ដោយៈ សាវុធ
ភ្នំពេញៈ មន្ត្រីអគ្គនាយកដ្ឋានពន្ធដារ បានជំរុញអ្នកជាប់ពន្ធលើប្រាក់បៀរវត្សទាំងអស់ គោរពបទប្បញ្ញត្តិ ស្តីពីពន្ធដារ និងត្រូវអនុវត្តឲ្យបានទៀងទាត់ ដោយបានលើកឡើងថា ការចូលរួមបង់ពន្ធរបស់អស់លោកអ្នក គឺជាការចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។
លោកសុង កុសលប្រធានការិយាល័យចាត់ចែងលិខិតប្រកាស នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៅអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុងកម្មវិធីពន្ធដារកម្ពុជាស្តីពី ពន្ធលើប្រាក់បៀវត្ស នៅចុងសប្តាហ៍កន្លងមកនេះថា ពន្ធលើប្រាក់បៀរវត្សគឺជាពន្ធត្រូវបង់ប្រចាំខែ ដែលបានកំណត់បៀវត្សលើរូបវន្តបុគ្គល បានទទួលនៅក្នុងក្រប ខណ្ឌបំពេញការងារ ក្នុងនោះរូបវន្តបុគ្គលនិវាសនជននៅកម្ពុជា គឺត្រូវជាប់ពន្ធលើប្រាក់បៀវត្សគ្រប់ប្រភព ទាំងប្រភពនៅកម្ពុជា និងប្រភពបរទេស។
ដោយឡែកអនិវាសនជនកម្ពុជាក៏ត្រូវជាប់ពន្ធនៅកម្ពុជាផងដែរ ប្រសិនរូបវន្តបុគ្គលនោះ មានសកម្មភាពបំពេញការងារ ដើម្បីទទួលបានប្រាក់បៀរវត្ស ។
លោកបានថ្លែងបន្តថា និយោជកត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធនេះ ទោះបីនិយោជបើកប្រាក់បៀរវត្ស ប្រចាំអាទិត្យ ឬ ពាក់កណ្តាលខែ ក្នុងនោះ ទូរលេខប្រាក់បៀរវត្សដែលបំពេញបានក្នុងមួយខែ គឺត្រូវបូកបញ្ចូលគ្នា ហើយប្រកាសមករដ្ឋបាលសារពើពន្ធ យ៉ាងយូរបំផុតត្រឹមថ្ងៃទី២០ខែបន្ទាប់។
លោកបានឱ្យដឹងទៀតថា ដូច្នេះនិយោជក ឬអង្គភាព ស្ថាប័ន អ្នកកាន់បញ្ជីការលើប្រាក់បៀរវត្សទាំងអស់ សូមគោរពបទប្បញ្ញត្តិ ស្តីពីពន្ធដារ ដើម្បីចៀសវាងការពិន័យផ្សេងៗ ការចូលរួមបង់ពន្ធរបស់អស់លោកអ្នក គឺជាការចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិយើង។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលកន្លងមកនេះ បានប្រកាសណែនាំនៃការអនុវត្តន៍អត្រាពន្ធលើប្រាក់បៀរវត្សថ្មី លើការអនុវត្តន៍អត្រាកំណើនតាមថ្នាក់ថ្មី ចំពោះសហគ្រាសអ្នកជាប់ពន្ធនិវាសនជន ស្ថាប័នរដ្ឋ និងអង្គភាពនានា ដែលមានកាតព្វកិច្ចកាត់ទុកនិងបង់ពន្ធលើប្រាក់បៀរវត្ស ដែលត្រូវអនុវត្តន៍អត្រាកំណើនតាមថ្នាក់ថ្មី ក្នុងនោះ ចំពោះបៀរវត្សជាប់ពន្ធប្រចាំខែ ដោយប្រាក់បៀរវត្ស ចាប់ពី ១.៣០០.០០ រៀល ដល់ ២.០០០.០០០ មានអត្រាពន្ធ៥% បៀរវត្សពី២.០០០.០០១រៀល ដល់៨.៥០០.០០០រៀល អត្រា១០% និងពី៨ .៥០០.០០១ រៀល ដល់១២.០០០.០០០រៀល អត្រាពន្ធ១៥% និងលើសពី ១២.៥០០.០០០រៀល គឺមានអត្រាប្រាក់២០% ៕