ដោយៈសុខុម
គូឡាឡាំពួ: ប្រទេសអ៊ីតាលីបានចាប់យកប្រទេសម៉ាឡេស៊ី ធ្វើជាដៃគូពាណិជ្ជកម្ម និងវិនិយោគ ព្រោះខ្លួនមើលឃើញម៉ាឡេស៊ី ជាច្រកចូលមកក្ដោបក្ដាប់ឱកាសពាណិជ្ជកម្មក្នុងតំបន់អាស៊ាន តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (Regional Comprehensive Economic Partnership (RCEP))។ នេះបើយោងតាមសារព័ត៌មាន New Straits Times ចុះផ្សាយកាលពីថ្ងៃទី២៧ មករា។
ការវិនិយោគរបស់អ៊ីតាលី ក្នុងប្រទេសម៉ាឡេស៊ី បានធ្វើឡើងក្នុងវិស័យជាច្រើនរួមមានវិស័យប្រេង និងគីមីឥន្ធនៈ (petrochemical) អាកាសចរណ៍ សេដ្ឋកិច្ចបៃតង (green economy) និងសេដ្ឋកិច្ចវិលជុំ (circular economy)។
លោក Cristiano Maggipinto ឯកអគ្គរដ្ឋអ៊ីតាលីប្រចាំម៉ាឡេស៊ី បានលើកឡើងថា កិច្ចសហប្រតិបត្តិការល្អប្រសើរជាងមុន រវាងប្រទេសទាំងពីរ នឹងជួយបើកចំហវិស័យឯកជនរបស់ម៉ាឡេស៊ី បន្ថែមទៀតដើម្បីស្រូបយកទំនាញ បច្ចេកវិទ្យាជឿនលឿនរបស់អ៊ីតាលី និងដើម្បីជួយពន្លឿនសន្ទុះសេដ្ឋកិច្ចឌីជីថលរបស់ម៉ាឡេស៊ី។
លោកសង្កត់ធ្ងន់ថា “ប្រទេសអ៊ីតាលី បានបន្តអនុវត្តតាមយុទ្ធសាស្រ្តមួយជាមួយនឹងគោលបំណងពង្រឹងទំនាក់ទំនងជាមួយតំបន់អាស៊ាន”។លោកបានបន្តថា “ទោះបីជាមានការឆ្លងរាតត្បាតវីរុសកូវីស-១៩ យ៉ាងណាក្ដី ក៏ពាណិជ្ជកម្មទ្វេភាគីរវាងអ៊ីតាលី និងម៉ាឡេស៊ី ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២០ នៅតែរក្សាបានកម្រិតស្រដៀងនឹងឆ្នាំ២០១៩ គួរឱ្យស្ញើចសរសើរ”។
បណ្ឌិត Munir Majid ប្រធានកម្មវិធីស្រាវជ្រាវ “គំនិតផ្ដួចផ្ដើមស្រាវជ្រាវអំពីចិន-អាហ្វ្រិក” (China Africa Research Initiative (CARI)) បានលើកឡើង តាមរយៈសេចក្ដីថ្លែងការណ៍ចំហថា “ទោះបីសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ យ៉ាងណាក្ដី ក៏អាស៊ាននៅតែជាតំបន់ដ៏ស្វាហាប់។ ជាមួយផលិតផលក្នុងស្រុកសរុប (GDP) រួមបញ្ចូលគ្នាចំនួន៣,២ ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ តំបន់អាស៊ានបានក្លាយជាសេដ្ឋកិច្ចធំបំផុតទី៥ក្នុងពិភពលោក”។
លោកបន្ថែមទៀតថា ក្នុងនាមជាអ្នកដើរតួនាទីដ៏សំខាន់ នៃកិច្ចព្រមព្រៀង RCEP អាស៊ានផ្ដល់វេទិកាថ្នាក់តំបន់ ដល់ក្រុមហ៊ុនសហគ្រាសបរទេស ដើម្បីទាញយកប្រយោជន៍ពី RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីធំបំផុតរបស់ពិភពលោក។ ដោយមាន១៥ ប្រទេសជាម្ចាស់ហត្ថលេខី កិច្ចព្រមព្រៀង RCEP តំណាងឱ្យទីផ្សារមួយដែលមានប្រជាជនសរុប ២,២ ពាន់លាននាក់ និង GDP រួមបញ្ចូលគ្នារហូតដល់ទៅ ២៦,២ ទ្រីលានដុល្លារ។
លោកDatuk Azman Mahmud ប្រធានប្រតិបត្តិនៃអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (Malaysian Investment Development Authority (Mida)) បានថ្លែងថា រដ្ឋាភិបាលកំពុងបង្កើតគំនិតផ្តួចផ្តើមធំៗ ដើម្បីជំរុញការវិនិយោគចូល ក្នុងប្រទេសម៉ាឡេស៊ី ដូចជាការបន្ធូរបន្ថយចំពោះប្រតិបត្តិអាជីវកម្ម តាមរយៈការធ្វើឌីជីថលនីយកម្មសេវានានា គ្រឿងលើកទឹកចិត្តផ្នែកពន្ធ សម្រាប់ក្រុមហ៊ុនវិនិយោគផ្នែក ឱសថ និងសេវាកម្ម ព្រមទាំងការអនុវត្តការផ្ដល់សេវាកម្មជាកញ្ចប់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពាណិជ្ជករចូលមកក្នុងប្រទេសនេះ។
លោកបានបន្តថា ប្រទេសម៉ាឡេស៊ី នៅតែបន្តក្លាយជាគោលដៅវិនិយោគដ៏ប្រកួតប្រជែង ថ្វីបើពិភពលោកកំពុងប្រឈមស្ថានភាព មិនប្រាកដប្រជាយ៉ាងណាក្ដី ដោយការវិនិយោគ ដែលត្រូវបានអនុម័តនៅក្នុងសេដ្ឋកិច្ចម៉ាឡាស៊ីទាំងមូល ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២០ មានទំហំរហូតដល់ទៅ២៦,៤ ពាន់លានដុល្លារអាមេរិក៕