ដោយស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្ស ដែលមានមូលដ្ឋាននៅប្រទេសយក្សសេដ្ឋកិច្ចធំៗចំនួនបី គឺក្រុមហ៊ុនចិន ក្រុមហ៊ុនកូរ៉េខាងត្បូង និងក្រុមហ៊ុនជប៉ុនបាននិងកំពុងប្រជែងឧ ត្តមភាពគំរោងវិនិយោគរបស់ពួកគេ នៅលើមហាវិថីសហព័ន្ឋរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។
គំរោងដែលកំពុងវិនិយោគ ដោយក្រុមហ៊ុនមកពីប្រទេសចិន គឺPrince Real estate Group កំពុងសាងសង់យ៉ាងសកម្ម នូវអាគារលំនៅដ្ឋានបែបសហកម្មសិទ្ឋ និងមជ្ឈមណ្ឌលPrince International Plaza ដែលមានយូនីតខុនដូចំនួន៤៥៦ និងសេវាកម្មបំរើការរស់នៅ និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនទៀត។
Prince International Plazaជាមួយគំរោងសរុប២០០,០០០ម៉ែត្រការ៉េ ជាមួយអាគារចំនួន៤ និងកំពស់១២ជាន់។
ឈរយ៉ាងត្រដែតត្រដឹមទល់មុខនឹងគម្រោងនេះ ក្រុមហ៊ុនBooyoung Group បាននិងកំពុងជិតបញ្ចប់ការសាងសង់ខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មទំហំជាច្រើនម៉ឺនម៉ែត្រការ៉េ ក្រោមទុនវិនិយោគ៦០លានដុល្លារអាមេរិក។
គំរោងនេះបាននិងកំពុងវិនិយោគ ដោយក្រុមហ៊ុនBooyoung Town Cambodia ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុនBooyoung Group ដែលក្រុមហ៊ុននេះគ្រោងបោះទុន១១០០លានដុល្លារលើគំរោងBooyoung Townទាំងមូល ប៉ុន្តែរហូតមកទល់ពេលនេះការសាងសង់គំរោងនេះបាន និងកំពុងជិតបញ្ចប់ដំណាក់កាលទី១ប៉ុណ្ណោះ។
យោងតាមប្រភពព៌តមានពីក្រុមហ៊ុន BOOYOUNG GROUP បានឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់អាគារភ្លោះចំនួន៤ ដែលមានកំពស់ជាង២៣ជាន់ កំពុងដំណើរការយ៉ាងសកម្ម និងគ្រោងបញ្ចប់តាមផែនការរបស់ខ្លួន។ គំរោងនេះនឹងប្រើប្រាស់ចម្រុះ ដែលរួមនមានលំនៅដ្ឋានបែបសហកម្មសិទ្ឋ ផ្សារទំនើបមជ្ឈមណ្ឌលសិល្បៈ មជ្ឈមណ្ឌលកីឡាផងដែរ។
ប្រភពដដែលបានបន្តឲ្យដឹងថា គំរោងនេះមានខុនដូប្រមាណ១៨០០យូនីត ដែលដាក់លក់ដោយ ផ្តោតលើអតិថិជនគោលដៅបីប្រភេទ គឺអតិថិជនមានជីវភាពមធ្យម អតិថិជនមានជីវភាពមធ្យមកម្រិតខ្ពស់ និងខុនដូប្រណីតដែលផ្តោតលើអ្នកមានជីវភាពធូរធារខ្លាំង។
ចំណែកក្រុមហ៊ុនជប៉ុនARAKAWAរបស់ជប៉ុន ក៏មិនបានមើលរំលងទីតាំងដ៏មានសក្តានុពលនេះផងដែរ ដោយបបច្ចុប្បន្នក្រុមហ៊ុននេះបាន និងកំពុងត្រៀមបញ្ចប់គំរោងខុនដូតម្លៃមធ្យមរបស់ខ្លួនផងដែរ។
ARAKAWA ខុនដូបានសាងសង់អាគារចំនួន១០មានកំពស់១២ជាន់ ជាមួយផ្ទះចំនួន២០០០យូនីត ដែលជាលំនៅដ្ឋានតម្លៃមធ្យម ជាមួយនឹងការផ្តោតទីផ្សារលើប្រជាជនមានប្រាក់ចំណូលមធ្យម និងក្រុមប្រជាជនដែលបានចាកចេញពីអាគារប៊ូឌីញ “ស”ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រុមហ៊ុនលំដាប់់យក្សរបស់ជប៉ុននេះ គ្រោងបោះទុនរហូតដល់៧០លានដុល្លារអាមេរិកសំរាប់គំរោងនេះទាំងមូល៕