កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំក្នុងលោក(RCEP)ជួយលើកកំពស់តួនាទីរបស់អាស៊ី-ប៉ាស៊ីហ្វិកដូចម្តេច?

ដោយៈសុខុម

ចិន:  ក្រុមអ្នកជំនាញ និងថ្នាក់ដឹកនាំអាជីវកម្ម បានលើកឡើងកាលពីថ្ងៃច័ន្ទ ទី១៩ មេសាថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន នឹងធ្វើឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាន់តែមានទឹកមាត់ប្រៃ នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក។

កិច្ចព្រមព្រៀងនេះនឹងជួយបង្កើនស្តង់ដារពាណិជ្ជកម្ម និងការវិនិយោគដើម្បីជំរុញកំណើនសេដ្ឋកិច្ចទូទាំងពិភពលោក។ នេះបើយោងតាមគេហទំព័រ Ecns.cn ចុះផ្សាយនៅថ្ងៃទី២០ មេសា នេះ។

លោក Long Yongtu អតីតអនុរដ្ឋមន្រ្តីពាណិជ្ជកម្មបរទេស និងជាអតីតអគ្គលេខាធិកានៃវេទិកាអាស៊ីក្រុងប៉អៅ (Boao Forum for Asia) ថ្លែងថា ក្នុងនាមជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ដើម្បីការពារក៏ដូចជា ជំរុញសកលភាវូបនីយកម្មបន្ថែមទៀត កិច្ចព្រមព្រៀង RCEP ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ក្របខណ្ឌពាណិជ្ជកម្មពហុភាគី និងផ្តល់កម្លាំងជំរុញបន្ថែមដល់សកលភាវូបនីយកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អំឡុងសន្និសីទប្រចាំ២០២១ ក្នុងវេទិកាអាស៊ីក្រុងប៉អៅ លោកLong Yongtu បានលើកឡើងថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក កាន់តែមានទឹកមាត់ប្រៃ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចមួយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាមួយនឹងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP អន្តរកាលនេះហាក់បង្ហាញកាន់តែច្បាស់។

ជាមួយគ្នានេះ លោក Denis Depoux នាយកគ្រប់គ្រងទូទាំងពិភពលោកនៅក្រុមហ៊ុនពិគ្រោះយោបល់អន្តរជាតិ Roland Berger បានបញ្ចេញទស្សនៈដូច្នេះថា “កិច្ចព្រមព្រៀង RCEP បង្កើតបានវេទិកាមួយ ដើម្បីគ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ច រវាងបណ្តាប្រទេសជាសមាជិក នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នេះជាសញ្ញាបង្ហាញទៅដល់ពិភពលោកថា តំបន់នេះត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងនាមជាតំបន់សមាហរ័ណកម្ម”។

លោកបានបន្ថែមថា កិច្ចព្រមព្រៀង RCEP កំពុងបង្កើតក្របខណ្ឌសម្រាប់សមាហរណកម្មតំបន់បន្ថែមទៀត និងការបែងចែកកម្លាំងពលកម្មថ្មី រវាងបណ្ដាប្រទេសនៅអាស៊ី ដែលនឹងជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគសម្រាប់បណ្ដាប្រទេសជាសមា​ជិក ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។

លោកគូសបញ្ជាក់ថា “ការបន្ទាបអត្រាពន្ធរវាងប្រទេសមួយចំនួន ក្នុងចំណោមប្រទេសទាំងនេះ ក៏កំពុងបង្កើតឱកាសសម្រាប់កំណើនក្នុងតំបន់នេះផងដែរ”។

ចំណែកលោក Michael Lai នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca China លើកឡើងថា កិច្ចព្រមព្រៀងRCEP នឹងជួយធ្វើឱ្យសកម្មភាពពាណិជ្ជកម្មបរទេសក្នុងប្រទេសចិន និងសកម្មភាពវិនិយោគផ្ទាល់ ពីបរទេសនៅក្នុងបណ្ដាប្រទេសដៃគូកើនឡើងខ្លាំង។

អ្នកជំនាញជាច្រើនសុទ្ឋតែមានសុទិដ្ឋិនិយមអំពីកិច្ចព្រមព្រៀង ដើម្បីបង្កើតតំបន់ពាណិជ្ជកម្មដ៏ធំនេះផងដែរ។

លោក Jean-Etienne Gourgues នាយកគ្រប់គ្រងក្រុមហ៊ុនផលិតស្រា Pernod Ricard China បានលើកឡើងថា សម្រាប់ក្រុមហ៊ុនសហគ្រាសមកពីក្រៅតំបន់ ការចុះកិច្ចព្រមព្រៀង RCEP នឹងផ្តល់បរិយាកាសធុរកិច្ចបើកទូលាយ និងអំណោយផល ព្រមទាំងនាំមកនូវគោលនយោបាយនានាដែលកាន់តែមានតម្លាភាព។

លោក Ding Yifan អ្នកស្រាវជ្រាវជាន់ខ្ពស់ នៅវិទ្យាស្ថានអភិវឌ្ឍន៍ពិភពលោក (Institute of World Development) នៃមជ្ឈមណ្ឌលស្រាវជ្រាវការអភិវឌ្ឍន៍នៃក្រុមប្រឹក្សារដ្ឋ (Development Research Center of the State Council) លើកឡើងថា ប្រទេសចិន ប្រហែលជាអាចជំរុញឱ្យមានការច្របាប់បញ្ចូលគ្នា នូវកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព (CPTPP) ព្រោះប្រទេសចិន បានពិចារណាចូលរួមជាមួយCPTPP ហើយបានពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសជាសមាជិក។

លោកបានបន្ថែមថា “ទោះជាយ៉ាងណា ប្រទេសចិន នឹងត្រូវការពេលវេលាច្រើននៅក្នុងការចរចា ជាមួយបណ្តាប្រទេសជាសមាជិក ដើម្បីចូលរួមកិច្ចព្រមព្រៀង CPTPP នេះផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here