ដោយៈ និស្ស័យ
សៀមរាបៈ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីបំពាក់មេដាយជូនកីឡាករ កីឡាការិនី ដែលបានបញ្ចប់ដោយជោគជ័យនូវដំណើរថ្មើរជើងចម្ងាយ ១៤គីឡូម៉ែត្រ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន–នរោត្តម “ភ្នំគូលែន” ខេត្តសៀមរាប ក្នុងកម្មវិធី “ដំណើរទៅដើមកំណើតរាជធានីអង្គរ”។
កម្មវិធីដ៏មានអត្ថន័យនេះរៀបចំឡើង ក្នុងគោលបំណងផ្សារភ្ជាប់វិស័យកីឡាជាមួយវិស័យទេសចរណ៍ តាមរយៈការស្វែងយល់ពីសម្រស់ធម្មជាតិ បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ និងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ព្រមទាំងលើកកម្ពស់ស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែក ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ៨០០នាក់។
ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ កម្មវិធីនេះត្រូវបានសហការរៀបចំដោយកងរាជអាវុធហត្ថ ខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និង Temple Group ព្រមទាំងមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនដៃគូសហការឧបត្ថម្ភ។
កម្មវិធីក៏ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរមហាព្រឹត្តិការណ៍សមរាត្រីអង្គរ ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៦។ ចំពោះថវិកាដែលទទួលបាន ពីការចូលរួមក្នុងកម្មវិធីនេះ នឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីរួមចំណែកគាំទ្រដល់ការពិនិត្យ និងព្យាបាលកុមារកម្ពុជា។
ដំណើរផ្លូវថ្មើរជើងបែបផ្សងព្រេង នៅតំបន់ភ្នំគូលែននេះ គឺជាខ្សែរផ្លូវទេសចរណ៍ ដែលមានភាពទាក់ទាញ និងផ្តល់បទពិសោធថ្មីៗដល់ភ្ញៀវទេសចរ ដែលចូលចិត្តទេសចរណ៍បែបផ្សងព្រេង ស្រឡាញ់ធម្មជាតិ និង បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ៕










