ដោយៈលក្ខិណា
ភ្នំពេញៈ ក្រោយពេលរដ្ឋាភិបាល ប្រកាសបង្កើតជាផ្លូវការនូវរដ្ឋបាល ក្រុងបូកគោនៃខេត្តកំពត អ្នកជំនាញនិងភ្នាក់ងារអចលនវត្ថុប្រចាំខេត្តកំពត បានបង្ហាញពីសុទិដ្ឋិនិយមចំពោះតម្រូវការដីធ្លីនៅក្នុងក្រុងថ្មីនេះ ហើយនឹងធ្វើឱ្យក្រុងថ្មីនេះ ក្លាយជាតំបន់ផ្សាភ្ជាប់ពាណិជ្ជកម្ម វិនិយោគទេសចរណ៍ជាមួយនឹងតំបន់សក្ដានុពលជាច្រើនទៀត នៅតំបន់ឆ្នេរនៃកម្ពុជា។
លោកគឹម សង្គ្រាមប្រធានក្រុមហ៊ុនហ៊ីប៉ូរៀលធី ក្នុងខេត្តកំពតបានឱ្យដឹងនាព្រឹកថ្ងៃទី៣១មិនានេះថា តម្រូវការដីធ្លីនៅក្នុងខេត្តកំពត ជាពិសេសនៅក្នុងរដ្ឋបាលក្រុងថ្មីកក្រុងបូកគោនឹងកើនឡើង ពីព្រោះពេលបង្កើតក្រុងថ្មីក៏ត្រូវបង្កើតរដ្ឋបាលថ្មី ដូចជាសាលាក្រុង និងហេដ្ឋារចនាសម្ព័ន្ធថ្មី ដូច្នេះតម្រូវការដីសម្រាប់សាងសង់នឹងមាន ។ នៅពេលរដ្ឋបាលបង្កើតថ្មីៗនេះ វិនិយោគិនក៏នឹងសម្លឹងទៅលើសក្ដានុពល នៃការវិនិយោគនៅក្នុងតំបន់នោះដែរ។
លោកបន្តថា “យើងសាកស្រម៉ៃមើលរដ្ឋបាលក្រុងបូកគោ នឹងតភ្ជាប់ខាងពាណិជ្ជកម្មទៅកាន់តំបន់សក្ដានុពលជាច្រើន ទៀតដូចជាក្រុងកំពត នៃខេត្តកំពត តភ្ជាប់ពាណិជ្ជកម្ម ការវិនិយោគនិងទេសចរណ៍ពីខេត្តព្រះសីហនុ មកកាន់ក្រុងបូកគោ ហើយនឹងជំរុញឱ្យក្រុងបូកគោ ក្លាយជាទីចាប់អារម្មណ៍ថ្មីសម្រាប់វិនិយោគិន និងទេសចរ”។
លោកបន្តថា កាលពីមុនអ្នកស្វែងរកដីធ្លីនៅតំបន់ក្រុងថ្មី មានច្រើនតែមិនទាន់អភិវឌ្ឍអ្វីនៅឡើយ តែពេលបង្កើតក្រុងថ្មីនេះហើយ លោកជឿជាក់ថា អ្នកដែលទិញដីធ្លីកាលពីមុននោះ នឹងអភិវឌ្ឍទៅតាមតម្រូវការនិងផែនការរបស់ខ្លួន។ ម្យ៉ាងទៀតដោយសក្ដានុពលខេត្តកំពត ជាតំបន់ឆ្នេរនិងទេសចរណ៍ ការបង្កើតក្រុងថ្មីនេះ នឹងអាចទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេសសម្លឹងមកកាន់ខេត្តកំពតកាន់តែច្រើនឡើង។
បើតាមអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបាននិយាយថា កំពតគឺជាតំបន់មួយដែលមិនឆ្ងាយពីភ្នំពេញ ហើយវាជាតំបន់ ដែលមានការទាក់ទាញខ្លាំងខាងទេសចរណ៍ ដោយមានសមុទ្រ ភ្នំ និងទឹកជ្រោះ។ ការអភិវឌ្ឍនៅកំពត នឹងកាន់តែមានសក្ដានុពលបន្ថែមទៀតនៅពេលចប់កូវីដ១៩ ហើយអ្វីដែលអ្នកវិនិយោគ សម្លឹងសម្រាប់ការអភិវឌ្ឍនោះគឺផ្ដោតលើទេសចរណ៍ ដែលមានដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងលំនៅឋានលំហែកាយ៕