CDC អនុម័តគម្រោងវិនិយោគ៥គម្រោងគិតទឹកប្រាក់ជាង២0លានដុល្លារ

ដោយៈ លក្ខិណា
ភ្នំពេញៈ ទោះបីជាកម្ពុជាកំពុងជួបវិបត្តិ ដោយសារតែជំងឺកូវីដ១៩រាលដាលក្នុងសហគមន៍យ៉ាងណាក្ដី តែកម្ពុជានៅតែទទួលបានគម្រោងវិនិយោគចំនួន៥ ដែលភាគច្រើនជាងរោងចក្រឧស្សាហកម្ម គិតជាទឹកប្រាក់មានចំនួន២០,៥លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានឱ្យដឹងថា នៅថ្ងៃទី៥មេសា ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានប្រកាសពីការចុះបញ្ជីចេញវិញ្ញាបនបត្រ ជូនក្រុមហ៊ុនចំនួន២រួមមាន ១ គម្រោងបង្កើតរោចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារA-17ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាលមានទុនវិនិយោគចំនួន៣,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួន៨១៨កន្លែង។

២ គម្រោងបង្កតើរោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវ៉ាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រៃសីហនុ មានទុនវិនិយោគប្រមាណ៩,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.០២២កន្លែង។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ១៣ មេសា ២០២១ បានបង្ហាញថាគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនវិនិយោគចំនួន៣បន្ថែមទៀតរួមមាន ១. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំ សម្លៀកបំពាក់ និងបោះពុម្ពដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣០០កន្លែង ។

២.គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤៨កន្លែង និង៣. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៨កន្លែង ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមអ្នកជំនាញអចលនទ្រព្យលោកឌិត ចណ្ណាប្រធានក្រុមហ៊ុនឡាក់គី រៀលធីបានឱ្យដឹងថានៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ សកម្មភាពវិនិយោគនានា ត្រូវបានផ្អាកដំណើរការ និងបន្ថយល្បឿននៃដំណើរការ តែសម្រាប់វិស័យឧស្សាហកម្មកាត់ដេរ នៅតែបន្តសកម្មភាព ដោយមានការស្វែងរកទីតាំងជាបន្តបន្ទាប់ ដើម្បីវិនិយោគលើដំណើរការរោងចក្រ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here