
សុខុម
សិង្ហបុរី: ក្រុមហ៊ុន Blackstone Group Inc នៅពេលនេះមានគម្រោងបោះទុនវិនិយោគលើអចលនទ្រព្យបន្ថែមទៀតនៅក្នុងប្រទេសសិង្ហបុរី ដើម្បីទាញយកផលចំណេញពីការកើនឡើងតម្រូវការការិយាល័យក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យានានា ដែលកំពុងពង្រីកខ្លួននៅក្នុងរដ្ឋបុរី (ប្រទេសមានតែក្រុង) មួយនេះ។ នេះបើយោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយនៅថ្ងៃទី២១ មេសា។
ក្រុមហ៊ុនមូលបត្រខ្នាតយក្សរបស់សហរដ្ឋអាមមេរិក មួយនេះប្រកាសថា ខ្លួនបានទិញអគារកម្ពស់៨ជាន់មួយពីក្រុមហ៊ុនអចលនទ្រព្យ Lucas Real Estate ឬហៅថា Sandcrawler ក្នុងតម្លៃ១៣២លានដុល្លារអាមេរិក។
ចំណាត់ការរបស់ក្រុមហ៊ុននេះឆ្លុះបញ្ចាំងពីភាពទាក់ទាញខ្លាំង នៃអចលនទ្រព្យក្នុងប្រទេសសិង្ហបុរី ចំពោះវិនិយោគិនបរទេស ខណៈសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកកំពុងព្យាយាមបង្កើនភាពទាក់ទាញរបស់ខ្លួនសម្រាប់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា។
ការបណ្ដាក់ទុនរបស់ក្រុមហ៊ុនយក្សៗរបស់សហរដ្ឋអាមេរិក រួមមានក្រុមហ៊ុន Amazon.com Inc និងក្រុមហ៊ុន Facebook Inc ព្រមទាំងក្រុមហ៊ុនយក្សៗរបស់ចិន Alibaba Group Holding Ltd និងក្រុមហ៊ុន ByteDance Ltd នៅក្នុងប្រទេសសិង្ហបុរី កំពុងធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅដ៏ទាក់ទាញខ្លាំងបំផុតសម្រាប់តំបន់អាស៊ីអាគ្នេយ៍។
កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអចលនទ្រព្យ Sandcrawler នេះគឺជាកិច្ចព្រមព្រៀងទិញអចលនទ្រព្យដំបូងរបស់ក្រុមហ៊ុន Blackstone នៅក្នុងប្រទេសសិង្ហបុរី ក្រោមយុទ្ធសាស្រ្ត “Core Plus” របស់ខ្លួនដែលបច្ចុប្បន្នមានទ្រព្យសកម្មរហូតដល់ទៅ៣,៦ពាន់លានដុល្លារ ដែលស្ថិតក្រោមការគ្រប់គ្រងនៅតំបន់អាស៊ី។
លោក Alan Miyasaki ដែលជានាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកទិញអចលនទ្រព្យនៅអាស៊ី ប្រចាំក្រុមហ៊ុន Blackstone បានលើកឡើងថា “ប្រសិនបើយើងអាចទិញអគារ៥ទៀតដូចដែលយើងបានទិញពីក្រុមហ៊ុន Sandcrawler យើងនឹងទិញ”។
លោកលើកឡើងទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយកាន់តែច្រើននឹងពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ហើយហេតុផលដ៏សំខាន់មួយគឺប្រទេសនេះមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការការពារកម្មសិទ្ធិបញ្ញា។ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅកន្លែងផ្សេងទៀតក៏ធ្វើឱ្យប្រទេសដ៏តូចមួយនេះក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញមួយដែរ។
លោកបានបន្ថែមថា “ប្រទេសសិង្ហបុរី គឺជាកន្លែងដែលគ្រប់គ្នាយល់ស្របទទួលស្គាល់ថាជាប្រទេសស្វ៊ីស ប្រចាំតំបន់អាស៊ី”។
ក្រុមហ៊ុន Blackstone បាននិងកំពុងវិនិយោគលើអចលនទ្រព្យជាបន្តបន្ទាប់នៅកន្លែងផ្សេងទៀតក្នុងទ្វីបអាស៊ី ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួន។ ក្រុមហ៊ុននេះកាន់កាប់ការិយាល័យច្រើនបំផុតនៅប្រទេសឥណ្ឌា រហូតដល់ទៅប្រមាណ៥០%នៃចំណែកទីផ្សារការិយាល័យសរុបក្នុងប្រទេសសម្រាប់ជួលឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទូទាំងពិភពលោក៕