វ្រិក។

ក្រុមអ្នកវិភាគនិយាយថា ប្រទេសចិន នៅតែជាប្រទេសនាំចូលប្រេងធំបំផុត ក្នុងពិភពលោក ប៉ុន្តែការផ្គត់ផ្គង់ប្រេងឆៅពីតំបន់មជ្ឈិមបូព៌ា ជាធម្មតាបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែពេលនេះលែងបញ្ជូនទៅសហរដ្ឋអាមេរិក ទៀតហើយដោយសារទណ្ឌកម្ម។ នេះមានន័យថា ប្រទេសចិន លែងពឹងផ្អែកខ្លាំងលើអ្នកផ្គត់ផ្គង់អាហ្វ្រិក ដូចមុនទៀតហើយ។

ទោះជាយ៉ាងណា អ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំង នៅតែត្រូវការបំផុតពីអាហ្រ្វិក នោះគឺរ៉ែទង់ដែង ប្រភេទរ៉ែកម្រCobalt និងរ៉ែកម្រផ្សេងៗទៀត។ នេះបើយោងតាមការលើកឡើងរបស់លោកMark Bohlund អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន REDD Intelligence។

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ គឺជាប្រទេសផលិតរ៉ែកម្រCobalt ធំបំផុតរបស់ពិភពលោក ហើយរ៉ែនេះជាសមាសធាតុដ៏សំខាន់ នៃការផលិតអាគុយសម្រាប់រថយន្តអគ្គិសនី ព្រមទាំងទូរស័ព្ទស្មាតហ្វូន ថេបប្លែត និងកុំព្យូទ័រយួរដៃផងដែរ។

យោងតាមកម្មវិធីCARI ឱ្យដឹងថា ខណៈសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ ទទួលបានឥណទានចិន ត្រឹមតែ២,៧ពាន់លានដុល្លារអាមេរិក ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ តម្លៃសរុបនៃការវិនិយោគផ្ទាល់ពីបរទេសរបស់ចិន នៅក្នុងប្រទេសនេះមានចំនួន៥,៦ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០១៩ ។

លោក Zhou Yuyuan អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាអំពីអាស៊ីខាងលិច និងអាហ្រ្វិក (West Asia and African Studies) នៃវិទ្យាស្ថានក្រុងសៀងហៃ ដើម្បីការសិក្សាអំពីអន្តរជាតិ (Shanghai Institutes for International Studies) បានលើកឡើងថា ទោះបីជាបណ្ដាក្រុមហ៊ុនចិន បានវិនិយោគលើអណ្តូងរ៉ែនៅអាហ្រ្វិក រួមទាំងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ យ៉ាងណាក្ដី ក៏ក្រុមហ៊ុនចិន ទាំងនោះនៅតូចតាចណាស់ បើធៀបទៅនឹងក្រុមហ៊ុនរ៉ែយក្សៗ នៃបណ្ដាប្រទេសលោកខាងលិច។

ទន្ទឹមនេះលោក Caspar Rawles ប្រធានផ្នែកទទួលបន្ទុកការវាយតម្លៃនៅក្រុមហ៊ុន Benchmark Mineral Intelligence ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសបានលើកឡើងថា បណ្ដាក្រុមហ៊ុនចិនពេលនេះ កំពុងធ្វើសកម្មភាពកាន់តែសកម្មភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕

LEAVE A REPLY

Please enter your comment!
Please enter your name here