ដោយ ៖ សុខុម
ភ្នំពេញ៖ យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters ទៅលើក្រុមអ្នកវិភាគបង្ហាញថា តម្លៃផ្ទះសម្បែងនៅសហរដ្ឋអាមេរិក នឹងបន្តហក់ឡើង នៅរយៈពេល២ ឆ្នាំក្រោយ។
អ្នកវិភាគជាច្រើនបានលើកឡើងថា ការផ្ទុះរលកថ្មីណាមួយនៃវីរុសកូវីដ-១៩ មិនទំនងជាធ្វើឱ្យប៉ះពាល់ខ្លាំងដល់សកម្មភាពទីផ្សារផ្ទះសម្បែងបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។
កាលពីឆ្នាំមុន សេដ្ឋកិច្ចធំៗភាគច្រើនទូទាំងពិភលោកបានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ប៉ុន្តែអត្រាការប្រាក់ទាបមិនធ្លាប់មាន និងការផ្ទុះឡើងនូវតម្រូវការផ្ទះសម្បែងបានរុញច្រានឱ្យតម្លៃផ្ទះនៅសហរដ្ឋអាមេរិក ហក់ឡើងខ្ពស់ក្នុងកម្រិតមិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។
ថ្វីបើកាលពីឆ្នាំមុន សេដ្ឋកិច្ចសហរដ្ឋអាមេរិក គិតជាមធ្យមភាគធ្លាក់ចុះក្នុងកម្រិតលឿនបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២ យ៉ាងណាក្ដី ក៏វាជះផលប៉ះពាល់តិចតួចប៉ុណ្ណោះ មកលើសកម្មភាពទីផ្សារផ្ទះសម្បែង ហើយគេរំពឹងថា ភាពធន់ទ្រាំនៃវិស័យនេះ នឹងបន្តទទួលបានលទ្ធផលល្អប្រសើរនៅក្នុងឆ្នាំ២០២១ នេះទៀត។
ការស្ទង់មតិដែលបានធ្វើឡើងពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ទៅលើអ្នកវិភាគជិត៤០រូប នៅក្នុងវិស័យផ្ទះសម្បែងព្យាករថា សន្ទស្សន៍តម្លៃផ្ទះ Case-Shiller Index របស់សហរដ្ឋអាមេរិក នឹងហក់ឡើង៥,៧% នៅឆ្នាំនេះ និង៤,៦% នៅឆ្នាំ២០២២ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីការស្ទង់មតិ បានចាប់ផ្ដើមសម្រាប់រយៈពេលទាំងពីរនេះ។
លោក Sal Guatieri សេដ្ឋវិទូជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុនហិរញ្ញវត្ថុ BMO Capital Markets បានលើកឡើងថា “ទីផ្សារផ្ទះសម្បែងនៅសហរដ្ឋអាមេរិក នឹងបន្តទទួលបានកំណើននៅឆ្នាំនេះ ដែលប្រហែលជាយឺតជាងកម្រិតថ្មីៗនេះបន្តិចបន្តួច ខណៈតម្រូវការមួយចំនួនហាក់ថមថយទៅវិញ ប៉ុន្តែជារួមវាគួរតែជាឆ្នាំដែលល្អគួរសម”។
អ្នកវិភាគ១៩រូប ក្នុងចំណោមអ្នកវិភាគទាំង៣៩រូប ដែលបានឆ្លើយសំណួរនៅក្នុងការស្ទង់មតិលើកឡើងថា សកម្មភាពទីផ្សារផ្ទះសម្បែងនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំនេះទំនងជាបង្កើនល្បឿន ខណៈ១៥រូបទៀត មើលឃើញថា វានឹងបង្អង់ល្បឿនយឺតជាងកម្រិតបច្ចុប្បន្ន៕