ដោយ ៖ សុខុម
ខេត្តគៀនយ៉ាង: ខេត្តជាប់ព្រំដែនភាគខាងត្បូងគៀនយ៉ាង (Kien Giang) របស់វៀតណាម បានសម្របសម្រួលការអនុវត្តអនុស្សារណៈនៃការយោគយល់ (MoU) មួយស្តីពីការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន Vietnamplus ចុះផ្សាយកាលពីថ្ងៃទី១៥ កុម្ភៈ។
យោងតាមលោក Nguyen Duc Chin អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង បានឱ្យដឹងថា ក្រុងហាទៀន (Ha Tien) និងស្រុកយ៉ាង ថាញ់ (Giang Thanh) ត្រូវបានស្នើឱ្យជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែន ដោយផ្ដល់អាទិភាពលើការតភ្ជាប់ជាមួយសហគមន៍នានាក្នុងប្រទេសកម្ពុជា។
ខេត្តគៀនយ៉ាង ក៏បានគាំទ្រដល់ការជំរុញលើកកម្ពស់ពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគលើគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនផងដែរ។
អាជ្ញាធរមូលដ្ឋានដែលមានសមត្ថកិច្ចបានចាត់រាល់វិធានការចាំបាច់ ដើម្បីជួយសម្រួលនីតិវិធីរដ្ឋ
បាល ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ពាណិជ្ជករ និងអ្នកស្រុករស់នៅតាមព្រំដែននៅក្នុងការទូទាត់ពន្ធគយ។
ខេត្តគៀនយ៉ាង បានអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសហគមន៍នានាក្នុងប្រទេសកម្ពុជា និងបានសហការជាមួយភាគីកម្ពុជា យ៉ាងល្អនៅក្នុងកិច្ចការពារជាតិក៏ដូចជាកិច្ចការបរទេសពាក់ព័ន្ធកិច្ចការព្រំដែនផងដែរ៕







