ចំណេះដឹង​ផ្សារ​ហ៊ុន! ស្វែងយល់​អំពី​វិធាន និង​ប្រតិ​ប​តិ្ត​ការជួញដូរ​នៅលើ​ផ្សារ​ហ៊ុន​កម្ពុជា

ដោយៈ សាវុធ

ភ្នំពេញៈ ការជួញដូរ​ភាគហ៊ុន​គឺជា​ការទិញ/ លក់​កម្មសិទ្ធិ​នៅក្នុង​ក្រុមហ៊ុន​មួយ។ ដូច្នេះ ការស្វែងយល់​អំពី​គុណភាព​ដំណើរការ​អាជីវកម្ម និង​ការគ្រប់គ្រង​ក្រុមហ៊ុន ព្រមទាំង​ការវាយតម្លៃ​ភាគហ៊ុន គឺជា​ការចាំបាច់​មួយ។

ប៉ុន្តែ​ដោយសារ​ភាគហ៊ុន​ទាំងនោះ ត្រូវបាន​ដាក់ឱ្យ​ជួញដូរ​នៅលើ​ទីផ្សារ​អេឡិចត្រូនិក ដែលមាន​ការរៀបចំ​ជា​លក្ខណៈ​ប្រព័ន្ធ និង​មាន​ភាពស្មុគស្មាញ​ខ្លះ​នោះ វិនិយោគិន​ត្រូវ​សិក្សា​ស្វែងយល់​អំពី​ការប្រព្រឹត្តទៅ​នៅលើ​ទីផ្សារ​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យើង​នឹង​លើក​មក​ពន្យល់​នៅទីនេះ វិធាន​និង​ប្រតិបត្តិការ​មួយចំនួន​ដែលមាន​សារៈសំខាន់​ចំពោះ​វិនិយោគិន។

ម៉ោង​ជួញដូរ

ផ្សារ​ហ៊ុន​ចាប់​បើកទទួល​បញ្ជា​ទិញ/ លក់​ពី​វិនិយោគិន​ពី​ម៉ោង ០៨:០០ ព្រឹក និង​បិទ​នៅ​ម៉ោង ១១:៣០ ព្រឹក។ ប៉ុន្តែ ការជួញដូរ​ចាប់ធ្វើ​ឡើង​ពី​ម៉ោង៩:០០ ដល់​ម៉ោង ១១:០០ ព្រឹក និង​នៅ​ម៉ោង ១១:៣០ ព្រឹក ម្តងទៀត​មុនពេល​បិទ​ផ្សារ។ (សូម​មើល​រូបភាព​នៅក្នុង​ឯកសារ​ភ្ជាប់​ខាងក្រោម)។

ប្រភេទ​នៃ​បញ្ជា

នៅ​ផ.ម.ក.បច្ចុប្បន្ន ប្រភេទ​នៃ​បញ្ជា​មានតែ​មួយ​ប៉ុណ្ណោះ​គឺ “បញ្ជា​មានកំណត់” (Limit Order) ដែល​មានន័យថា រាល់​ថ្លៃ​បញ្ជា​ទិញ​ដែល​បានដាក់ គឺជា​ថ្លៃ​ហ៊ាន​ទិញ​ខ្ពស់បំផុត ហើយ​រាល់​ថ្លៃ​បញ្ជា​លក់​គឺជា​ថ្លៃ​ហ៊ាន​លក់​ទាប​បំផុត។

ការដេញថ្លៃ

ការជួញដូរ​ត្រូវធ្វើឡើង​ដោយ​ផ្អែកលើ​វិធិ​សាស្ត្រ “ដេញថ្លៃ​ដោយ​យក​ថ្លៃ​តែមួយ” និង“ដេញថ្លៃ​ដោយ​យក​ថ្លៃ​ច្រើន។ ការ​ផ្គូរ​ផ្គង​ដោយ​ផ្អែកលើ​វិធីសាស្ត្រ​ទាំងពីរ ត្រូវគោរព​តាម​អាទិភាព៖ ថ្លៃ និង​បន្ទាប់មក​គឺ​ពេលវេលា។

បានសេចក្តីថា បញ្ជា​ទិញ(លក់)ដែល​ហ៊ានថ្លៃ​ខ្ពស់(ទាប)ជាង នឹងមាន​អាទិភាព​ផ្គូផ្គង​មុន។ ប្រសិនបើ​ថ្លៃ​នៃ​បញ្ជា​ទិញ/លក់​ស្មើគ្នា នោះ​បញ្ជា​ដែល​បញ្ជូនមក​ប្រព័ន្ធ​ជួញដូរ​ផ.ម.ក.មុន នឹងមាន​អាទិភាព​មុន។ សម្រាប់​ការពន្យល់​ដោយមាន​ឧទាហរណ៍ សូម​ចូលទៅក្នុង​គេហទំព័រ​របស់​ផ.ម.ក. (http://www.csx.com.kh)។

បម្រែបម្រួល​ថ្លៃ​ប្រចាំ​ថ្លៃ

ដើម្បី​ការពារ​មិនឱ្យ​ថ្លៃ ប្រែប្រួល​ខ្លាំងពេក​ក្នុងមួយថ្ងៃៗ ថ្លៃ​ភាគហ៊ុន​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រែប្រួល​តែ​ក្នុង​ចន្លោះ​ប្រាំ​ភាគរយ(±៥%)ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ(ធៀប​នឹង​ថ្លៃ​មូល    ដ្ឋា​ន ដែលជា​ទូទៅ​គឺជា​ថ្លៃ​បិទ​ពី​ម្សិលមិញ) លើកលែងតែ​ការជួញដូរ​នៅ​ថ្ងៃ​ដំបូង​នៃ​ក្រុមហ៊ុន​ដែល​ទើប​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ថ្លៃ​ប្រែប្រួល នៅ​វគ្គ​ជួញដូរ​ដំបូង ចន្លោះ​ពី ៩០% ទៅ ១៥០% នៃ​ថ្លៃ​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​ជា​លើកដំបូង(ឬ​ហៅថា ថ្លៃ​IPO)។

ឯក​តា​ថ្លៃ

ដើម្បី​បង្ក​ភាពងាយស្រួល ក្នុងការ​ផ្គូផ្គង​រវាង​បញ្ជា​ទិញ​និង​បញ្ជា​លក់ ផ្សារ​ហ៊ុន​បានកំណត់​នូវឯ​កតា​ថ្លៃ​នៃ​បញ្ជា ដែល​បញ្ជូនមក​ផ្សារ​ហ៊ុន ដោយ​យោងតាម​កម្រិត​នៃ​ថ្លៃ។

កាលបរិច្ឆេទ​ទូទាត់

ខុសពី​ផ្សារ​ទូទៅ​ធម្មតា ដែល​អ្នកទិញ​និង​អ្នកលក់​ជួប​មុខ​គ្នា និង​ធ្វើការ​ទូទាត់​ជាមួយគ្នាភ្លាមៗនៅនឹងកន្លែង ការទូទាត់​នៅ​ផ្សារ​ហ៊ុន​ត្រូវធ្វើឡើង​នៅ​ពីរ​ថ្ងៃ(T+2) ក្រោយ​ថ្ងៃ​ជួញដូរ(T+0)។ ស្តង់ដារ​ទូទៅ​លើ​ពិភពលោក សម្រាប់​ការទូទាត់​មូល​ប​ត្រ​ភាគហ៊ុន​គឺ T+2 ឬ T+3។

ការជួញដូរ​មុន​ការទូទាត់

ថ្វីត្បិតតែ​ការទូទាត់ ត្រូវធ្វើឡើង​នៅ​ពីរ​ថ្ងៃក្រោយ​ក៏ដោយ វិនិយោគិន​អាចយ​កមូ​លប​ត្រ​ឬ​សាច់ប្រាក់ ដែល​ត្រូវ​ទទួលបាន​ពី​ការទិញ/លក់ ទៅ​ជួញដូរ​បាន​វិញភ្លាមៗដោយ​មិនចាំបាច់​រង់ចាំ ដល់​កាលបរិច្ឆេទ​ទូទាត់​នៅ​ពីរ​ថ្ងៃ(ជួញដូរ)ក្រោយ​ឡើយ។

ការតម្កល់​ធានា​ការទូទាត់

ដើម្បី​ធានា​ការទូទាត់​ប្រកបដោយ​ជោគជ័យ ផ្សារ​ហ៊ុន​តម្រូវឱ្យ​វិនិយោគិន​តម្កល់​ប្រាក់​ឬ​មូល​ប​ត្រ​ចំនួន​យ៉ាងហោច១០០% នៃ​តម្លៃ​ទឹកប្រាក់​ឬ​ចំនួន​មូល​ប​ត្រ ដែល​ចង់​ទិញ​ឬ​លក់ ដោយ​រួមបញ្ចូល​ទាំង​កម្រៃជើងសា ដែល​ត្រូវ​បង់​ទៅឱ្យ​ក្រុមហ៊ុន​មូល​ប​ត្រ​ផងដែរ។

ប្រាក់​ឬ​មូល​ប​ត្រ​ដែល​តម្កល់​ធានា​នេះ ត្រូវ​បង្កក​ទុក​ចាប់ពី​ពេលដែល​បញ្ជា​ទិញ​ឬ​លក់​ត្រូវបាន​បញ្ជូន​ចូល​ប្រព័ន្ធ​ជួញដូរ​នៅ​ផ.ម.ក.។ ប្រសិនបើ​ការទិញ​ឬ​លក់​ទទួលជោគជ័យ នោះ​ប្រាក់​ឬ​មូល​ប​ត្រ​ដែល​បង្កក នឹងត្រូវ​យកទៅ​ធ្វើការ​ទូទាត់​នៅ​ពីរ​ថ្ងៃ(ជួញដូរ)ក្រោយ។ ប្រសិនបើ​មិន​ជោគជ័យ ប្រាក់​ឬ​មូល​ប​ត្រ​នោះ​លែង​ត្រូវ​បង្កក ហើយ​ត្រូវ​ប្រគល់ជូន​វិនិយោគិន​វិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here